អាមេរិក៖ លោក Mark Zuckerberg ជាអ្នកសរសេរកម្មវិធី ជនជាតិអាមេរិក និងសហគ្រិនផ្នែកអ៊ីនធឺណែតដ៏ល្បីមួយរូប។ លោកក៏ជានាយកប្រតិបត្តិ និងស្ថាបនិក គេហទំព័របណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកផងដែរ។ ជាពិសេស ជាកំពូលមហាសេដ្ឋីក្មេងជាងគេលើពិភពលោក មានទ្រព្យសម្បត្តិប្រមាណ ៥១,៨ ពាន់លានដុល្លារ បើគិតត្រឹមថ្ងៃទី១៤ ឧសភា ២០១៦។

# ការចាប់ផ្តើម

Mark កើតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៨៤ នៅ White Plains ទីក្រុងញូវយ៉ក។ គាត់ជាកូនប្រុសរបស់លោក Edward Zuckerberg ដែលជាទន្តពេទ្យ និងអ្នកស្រី Karen Kempner ជាគ្រូពេទ្យផ្នែកវិកលចរិត។ Mark និងប្អូនស្រីទាំងបីនាក់ Randy, Donna និង Ariel ត្រូវបានចិញ្ចឹមបីបាច់ធំឡើងនៅតំបន់ Dobbs Ferry ទីក្រុង New York សហរដ្ឋអាមេរិក។ Mark រៀនបានពូកែណាស់នៅក្នុងថ្នាក់រៀន នៅវិទ្យាល័យ Ardsley។ លោកត្រូវបានផ្ទេរទៅសិក្សានៅ Phillips Exeter Academy ក្នុងរដ្ឋ New Hampshire ដែលនៅទីនោះ លោកបានឈ្នះរង្វាន់ខាងផ្នែកវិទ្យាសាស្រ្ត (គណិតវិទ្យា, វិស័យតារាសាស្ត្រ, និងរូបវិទ្យា) និងផ្នែក Classical។ នៅលើប្រវត្តិរូបនៅមហាវិទ្យាល័យរបស់ Mark Zuckerberg បានបញ្ជាក់ថាគាត់ អាចអាន និងសរសេរភាសាបារាំង ភាសាហេប្រឺ (Hebrew) ភាសាឡាតាំង និងភាសាក្រិចបុរាណ។ គាត់ធ្លាប់ជាប្រធានក្រុម នៃក្រុមកីឡាចាក់សាប (Fencing) ផងដែរ។

លោក Zuckerberg មានចំណង់ចំណូលចិត្ត លើផ្នែកកុំព្យូទ័រតាំងពីនៅវ័យក្មេងមកម្ល៉េះ។ នៅអាយុ ១២ឆ្នាំ គាត់បានប្រើ Atari BASIC ដើម្បីបង្កើតកម្មវិធីផ្ញើសារមួយ និងដាក់ឈ្មោះថា "Zucknet"។ ឪពុករបស់គាត់បានប្រើកម្មវិធីនោះ នៅក្នុងការិយាល័យ ពេទ្យធ្មេញ ដូច្នេះអាចដឹងថាអ្នកជំងឺ ចូលមកដោយមិនចាំបាច់ស្រែកហៅ។

ដើម្បីរក្សាអារម្មណ៍ចូលចិត្តផ្នែកកុំព្យូទ័រ ដែលកំពុងមានឡើង ឪពុកម្តាយរបស់គាត់បានជួលគ្រូកុំព្យូទ័រឯកជនម្នាក់ឈ្មោះ David Newman មកបង្រៀន Mark ដល់ផ្ទះ ក្នុងមួយសប្តាហ៍ម្តង។ Newman បានហៅ Mark ថាជា "មនុស្សអស្ចារ្យ"។

ពេល Mark នៅរៀនវិទ្យាល័យ បានបង្កើតកម្មវិធីតន្ត្រី Pandora ដែលលោកហៅថា Synapse។ ក្រុមហ៊ុនជាច្រើន រួមមានក្រុមហ៊ុន Microsoft និង AOL មានចំណាប់អារម្មណ៍ក្នុងការទិញ Software នេះ និងចង់ជួល Mark ឲ្យធ្វើការមុនពេលបញ្ចប់ការសិក្សាទៀតផង។ ប៉ុន្តែលោកបានបដិសេធមិនទទួលសំណើរ ពិសេសទាំងអស់នោះឡើយ។ 

