កែប៖ នៅថ្ងៃទី២០ ឧសភា នេះ ក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសព័ត៌មាន ពីលទ្ធផលស្រាវ ជាវសិក្សាថ្មីៗបន្ថែមទៀតថា ពពួកប្លង់តុងធ្វើឲ្យមានបាតុភូតទឹកសមុទ្រ ខេត្តកែបប្រែពណ៌ មិនមានសារធាតុគីមីពុល ប៉ះពាល់ដល់សុខភាពមនុស្ស និងសត្វឡើយ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងបរិស្ថានបានឲ្យដឹងថា លទ្ធផលសិក្សាថ្មីៗបន្ថែមទៀត លើករណីទឹកសមុទ្រប្រែពណ៌ ទៅជាបៃតងមួយរយៈពេលកន្លងមក នៅឆ្នេរសមុទ្រខេត្តកែប បន្ទាប់ពីក្រសួងបានបញ្ជូនមន្រ្តីជំនាញ ធ្វើសហការជាមួយអ្នកជំនាញ អង្គការភាពជាដៃគូ ក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីប៉ូព៌ា ( PEMSEA) ដោយមានជំនួយផ្នែកបច្ចេកទេសពី Western Pacific (WESTPAC) បានចុះពិនិត្យ និងអង្កេតតាមដានស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ នៅតាមបណ្តាទីតាំងកើតហេតុ ព្រមទាំងយកទឹកសំណាកសមុទ្រ មកធ្វើការវិភាគរកអត្តសញ្ញាណពួកប្លង់តុង និងសារធាតុគីមីពុលផ្សេងៗ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។

លទ្ធផលនៃការសិក្សានេះ បានបង្ហាញដូចលទ្ធផល ដែលមន្រ្តីជំនាញ នៃក្រសួងបរិស្ថានរកឃើញ នាពេលកន្លងទៅផងដែរគឺ ពពួកប្លង់តុងដែលពិនិត្យឃើញ នៅក្នុងទឹកសមុទ្រជាប្រភេទធម្មតា និងពុំមានវត្តមានប្រភេទប្លង់តុង ដែលបង្កឲ្យមានផលប៉ះពាល់ ដល់សុខភាពមនុស្សនិងសត្វឡើយ។ និងមិនមានសារធាតុគីមីពុលនៅក្នុងទឹកសមុទ្រទេ។

យោងទៅលើលទ្ធផល នៃការស្រាវជ្រាវខាងលើនេះ ក្រសួងបរិស្ថានសន្និដ្ឋានបានថា ការលេចឡើងបាតុភូតទឹកសមុទ្រ ប្រែពណ៌នេះ (Red tide ) ជាបាតុភូតធម្មជាតិដែលកើតឡើង ដោយសារការប្រែប្រួលអកាសធាតុ នៃការកើនឡើងកម្តៅ ទូទាំងប្រទេសកម្ពុជា និងនៅក្នុងតំបន់ ដែលជាហេតុធញធ្វើឲ្យកើតឡើង ពពួកប្លង់តុង ( Plankton ) ហើយដែលវាបានវិវត្តបំបែកខ្លួន និងផ្តុំគ្នាទៅជា សារាយពណ៌បៃតងពាសពេញទឹកសមុទ្រ។

ប៉ុន្តែការងាប់វារីសមុទ្រមួយចំនួនតូចកន្លងមក បណ្តាលមកពីទឹកឡើងកម្តៅ ការបាត់បង់ អុកស៊ីសែនក្នុងទឹកបង្កឡើង ដោយមានកើនឡើងនៃពពួកប្លង់តុងទាំងនោះ ដែលជាមូលហេតុធ្វើឲ្យវារីសមុទ្រមួយចំនួនតូច នៅក្នុងទឹករាក់ងាយនឹងងាប់។

អាស្រ័យដូចនេះ ក្រសួងបរិស្ថាន សូមឲ្យសាធារណជនឈប់បារម្ភ ពីបញ្ហាគុណភាពទឹកសមុទ្រ សម្រាប់ការងូតទឹកកម្សាន្ត និងការបរិភោគគ្រឿងសមុទ្រនៅខេត្តកែប ចាប់ពីពេលនេះតទៅ។ ចំណែកបងប្អូនប្រជានេសាទ ក៏អាចបន្តមុខរបរ តាមតំបន់គោលដៅនេសាទ តាមធម្មជាតិវិញផងដែរ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]