ជប៉ុន៖ មនុស្សជាច្រើនប្រាកដ ជាបានដឹងមកហើយថា ប្រទេសជប៉ុនជាប្រទេសមួយដែលមានសមុទ្រព័ទ្ធជុំវិញ ព្រមទាំងងាយទទួលរងគ្រោះធម្មជាតិជាខ្លាំង រួមមានគ្រោះរញ្ជួយដី និងគ្រោះទឹកជំនន់ជាដើម។

យ៉ាងណាមិញ កាលពីថ្ងៃទី១៦ ខែឧសភា កន្លងទៅ វីដេអូខ្លីមួយ ថតជាប់ទឹកមុខសមាជិកក្រុម Shinee ក្នុងពេលថតកម្មវិធីផ្សាយផ្ទាល់មួយ នៅប្រទេសជប៉ុន នៅពេលដែលមានការរញ្ជួយដីកើតឡើង។

វីដេអូនោះត្រូវបានគេបង្ហោះចែកចាយ នៅលើគេហទំព័រយូធូប ដែលឃើញថា សមាជិកទាំងអស់បាននាំគ្នាភ្ញាក់ផ្អើល បន្ទាប់ពីជួបបទពិសោធន៍ផ្ទាល់ជាមួយការរញ្ជួយដី នៅក្នុងបន្ទប់ស្ទូឌីយូ ដែលបានកំពុងអង្គើរ។ ហើយក្នុងចំណោមសមាជិកទាំង៥រូប មានតែលោក Jonghyun ទេដែលមើលទៅ ហាក់បីដូចជាភ្ញាក់ផ្អើលរន្ធត់ខ្លាំងជាងគេ។

ប៉ុន្តែមិនថាយ៉ាងណា វាជាសំណាងល្អ ដែលការរញ្ជួយដីនោះ មិនធ្ងន់ធ្ងរមិនមានការខូចខាតអ្វី ហើយមនុស្សដែលនៅទីនោះមានសុវត្ថិភាពផងដែរ៕

វីដេអូខាងក្រោម៖

ប្រភព៖ Allkpop

ចំណាប់អារម្មណ៍ខ្មែរឡូត

គួរឲ្យដឹងថា មួយរយៈកន្លងទៅនេះ គ្រោះរញ្ជួយដីមួយ បានវាយប្រហារលើ ប្រទេសអេក្វាទ័រ បង្កវិនាសកម្មយ៉ាងធំធេង មានមនុស្សរបួស និងស្លាប់ជាច្រើននាក់ ស្របពេលជនរងគ្រោះមួយចំនួន ត្រូវកប់ក្រោមគំនរបាក់បែក។

យោងតាមប្រភពព័ត៌មាន BBC បានឲ្យដឹងថា យ៉ាងហោចណាស់ មានមនុស្ស២៤៦នាក់ហើយ បានស្លាប់បាត់បង់ជីវិត និងជាង១,៥០០នាក់ផ្សេងទៀត រងរបួស ដោយសារគ្រោះរញ្ជួយដី មានកម្លាំងដ៏ខ្លាំង ពោលគឺមានកម្រិតដល់ទៅ ៧.៨រ៉ិចទ័រឯណោះ។  បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា តំបន់ឆ្នេរសមុទ្រជាច្រើន ដែលស្ថិតនៅភាគឥសាន របស់ប្រទេសនេះ គឺជាទីតាំងដែលទទួលរងគ្រោះខ្លាំងជាងគេ ហើយជាពិសេសទីក្រុង Manta ផ្ទាល់តែម្តង មានអ្នកស្លាប់ច្រើនជាងគេផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា កងកម្លាំងសង្រ្គោះ និងយោធា រាប់ម៉ឺននាក់ ត្រូវបានពង្រាយទៅកាន់តំបន់គ្រោះថ្នាក់ភ្លាមៗផងដែរ ដើម្បីចាប់ផ្តើមប្រតិបត្តិការសង្រ្គោះដល់ជនរងគ្រោះ និងស្វែងរកអ្នកដែលត្រូវបានកប់ នៅក្នុងគំនរបាក់បែកនោះ។

គូសបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដីដែលបាន វាយប្រហារទៅលើប្រទេស អេក្វាទ័រ គឺមានកម្លាំងខ្លាំងជាង គ្រោះរញ្ជួយដីដែលបាន វាយប្រហារទៅលើប្រទេស ជប៉ុន កាលពីថ្ងៃសៅរ៍មុននេះទៅទៀត ទើបធ្វើឲ្យទំហំនៃការខូចខាត និងការបាត់បង់ជីវិតមនុស្សមានភាពធំធេង៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]