# រពេលនៅសាកលវិទ្យាល័យ Havard

បន្ទាប់ពីបានបញ្ចប់ការសិក្សាពី Exeter ក្នុងឆ្នាំ ២០០២ Zuckerberg បានចុះឈ្មោះចូលរៀន នៅសាកលវិទ្យាល័យ Harvard។ នៅឆ្នាំទី២ គាត់ជាអ្នកបង្កើតកម្មវិធីកុំព្យូទ័រម្នាក់នៅក្នុងសាលា។ គាត់បានបង្កើតកម្មវិធីមួយដែលហៅ CourseMatch ដែលបានជួយសិស្សនិស្សិតជ្រើសរើសថ្នាក់របស់ខ្លួន ដោយផ្អែកលើការជ្រើសរើសវគ្គសិក្សា។ លោកក៏បានបង្កើត Facemash ដែលជាកម្មវិធីប្រៀបធៀប រូបថតសិស្សពីរនាក់នៅក្នុងសាលា និងអនុញ្ញាតអោយអ្នកប្រើប្រាស់ បោះឆ្នោតលើរូបភាពណាមួយដែលគួរឲ្យទាក់ទាញជាងគេ។ កម្មវិធីនេះ បានក្លាយជាកម្មវិធីពេញនិយមដ៏ធំ ប៉ុន្តែក្រោយមកត្រូវបានបិទ ដោយរដ្ឋបាលសាលា បន្ទាប់ពីវាត្រូវបានគេ ចាត់ទុកថាមិនសមរម្យ។

ដោយផ្អែកលើសន្ទុះនៃកម្មវិធីមុនរបស់ Mark មិត្តរបស់លោក៣នាក់ Divya Narendra និងកូនភ្លោះ Cameron និង Tyler Winklevoss បានឲ្យគាត់ជួយធ្វើការលើគំនិតបង្កើតបណ្តាញសង្គម ដែលហៅថា Harvard Connection។ គេហទំព័រនេះត្រូវបានរចនាឡើង ដើម្បីប្រើប្រាស់ ទិន្នន័យពីនិស្សិតនៅសកលវិទ្យាល័យ Harvard ក្នុងគោលបំណងដើម្បីបង្កើតការណាត់ជួប។ Zuckerberg បានព្រមព្រៀងគ្នាដើម្បីជួយគម្រោងនេះ ប៉ុន្តែបន្ទាប់មកក៏បានចុះចេញ ទៅធ្វើការនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់គាត់ ជាមួយមិត្តភក្តិលោកមានដូចជា Dustin Moskovitz, Andrew McCollum, Chris Hughes និង Eduardo Saverin។

Zuckerberg និងមិត្តភក្តិរបស់លោក បានបង្កើតបណ្ដាញសង្គម ដែលអនុញ្ញាតឲ្យអ្នកប្រើបង្កើត Profile ផ្ទាល់ខ្លួនរបស់ពួកគេ បង្ហោះរូបភាព និងរក្សាទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ផ្សេងទៀត។ ពួកគេបានហៅវាថា Facebook ដែលធ្វើការចេញពីបន្ទប់ស្នាក់នៅមួយនៅសាកលវិទ្យាល័យ Harvard រហូតដល់ខែមិថុនា ឆ្នាំ ២០០៤។ បន្ទាប់ពីឆ្នាំទី២ របស់លោក Zuckerberg បានឈប់ពីមហាវិទ្យាល័យ ដើម្បីលះបង់ខ្លួនគាត់ផ្ទាល់ទៅលើ Facebook អោយបានពេញលេញដោយការផ្លាស់ប្តូរទីតាំងទៅ Palo Alto រដ្ឋ California។ នៅចុងឆ្នាំ ២០០៤ នោះ Facebook មានអ្នកប្រើប្រាស់ ១លាននាក់។

# ការរះឡើងនៃ Facebook

នៅឆ្នាំ ២០០៥  Zuckerberg ទទួលបានការជ្រោមជ្រែងពីដៃគូ មូលធនក្រុមហ៊ុន Accel ដែលបានវិនិយោគ ១២,៧ លានដុល្លារ ចូលទៅបណ្តាញសង្គមនេះ។ នៅពេលនោះ បើកចំហសំរាប់តែនិស្សិត Havard ប្រើប្រាស់ប៉ុណ្ណោះ បន្ទាប់មកក៏អនុញ្ញាតឲ្យមហាវិទ្យាល័យ វិទ្យាល័យ និងសាលារៀនអន្ដរជាតិដទៃទៀត ប្រើប្រាស់ដែរ និងបានជំរុញឱ្យ សមាជិករបស់គេហទំព័រនេះ កើនរហូតដល់ជាង ៥,៥ លាននាក់ នៅត្រឹមខែធ្នូ ឆ្នាំ ២០០៥។ Facebook បានចាប់ផ្ដើមទាក់ទាញការចាប់អារម្មណ៍ ក្រុមហ៊ុនផ្សេងទៀត ចង់ធ្វើការផ្សព្វផ្សាយ ជាមួយបណ្តាញសង្គមដែលមានប្រជាប្រិយភាពនេះ។

