(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ បានសម្រេចបិទគ្លីនិកមួយឈ្មោះ ឃឹម រ៉ានី ដែលមានទីតាំងនៅផ្ទះលេខខ១៤ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីមានហេតុការណ៍ចាក់ថ្នាំ បណ្តាលឱ្យយុវជនម្នាក់ស្លាប់ កាលពីម្សិលមិញ និងមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល បានពន្យល់ថា ការបិទគ្លីនិកឈ្មោះ ឃឹម រ៉ានី នេះដោយសារតែមន្ទីរសម្រាកព្យាបាល ឃឹម រ៉ានី បង្កឱ្យមានបញ្ហាជាច្រើនលើកច្រើនសារ ដោយមិនគោរពទៅតាមកិច្ចសន្យារបស់ខ្លួនពេល ដាក់ពាក្យស្នើសុំបើកមន្ទីរសម្រាកព្យាបាល និងមិនគោរពតាមការណែនាំរបស់ក្រសួង។

កន្លងទៅក្រសួងសុខាភិបាល ក៏ធ្លាប់បានណែនាំរឹតបន្តឹងការត្រួតស្តង់ដារ គ្លីនិក មន្ទីរពេទ្យ និងឱសថស្ថាននានា ក្រោមការគ្រប់គ្រងរបស់ខ្លួន ឱ្យមានការប្រុងប្រយ័៏ត្ន និងត្រូវមានគុណភាពផងដែរ។ ក្រសួងនេះក៏ធ្លាប់បានធ្វើយុទ្ធនាការបិទគ្លីនិកគ្មានច្បាប់ជាច្រើននៅទូទាំងប្រទេស។ យុទ្ធនាការនោះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានហេតុការណ៍ ឆ្លងមេរោគអេដស៍ ដល់មនុស្សរាប់រយកនាក់ នៅឃុំរកា ខេត្តបាត់ដំបង ដែលបណ្តាលមកគ្រូពេទ្យប្រចាំភូមិម្នាក់បានប្រើប្រាស់ម្ចុលចាក់ថ្នាំរួម។ ក្រោយមកគ្រូពេទ្យនោះ ក៏ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារផងដែរ។

សូមជំរាបថា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ ម្សិលមិញនេះ មានបុរសវ័យជិត៣០ឆ្នាំម្នាក់ បានបែកពពុះមាត់ប្រកាច់រហូតដល់ស្លាប់ បន្ទាប់ពីរូបគេមានអាការៈមិនស្រួលខ្លួនចេះតែឈឺខ្នង ហើយត្រូវមិត្តភក្ដិបាននាំទៅចាក់ថ្នាំ ចំនួន២ម្ជុល នៅក្នុងឃ្លីនិក ឃឹម រ៉ានី។ ជនរងគ្រោះមាន ឈ្មោះឡាំ តៅគង់ ភេទប្រុស អាយុ២៨ឆ្នាំមានទីលំនៅផ្ទះលេខ៥២សេ ផ្លូវលេខ២០៩ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ (ក្នុងបុរីវិមានភ្នំពេញ) មានមុខរបរជាបុគ្គលិកក្រុមហ៊ុនប្រេងឥន្ទនៈសាវីមិុច មានប្រពន្ធឈ្មោះ សុខ រដ្ឋមនី អាយុ២៨ឆ្នាំ ។

សាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះ និងមិត្តភក្ដិគេម្នាក់ទៀត ឈ្មោះ រ៉ា បានបបួលគ្នា ទៅហូបគុយទាវនៅម្ដុំទួលគោក។ ក្រោយហូបគុយទាវហើយជនរងគ្រោះបានត្អូញថាចេះតែឈឺខ្នងស្ទើទ្រាំមិនចង់បាន ហើយមិត្តភក្ដិក៏ជូនទៅពេទ្យ។ ពេលជិះឃើញឃ្លីនិក ឃឹម រ៉ានី ក៏នាំជនរងគ្រោះចូលពិនិត្យ ក្រោយពេទ្យពិនិត្យ ហើយក៏យកថ្នាំចាក់ឱ្យជនរងគ្រោះ២ម្ជុលបានតែបន្តិចស្រាប់តែឃើញ ជនរងគ្រោះប្រកាច់បែកពពុះមាត់ ពេលនោះស្រាប់តែពេទ្យឱ្យមិត្តភក្ដិអ្នកជូនទៅផ្ដិតមេដៃ នៅលើក្រដាសរួចហើយឱ្យប្រញាប់ដឹកទៅមន្ទីរពេទ្យកាល់ម៉ែត តែពេលទៅដល់ស្រាប់តែគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែតថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ៕

