អេក្វាទ័រ៖ គ្រោះរញ្ជួយដីមួយ បានវាយប្រហារលើប្រទេសអេក្វាទ័រ កាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុននេះ បង្កវិនាសកម្មយ៉ាងធំធេង មានមនុស្សរបួស និងស្លាប់ជាច្រើននាក់ ស្របពេលជនរងគ្រោះមួយចំនួន ត្រូវកប់ក្រោមគំនរបាក់បែក។

យោងតាមប្រភពព័ត៌មាន BBC បានឲ្យដឹងថា មកទល់ពេលនេះ យ៉ាងហោចណាស់ មានមនុស្ស២៤៦នាក់ហើយ បានស្លាប់បាត់បង់ជីវិត និងជាង១,៥០០នាក់ផ្សេងទៀត រងរបួស ដោយសារគ្រោះរញ្ជួយដី មានកម្លាំងដ៏ខ្លាំង ពោលគឺមានកម្រិតដល់ទៅ ៧.៨រ៉ិចទ័រឯណោះ។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា តំបន់ឆ្នេរសមុទ្រជាច្រើន ដែលស្ថិតនៅភាគឥសាន របស់ប្រទេសនេះ គឺជាទីតាំងដែលទទួលរងគ្រោះខ្លាំងជាងគេ ហើយជាពិសេសទីក្រុង Manta ផ្ទាល់តែម្តង មានអ្នកស្លាប់ច្រើនជាងគេផងដែរ។

យ៉ាងណាមិញ កងកម្លាំងសង្រ្គោះ និងយោធា រាប់ម៉ឺននាក់ ត្រូវបានពង្រាយទៅកាន់តំបន់គ្រោះថ្នាក់ភ្លាមៗផងដែរ ដើម្បីចាប់ផ្តើមប្រតិបត្តិការសង្រ្គោះដល់ជនរងគ្រោះ និងស្វែងរកអ្នកដែលត្រូវបានកប់ នៅក្នុងគំនរបាក់បែក តែអត្រាអ្នកស្លាប់ នឹងអាចកើនឡើងបន្តទៀត ជាក់ជាមិនខាន។

ទីតាំងដែលទទួលរង ការវាយប្រហារពីគ្រោះរញ្ជួយដី ដែលមានកម្លាំងខ្លាំង

លោក Rafael Correa ប្រធានាធិបតីនៃប្រទេស អេក្វាទ័រ បានធ្វើការលុបចោល ដំណើរទស្សនកិច្ចទៅកាន់ ប្រទេសអ៊ីតាលី ដើម្បីធ្វើការដោះស្រាយផលប៉ះពាល់នៃ គ្រោះធម្មជាតិផងដែរ។ លោកបានប្រកាសដាក់ប្រទេស ក្នុងភាពមានអាសន្ន និងជម្រុញការស្វែងរកអ្នកដែលនៅរស់រានមានជីវិត ចាត់ទុកជារឿងសំខាន់ និងដំបូងបំផុត។ជាមួយគ្នានេះដែរ លោកប្រធានាធិបតីរូបនេះ បានបញ្ជាក់ថា “គ្រប់យ៉ាងអាចកសាងជាថ្មីបាន តែសម្រាប់ជីវិតមនុស្ស មិនអាចមកវិញឡើយ ហើយនេះគឺជាអ្វីដែល ធ្វើឲ្យមានភាពឈឺចាប់បំផុត”

ទោះយ៉ាងណា អាហារ និងថ្នាំពេទ្យ ព្រមទាំងរបស់សំខាន់ៗដទៃទៀត ត្រូវបានដឹកយកទៅ កាន់ទីតាំងកើតហេតុទាំងអស់ ដើម្បីធ្វើការជួយសង្រ្គោះ ស្របពេលដែល ជំនួយពីអន្តរជាតិ ក៏ចាប់ផ្តើមទៅដល់ផងដែរ។ ក្នុងនោះជំនួយពីប្រទេស វេណេស៊ុយអេឡា និងប្រទេសម៉ិចស៊ីកូ បានទៅដល់មុនគេ។

គូសបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដីដែលបាន វាយប្រហារទៅលើប្រទេស អេក្វាទ័រ គឺមានកម្លាំងខ្លាំងជាង គ្រោះរញ្ជួយដីដែលបាន វាយប្រហារទៅលើប្រទេស ជប៉ុន កាលពីថ្ងៃសៅរ៍មុននេះទៅទៀត ទើបធ្វើឲ្យទំហំនៃការខូចខាត និងការបាត់បង់ជីវិតមនុស្សមានភាពធំធេង៕

ទិដ្ឋភាពដ៏គួរឲ្យតក់ស្លុត ដែលបន្សុល់ពីគ្រោះរញ្ជួយដី
ទិដ្ឋភាពដ៏គួរឲ្យតក់ស្លុត ដែលបន្សុល់ពីគ្រោះរញ្ជួយដី
ទិដ្ឋភាពដ៏គួរឲ្យតក់ស្លុត ដែលបន្សុល់ពីគ្រោះរញ្ជួយដី
ទិដ្ឋភាពដ៏គួរឲ្យតក់ស្លុត ដែលបន្សុល់ពីគ្រោះរញ្ជួយដី

ប្រភព៖BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]