ឧទាហរណ៍ថាអ្នករកឃើញ ប្រអប់នំស្រួយមួយ នៅក្នុងទូដាក់អាហាររបស់អ្នក ប៉ុន្តែវាហួសកាលបរិច្ឆេទកំណត់ទៅហើយ។ តើអ្នកនឹងបរិភោគវាឬទេ? នៅក្នុងករណីមួយចំនួន កាលបរិច្ឆេទផុតកំណត់ ជាសូចនាករដ៏សំខាន់​លើសុវត្ថិភាពម្ហូបអាហារ។ ថ្ងៃផុតកំណត់ មិនមែនតែងតែតំណាង ភាពត្រឹមត្រូវនៃគុណភាពជីវិតរបស់អាហាររហូតទេ។ ខាងក្រោមនេះជាអាហារមួយចំនួន ដែលអាចបរិភោគបាន ទោះជាផុតសុពលភាព ឬថ្ងៃកំណត់ក៏ដោយ៖

# ១. អាហារកំប៉ុង

កាលបរិច្ឆេទផុតកំណត់ នៃម្ហូបកំប៉ុងភាគច្រើន​ មានសុពលភាពរយៈពេលបីឆ្នាំ ចាប់់ពីពេលដែលវាត្រូវបានគេផលិត ប៉ុន្តែអ្នកអាចប្រើប្រាស់រហូតដល់ទៅបួនឆ្នាំទៀត ពីលើថ្ងៃផុតកំណត់ ដែលសរុបមកស្មើនឹង ប្រាំពីរឆ្នាំ។ ត្រូវប្រាកដថាអ្នករក្សាម្ហូបកំប៉ុងនៅកន្លែងត្រជាក់ ហើយស្ងួត និងងងឹត។ តែប្រសិនបើវាមានស្នាមកំប៉ិត ច្រេះ ឬលេចធ្លាយ នោះគឺជាពេលវេលាដែលត្រូវ បោះចោលហើយ។

# ២. ឈីស (Cheese)

ឈីស មានសុវត្ថិភាពសម្រាប់បរិភោគ និងមិនផ្តល់ផលអាក្រក់ទេ ទោះជាបរិភោគហួសកាលបរិច្ឆេទក៏ដោយ។ ប្រសិនបើវាដុះផ្សិតនៅផ្នែកខាងក្រៅ អ្នកគ្រាន់តែកាត់វាចេញ និងប្រើប្រាស់ផ្ទៃខាងក្នុងជាការស្រេច។ ដូច្នេះហើយកុំបោះចោលឈីសទៀតអោយសោះ។

# ៣. គ្រាប់ធញ្ញជាតិ (Cereal)

ទោះជាគ្រាប់ធញ្ញជាតិ អាចចាប់ផ្តើមមានក្លិន ឬបាត់បង់ភាពស្រស់បស់ តែធញ្ញជាតិនៅអាចមានគុណភាពជីវិត លើសពីកាលបរិច្ឆេទផុតកំណត់ដែលបានបោះពុម្ព។ ដូចជាអាហារជាច្រើនផ្សេងទៀតដែរ ប្រសិនបើវាត្រូវបានរក្សាទុកត្រឹមត្រូវ - នៅក្នុងកន្លែងត្រជាក់ ស្ងួត នោះគ្រាប់ធញ្ញជាតិ អាចមានរយៈពេល ៦ខែ បន្ថែមទៀត បន្ទាប់ពីកាលបរិច្ឆេទដែលហួសនោះ។

# ៤. នំប៉័ង

វាអាចនឹងមើលទៅឃើញមិនស្រស់ ប៉ុន្តែនំបុ័ងដែលមានកាលបរិច្ឆេទផុតកំណត់ ក៏អាចបរិភោគដោយសុវត្ថិភាពបានដែរ សូម្បីតែមានផ្សិតមួយចំនួននៅលើវាក៏ដោយ។ អ្នកអាចច្រៀក ឬកាត់ចេញនូវផ្សិតដែលដុះទាំងនោះ និងអាចបរិភោគចំណែកនំប៉័ងដែលនៅសល់បាន។ តែប្រសិនបើនំបុ័ងមានក្លិនជូរ ឬផ្អូម អ្នកមិនត្រូវបរិភោគវាឡើយ។ អ្នកអាចធ្វើការពន្យាជីវិតរបស់នំបុ័ង ដោយរក្សាទុកនៅក្នុងទូរទឹកកក នោះវាអាចនឹងអាចទុកញ៉ាំបានរហូតដល់ទៅពីរសប្តាហ៍។

# ៥. ស៊ុត 

នេះបើយោងតាមរបាយការណ៍ របស់វិទ្យាសាស្រ្តម្ហូបអាហារ ឲ្យដឹងថា ស៊ុតអាចមានរយៈពេលពី ៣ទៅ៥សប្តាហ៍។ ប៉ុន្តែវាត្រូវរក្សាទុកនៅសីតុណ្ហភាព ក្រោម ៥ អង្សាសេ ដែលជួយការពារពីការរីកលូតលាស់នៃមេរោគ។ ខាងក្រោមនេះជាល្បិចមួយដើម្បីពិនិត្យមើលថាតើ ស៊ុត មានគុណភាពយ៉ាងដូចម្តេចដោយមិនចាំបាច់គោះបំបែក។