ប្រភព៖ Freshnews

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៦ មានបុរសវ័យជិត៣០ឆ្នាំម្នាក់បានបែកពពុះមាត់ប្រកាច់រហូតដល់ស្លាប់ បន្ទាប់ពីរូបគេមានអាការៈមិនស្រួលខ្លួនចេះតែឈឺខ្នងហើយមិត្តភក្ដិបាននាំទៅពិនិត្យ និងព្យាបាលនៅក្នុងគ្លីនិក ឃឹម រ៉ានីត្រូវបានគ្រូពេទ្យចាក់ថ្នាំអោយ២ម្ជុល ក៏បែកពពុះមាត់ប្រកាច់ ស្រាប់តែគ្រូពេទ្យបានអោយបញ្ជូនទៅមន្ទីរ ពេទ្យកាល់ម៉ែត អោយលឿនតែ ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ករណីនេះបានកើតឡើងនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦នេះនៅក្នុងគ្លីនិក ឃឹម រ៉ានី ដែលមានទីតាំងនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ សពជនរងគ្រោះមានឈ្មោះឡាំ តៅគង់ ភេទប្រុស អាយុ២៨ឆ្នាំមានទីលំនៅផ្ទះលេខ៥២សេ ផ្លូវលេខ២០៩ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ (ក្នុងបុរីវិមានភ្នំពេញ) មានមុខរបរជាបុគ្គលិកក្រុមហ៊ុនប្រេងឥន្ទនៈសាវីម៉ិច មានប្រពន្ធឈ្មោះ សុខ រដ្ឋមនី អាយុ២៨ឆ្នាំ ដូចគ្នា។

តាមការរៀបរាប់ពីសាច់ញាតិជនរងគ្រោះបានអោយដឹងថា នៅព្រឹកមុនកើតហេតុជនរងគ្រោះ និងមិត្តភក្ដិគេម្នាក់ទៀតឈ្មោះ រ៉ា បានបបួលគ្នា ទៅហូបគុយទាវនៅម្ដុំទួលគោក។ក្រោយហូបគុយទាវហើយជនរងគ្រោះ បានត្អូញថាចេះតែឈឺខ្នងស្ទើទ្រាំមិនចង់បាន ហើយមិត្តភក្ដិក៏ជូនទៅពេទ្យ។ ពេលជិះឃើញគ្លីនិក ឃឹម រ៉ានី ក៏នាំជនរងគ្រោះចូលពិនិត្យ ក្រោយពេទ្យពិនិត្យ ហើយក៏យកថ្នាំចាក់អោយជនរងគ្រោះ២ម្ជុលបានតែបន្តិចស្រាប់តែឃើញ ជនរងគ្រោះប្រកាច់បែកពពុះមាត់ ពេលនោះស្រាប់តែពេទ្យ អោយមិត្តភក្ដិអ្នកជូនទៅផ្ដិតមេដៃ នៅលើក្រដាសរួចហើយអោយប្រញាប់ដឹកទៅមន្ទីរពេទ្យកាល់ម៉ែត តែពេលទៅដល់ ស្រាប់តែគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែតថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ពាក់ព័ន្ធករណីនេះ គេនៅមិនទាន់ដឹងថាជនរងគ្រោះស្លាប់ ដោយសារមូលហេតុអ្វីពិតប្រាកដនៅឡើយទេ គ្រាន់តែដឹងថាក្រោយគ្រូពេទ្យនៅគ្លីនិក ឃឹម រ៉ានី ចាក់ថ្នាំហើយក៏ប្រកាច់បែកពពុះមាត់ស្លាប់តែម្ដងទៅ។

ករណីនេះ Fresh News នៅមិនទាន់អាចទាក់ទងខាងគ្លីនិក ឃឹម រ៉ានី សាកសួរព័ត៌មានពីករណីគ្រូពេទ្យរបស់ខ្លួនចាក់ថ្នាំអោយអ្នកជំងឺ ចុងក្រោយអ្នក ជំងឺស្លាប់នៅឡើយនោះទេ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]