Zuckerberg ក៏ធ្លាប់បានច្រានចោលមិនលក់ចេញទៅឲ្យ ក្រុមហ៊ុនដូចជា Yahoo! និង MTV ឡើយដែលមានបំណងចង់ទិញ Facebook។ ផ្ទុយទៅវិញលោកផ្តោត លើការពង្រីក ទាក់ទាញអ្នកវិនិយោគខាងក្រៅ និងបន្ថែមលក្ខណៈពិសេសឲ្យច្រើនថែមទៀត។

Zuckerberg ហាក់ដូចជានៅនឹងមួយកន្លែង ប៉ុន្តែទោះជាយ៉ាងណានៅក្នុងឆ្នាំ ២០០៦ មហាសេដ្ឋីជំនួញនេះ បានប្រឈមនឹងឧបសគ្គធំ ជាលើកដំបូងរបស់គាត់។ អ្នកបង្កើតគេហទំព័រ Harvard Connection បានអះអាងថា Zuckerberg បានលួចយកគំនិតរបស់ពួកគេ ហើយបានទារសំណង សម្រាប់ការខាតបង់អាជីវកម្មរបស់ពួកគេ។ ទោះបីជាកិច្ចព្រមព្រៀងដំបូង បានសំរេចត្រឹម ៦៥ លានដុល្លារ យល់ស្របដោយដៃគូរទាំងពីរក៏ដោយ ក៏ជម្លោះផ្លូវច្បាប់លើបញ្ហានេះ បានបន្តដល់ឆ្នាំ ២០១១ បន្ទាប់ពី Narendra និង Winklevosses អះអាងថា ពួកគេខាតបង់ទាក់ទងទៅនឹងតម្លៃហ៊ុនរបស់ពួកគេ។

ប៉ុន្តែ Zuckerberg និង Facebook បន្តទទួលជោគជ័យ ទោះបីរងឧបសគ្គ និងការរិះគន់ក៏ដោយ។ ទស្សនាវដ្តី Time បានដាក់ឈ្មោះគាត់ជា Person of the Year នៅឆ្នាំ ២០១០ និងទស្សនាវដ្ដី Vanity Fair ដាក់គាត់នៅកំពូលនៃបញ្ជី New Establishment។ ទស្សនាវដ្តី Forbes ឲ្យដឹងថា Zuckerberg បានវ៉ាដាច់ លោក Steve Jobs នាយកប្រតិបត្តិក្រុមហ៊ុន Apple ទៀតផង។

# អចលនទ្រព្យ និងផ្ទះ

មហាសេដ្ឋីវ័យក្មេងបំផុត នៅលើពិភពលោក  Mark Zuckerberg ជាម្ចាស់ផ្ទះមួយនៅ Palo Alto ដែលជាការវិនិយោគអចលនទ្រព្យដំបូងរបស់គាត់។ គាត់រស់នៅជាមួយនឹង Priscilla Chan ដែលជាប្រពន្ធរបស់គាត់។ ផ្ទះនេះមានទំហំ ៥១,៦១៧ ម៉ែត្រការ៉េ ត្រូវបានសាងសង់ឡើង ដំបូងក្នុងឆ្នាំ ១៩០៣។ ផ្ទះនេះមានធាតុជាប្រវត្តិសាស្រ្តដ៏ស្រស់ស្អាត ដូចជាបង្អួចខ្សែឆៀង, ពិដានមានហិប, ទ្វារបារាំង និងរានហាលជ្រៅ។ ផ្ទះនេះមានបន្ទប់គេង ៥, បន្ទប់ទឹក៥ចំនាយអស់ ៧ លានដុល្លារ។ លើសពីនេះទៀត ផ្ទះពីរជាន់នេះ មានអាងទឹកប្រៃ, បន្ទប់តន្ត្រី, រានហាលធំទូលាយ និងផ្ទះបាយធំមួយផងដែរ។

