(ភ្នំពេញ)៖ បុរសវ័យជិត៣០ឆ្នាំម្នាក់បានបែកពពុះមាត់ប្រកាច់រហូតដល់ស្លាប់ បន្ទាប់ពីរូបគេមានអាការៈមិនស្រួលខ្លួនចេះតែឈឺខ្នងហើយមិត្តភក្ដិបាននាំទៅពិនិត្យ និងព្យាបាលនៅក្នុងគ្លីនិក ឃឹម រ៉ានីត្រូវបានគ្រូពេទ្យចាក់ថ្នាំអោយ២ម្ជុល ក៏បែកពពុះមាត់ប្រកាច់ ស្រាប់តែគ្រូពេទ្យបានអោយបញ្ជូនទៅមន្ទីរ ពេទ្យកាល់ម៉ែត អោយលឿនតែ ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ករណីនេះបានកើតឡើងនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦នេះនៅក្នុងគ្លីនិក ឃឹម រ៉ានី ដែលមានទីតាំងនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ សពជនរងគ្រោះមានឈ្មោះឡាំ តៅគង់ ភេទប្រុស អាយុ២៨ឆ្នាំមានទីលំនៅផ្ទះលេខ៥២សេ ផ្លូវលេខ២០៩ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ (ក្នុងបុរីវិមានភ្នំពេញ) មានមុខរបរជាបុគ្គលិកក្រុមហ៊ុនប្រេងឥន្ទនៈសាវីមិុច មានប្រពន្ធឈ្មោះ សុខ រដ្ឋមនី អាយុ២៨ឆ្នាំ ដូចគ្នា។

តាមការរៀបរាប់ពីសាច់ញាតិជនរងគ្រោះបានអោយដឹងថា នៅព្រឹកមុនកើតហេតុជនរងគ្រោះ និងមិត្តភក្ដិគេម្នាក់ទៀតឈ្មោះ រ៉ា បានបបួលគ្នា ទៅហូបគុយទាវនៅម្ដុំទួលគោក។ក្រោយហូបគុយទាវហើយជនរងគ្រោះ បានត្អូញថាចេះតែឈឺខ្នងស្ទើទ្រាំមិនចង់បាន ហើយមិត្តភក្ដិក៏ជូនទៅពេទ្យ។ ពេលជិះឃើញគ្លីនិក ឃឹម រ៉ានី ក៏នាំជនរងគ្រោះចូលពិនិត្យ ក្រោយពេទ្យពិនិត្យ ហើយក៏យកថ្នាំចាក់អោយជនរងគ្រោះ២ម្ជុលបានតែបន្តិចស្រាប់តែឃើញ ជនរងគ្រោះប្រកាច់បែកពពុះមាត់ ពេលនោះស្រាប់តែពេទ្យ អោយមិត្តភក្ដិអ្នកជូនទៅផ្ដិតមេដៃ នៅលើក្រដាសរួចហើយអោយប្រញាប់ដឹកទៅមន្ទីរពេទ្យកាល់ម៉ែត តែពេលទៅដល់ ស្រាប់តែគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែតថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ពាក់ព័ន្ធករណីនេះ គេនៅមិនទាន់ដឹងថាជនរងគ្រោះស្លាប់ ដោយសារមូលហេតុអ្វីពិតប្រាកដនៅឡើយទេ គ្រាន់តែដឹងថាក្រោយគ្រូពេទ្យនៅគ្លីនិក ឃឹម រ៉ានី ចាក់ថ្នាំហើយក៏ប្រកាច់បែកពពុះមាត់ស្លាប់តែម្ដងទៅ។

ករណីនេះ Fresh News នៅមិនទាន់អាចទាក់ទងខាងគ្លីនិក ឃឹម រ៉ានី សាកសួរព័ត៌មានពីករណីគ្រូពេទ្យរបស់ខ្លួនចាក់ថ្នាំអោយអ្នកជំងឺ ចុងក្រោយអ្នក ជំងឺស្លាប់នៅឡើយនោះទេ៕ 

ប្រភព៖ Freshnews

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី ៥ សីហា ឆ្នាំ២០១៤ ក៏មានករណីស្រដៀងនេះកើតឡើង ដែលមាននារីម្នាក់ បន្ទាប់ពីគ្រូពេទ្យ ប្រើក្មួយស្រី ដែលគ្មានជំនាញ ឱ្យចាក់ថ្នាំ ព្យាបាលជំងឺ រមាស់ក្បាល បានតែ២០ថ្ងៃ ក៏បណ្តាលឱ្យ កាន់តែធ្ងន់ធ្ងរឡើង រហូតដល់ស្លាប់។ ហេតុការណ៍នេះ កើតឡើង កាលពីថ្ងៃទី៥ សីហា ប៉ុន្តែជនរងគ្រោះ ទើបតែស្លាប់ នៅវេលាម៉ោង ១០ព្រឹក បន្ទាប់ពីក្រុមគ្រួសារ ដឹកទៅព្យាបាលបន្តទៀត នៅមន្ទីរពេទ្យបង្អែក ខេត្ត ។

នារីរងគ្រោះ ដែលស្លាប់ ឈ្មោះ ភេ សុភាព អាយុ២៣ឆ្នាំ រស់នៅភូមិ រលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ចំណែកអ្នកគ្រូពេទ្យ វ័យក្មេង គ្មានសញ្ញាបត្រ ឈ្មោះធារ៉ា អាយុ២៤ឆ្នាំ។