@ ដំបូងដាក់ស៊ុតនៅក្នុងចានទឹកមួយ។ ប្រសិនបើវាលិច វាគ្មានបញ្ហាអី្វទេក្នុងការបរិភោគ ប្រសិនបើវាអណ្តែត សូមបោះវាចោលនៅក្នុងធុងសំរាមចុះ។

# ៦. ទឹកដោះគោជូរ ឬយ៉ាអួ

យ៉ាអួដែលបើកញ៉ាំរួចខ្លះ ងាយផ្អូមជាងយ៉ាអួ ដែលមិនទាន់បើកញ៉ាំ។ ជាធម្មតា យ៉ាអួនឹងមានរយៈពេលមួយទៅពីរសប្តាហ៍ បន្ថែមពីលើកាលបរិច្ឆេទផុតកំណត់។ ប៉ុន្តែស្ថានភាពនេះ អនុវត្តបានតែចំពោះ យ៉ាអួធម្មតា ឬយ៉ាអួផ្លែឈើកំប៉ុង មិនមែនយ៉ាអួធ្វើជាបង្អែម ឬមានលាយស៊ុតក្នុងនោះទេ។ តែប្រសិនជាយ៉ាអួនោះ ដុះផ្សិតឬធុំផ្អូម អ្នកត្រូវបោះវាចោលភ្លាម

# ៧. សូកូឡា

តើអ្នកធ្លាប់ឃើញ ពណ៌សៗ ស្តើងៗ នៅលើសូកូឡាចាស់ៗដែរឬទេ? សូមកុំច្រឡំ វាមិនមែនជាផ្សិតទេ។ វាត្រូវបានគេហៅថា "chocolate bloom"  ជាជាតិខ្លាញ់ ឬជាតិស្ករផ្សេងៗ ហើយវាមិនបង្កគ្រោះថ្នាក់ពេលបរិភោគទេ។ សម្រាប់អ្នកដែលញ៉ាំម្តងបន្តិចៗ មិនចាំបាច់មានការភ័យខ្លាចនោះទេ ដុំសូកូឡាមួយអាចទុកបាន ១ - ២ ឆ្នាំបានយ៉ាងល្អ អាស្រ័យលើប្រភេទនៃ សូកូឡា។

# ៨. អាហារស្ងួត (អង្ករ, មី, កាហ្វេ ជាដើម -ល-)

ផលិតផលដែលស្ងួតមិនងាយផ្អូមទេ។ អ្នកអាចយកវាមកប្រើប្រាស់បាន ទោះជាផុតកំណត់ក៏ដោយ។ ជាទូទៅ ម្ហូបស្ងួតមានកាលកំណត់២ឆ្នាំ ប៉ុន្តែវាអាចទុកបានដល់ទៅ៣ឆ្នាំ។ តាមគំនិតដ៏ល្អ អ្នកគួរតែរក្សាទុកពួកវា នៅក្នុងធុងធ្វើពីកែវ ឬដែកបិទជិតពីខ្យល់ និងមានសភាពស្ងួត។

# ៩. នំ (នំខុកឃី, នំស្រួយ, បន្ទះដំឡូងបារាំង ជាដើម)

នំទាំងនេះ អាចលែងស្រួយ និងបាត់បង់រសជាតិដើមខ្លះ ប៉ុន្តែបើវាមិនធុំក្លិនអីអាក្រក់ទេ វាអាចទទួលទានបានដោយសុវត្ថិភាព។ ប្រសិនបើអ្នក ហែកកញ្ចប់នំញ៉ាំម្តងហើយ ប្រភេទនំទាំងនោះ នឹងមិនអីទេសម្រាប់ប៉ុន្មានសប្តាហ៍ក្រោយ ប៉ុន្តែប្រសិនបើអ្នកមិនបានហែកវាទេ វាអាចរក្សាទុកបាននៅ ២ទៅ៣ខែក្រោយទៀត។

១០. ប្រភេទអាហារដែលកក

សីតុណ្ហភាពត្រជាក់របស់ទឹកកក អាចការពារអាហារកុំអោយមានបញ្ហា ដូច្នេះអាហារដែលកក ជាទូទៅមានសុវត្ថិភាពក្នុងការបរិភោគ ទោះជាហួសកំណត់ក៏ដោយ។ ជាទូទៅវាអាចប្រើប្រាស់បាន នៅអំឡុង ២ខែទៀតក្រោយផុតកំណត់។ ប៉ុន្តែប្រសិនបើអ្នកដាក់ម្ហូបអាហារឲ្យកកដោយខ្លួនឯង (សាច់...) ត្រូវប្រាកដថាមិនទុកឲ្យលើសពី ២ខែឡើយ

ប្រភព៖ FoodNetwork | Bustle | DailyMail | Gourmandize

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]