ព័ត៌មានហិរញ្ញវត្ថុ Facebook បានបង្ហាញថាស្ថាបនិករបស់ Facebook បានចំណាយលុយប្រហែល ៧០០,០០០ដុល្លារ ទៅលើយន្ដហោះឯកជន។ ការចុះបញ្ជីបានបញ្ជាក់ថា Facebook បានអនុញ្ញាតអោយ CEO និង COO នឹងប្រើយន្តហោះឯកជននោះ សម្រាប់គោលបំណងអាជីវកម្ម។ វានឹងពង្រីកផលិតភាព និងធានានូវភាពឆាប់រហ័ស។ បន្ថែមពីលើនេះ លោក Zuckerberg អាចប្រើយន្តហោះឯកជន សម្រាប់គោលបំណងផ្ទាល់ខ្លួនផងដែរ។

# រថយន្តរបស់ Mark

គាត់ធ្លាប់ជិះរថយន្ត Acura TSX ដែលជារថយន្តទំនើបកំរិតដំបូង។ រថយន្តនេះត្រូវបានភ្ជាប់ជាមួយនឹងលក្ខណៈពិសេស ដ៏ប្រណីតដូចជា រចនាបទខាងក្នុងបំពាក់ស្បែកសុទ្ធ, ការត្រួតពិនិត្យ អាកាសធាតុដោយស្វ័យប្រវត្តិ, ប្រព័ន្ធសំឡេងប្រាំពីរបាស (Seven Speakers), វិទ្យុផ្កាយរណប, Bluetooth និង HandsFreeLink។ រថយន្តនេះត្រូវបានលក់ក្នុងតម្លៃប្រហែល ៣ម៉ឺនប៉ុណ្ណោះ។

បច្ចុប្បន្ននេះគាត់បានត្រូវគេរាយកាណ៍ថា បានចំនាយលុយទិញ Pagani Huayra របស់ Italy ដែលមានតម្លៃយ៉ាងតិច ១លាន ៣សែនដុល្លារ។

# អាពាហ៍ពិពាហ៍របស់ Mark Zuckerberg

Zuckerberg បានជួបភរិយារបស់គាត់ Priscilla Chan នៅពិធីជប់លៀងមួយ ក្នុងអំឡុងឆ្នាំទី ២ នៅសាកលវិទ្យាល័យ Harvard។ ពួកគេបានចាប់ផ្ដើមមានទំនាក់ទំនងក្នុងឆ្នាំ ២០០៣។ ឪពុកម្តាយរបស់នាង ជាជនជាតិចិនដែលបាន មកដល់សហរដ្ឋអាមេរិកនៅឆ្នាំ ១៩៧៥។ នាងបានកើតនៅ Braintree រដ្ឋ Massachusetts, ជាយក្រុង Boston។

នៅថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០១២ ពួកគេបានរៀបការនៅសួនក្រោយផ្ទះរបស់ Mark ហើយក៏ជាការប្រារព្ធពិធីអបអរការបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្រ្តរបស់ Chan ផងដែរ។ ពិធីមង្គលការដ៏វិសេសវិសាលនេះ ត្រូវបានចូលរួមដោយភ្ញៀវជិតស្និទ្ធបំផុត ប្រហែល ១០០នាក់និងមានលក្ខណៈពិសេស ត្រង់ម្ហូបអាហារម៉ិចស៊ីកូ រួមជាមួយការសម្តែងរបស់ Green Day’s “Billie Joe Armstrong”។

គ្រាន់តែមុនមួយថ្ងៃ រៀបអាពាហ៍ពិពាហ៍ តម្លៃហ៊ុន Facebook បានកើនឡើងដល់ ១២ពាន់លានផោន (១៧,២៣០,៨០០,០០០ ដុល្លារអាមេរិក) ក្នុងទីផ្សារភាគហ៊ុន។

ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៥, Zuckerberg បានប្រកាសថាលោក និងChan រំពឹងថានឹងមានកូនស្រី។ លោកបាននិយាយថា លោកមានទំនុកចិត្តថា ហានិភ័យនៃលទ្ធភាពរលូតកូនទាប ក្រោយពី Chan បានរលូតកូនបីដងរួចទៅហើយ។ នៅថ្ងៃទី១ ខែធ្នូ Zuckerberg បានប្រកាសពីកំណើតកូនស្រីដំបូង របស់លោក ឈ្មោះ Maxima Chan Zuckerberg ("Max") និងឈ្មោះជាភាសាចិន Chen Mingyu (陈明宇)៕ 

ប្រភព៖ BornRich | Wikipedia | Biography | Forbes

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]