អ្នកគ្រូពេទ្យរូបនេះ ត្រូវបានគ្រូពេទ្យ ឈ្មោះ ហុង ម៉េងថៃ នៅភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ប្រើឱ្យទៅចាក់ថ្នាំ អ្នកជំងឺ ក៏បណ្តាលឱ្យ ស្លាប់នោះ ។

ឪពុកជនរងគ្រោះ ឈ្មោះ ភេ គ្រី អាយុ៥១ឆ្នាំ និងភរិយា ឈ្មោះ មុី អៃ អាយុ៤៨ឆ្នាំ រៀបរាប់ថា កាលពីថ្ងៃទី៥ សីហា កូនស្រីរបស់គាត់ ឈឺក្បាល ហើយបានទៅរក គ្រូពេទ្យឈ្មោះ ហុង ម៉េងថៃ ឱ្យព្យាបាល ប៉ុន្តែគ្រូពេទ្យរូបនោះ បានប្រើក្មួយស្រី របស់គាត់ ឈ្មោះធារ៉ា ដែលគ្មាន ឯកទេស មកចាក់ថ្នាំឱ្យ ។

បន្ទាប់ពីចាក់ថ្នាំ ២ម្ជុលរួច ជំងឺកូនស្រីរបស់គាត់ កាន់តែមានអាការ មិនស្រួល ដូចជាស្ពឹកដៃជើង រយៈពេល៣ថ្ងៃ គាត់ក៏រត់ទៅរក គ្រូពេទ្យនោះ មើលសាជាថ្មី ប៉ុន្តែត្រូវគ្រូពេទ្យ ស្តីបន្ទោសឱ្យថា គេចាក់គ្រប់គ្នា មិនកើតស្អី អីតែម្នាក់ឯង រួចហើយគ្រូពេទ្យនោះ ក៏ហៅឈ្មោះ យ៉ង់ ឱ្យយកថ្នាំមកបន្សាប ។

ក្រុមគ្រួសារជនរងគ្រោះ បន្តថា បន្ទាប់មក ដោយសារតែ កូនគាត់មិនស្រួល ក៏ប្តឹងទៅសមត្ថកិច្ច និងបញ្ជូនកូន ទៅព្យាបាល នៅមន្ទីរពេទ្យ បង្អែកខេត្ត និងនៅឯ រាជធានីភ្នំពេញ ទៀត។ ដោយសារតែ ការព្យាបាល អស់ប្រាក់ហើយនោះ ក្រុមគ្រួសារ ក៏បានដឹកកូនស្រី មកផ្ទះវិញ ហើយកូនរបស់គាត់ បានស្លាប់ នៅព្រឹកថ្ងៃទី២៥ សីហា ។

ឪពុកម្តាយ ជនរងគ្រោះ បញ្ជាក់ទៀតថា ពួកគាត់ បានដាក់ពាក្យប្តឹង ទៅសមត្ថកិច្ច នគរបាលស្រុក ប្រាសាទបាគង ដើម្បីឱ្យ គ្រូពេទ្យឈ្មោះ ហុង ម៉េងថៃ ដែលប្រើក្មួយស្រី គ្មានសញ្ញាបត្រ ឱ្យចេញមុខ ទទួលខុសត្រូវ និងសងជំងឺចិត្ត ដល់ក្រុមគ្រួសារគាត់ ។

ចំណែកគ្រូពេទ្យ ដែលបានឱ្យក្មួយស្រី របស់ខ្លួនចាក់ថ្នាំ អ្នកជំងឺនោះ ឱ្យដឹងថា លោកទទួលស្គាល់ថា លោកពិតជា បានបញ្ជាឱ្យ អ្នកគ្រូពេទ្យ ឈ្មោះធារ៉ា ចាក់ថ្នាំ ឱ្យជនរងគ្រោះមែន ។ ក្មួយស្រីរបស់លោក មិនមានសញ្ញាបត្រនោះទេ តែក៏មិនមែន តែគ្លីនិកលោកទេ គឺគ្លីនិកផ្សេង ក៏ប្រើពេទ្យ អត់មានសញ្ញាបត្រ ដូចគ្នា ។

ទោះជាយ៉ាងណា ក្រុមគ្រួសារ ជនរងគ្រោះ បានអំពាវនាវ ដល់ប្រធានមន្ទីរ សុខាភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ សូមចុះត្រួតពិនិត្យ និងចាត់វិធានការ លើលោកគ្រូពេទ្យ ឈ្មោះ ហុង ម៉េងថៃ ដែលប្រើក្មួយស្រី គ្មានជំនាញចាក់ថ្នាំ ដល់អ្នកជំងឺ បណ្តាលឱ្យស្លាប់ និងជួយដោះស្រាយ ជំងឺចិត្ត ដល់ក្រុមគ្រួសារ ជនរងគ្រោះ ។

ទាក់ទិននឹងករណី ខាងលើនេះដែរ ភ្នាក់ងារ កោះសន្តិភាព មិនអាចសុំការបំភ្លឺ ពីលោកគ្រួស សារ៉ាត់ ប្រធានមន្ទីរ សុខាភិបាលខេត្ត បានទេ នៅរសៀលថ្ងៃទី២៦ សីហា ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]