ថៃ ៖ តើអ្នកធ្លាប់ឃើញដបសាប៊ូដុសខ្លួន ឬដបសាប៊ូកក់សក់ធំៗ ដែលអ្នកចូលចិត្តប្រើវា ដាក់តាំងលក់នៅលើទីផ្សារ ឬនៅក្បែរផ្ទះរបស់អស់លោកអ្នក ស្ថិតក្នុងតម្លៃមួយថោកដែរទេ? មនុស្សមួយចំនួន  តែងតែឆ្ងល់ថា ហេតុអ្វីសាប៊ូដូចតែគ្នាសោះ ប៉ុន្តែបែរជាលក់ក្នុងតម្លែខុសគ្នាទៅវិញ? នេះក៏ជាមូលហេតុមួយ ដែលអ្នកត្រូវដឹងផងដែរ។

ជាក់ស្តែងតាមប្រភពបានឲ្យដឹងថា យោងតាមសេចក្តីរាយការណ៍មួយ តាមរយៈទំព័រហ្វេសប៊ុកផេក Rich Infinity បានធ្វើការបង្ហោះចែករំលែករូបភាព ទិដ្ឋភាពនៅក្នុងផ្ទះមួយកន្លែង ស្ថិតនៅក្នុងស្រុក Kaeng Khoi ខេត្ត Saraburi ប្រទេសថៃ ដែលគេដឹងថាជាទីតាំងរកស៊ីលួចលាក់ខុសច្បាប់ របស់ពីរនាក់ប្តីប្រពន្ធមួយគូ ដើម្បីផលិតសាប៊ូក្លែងក្លាយ ច្រកដាក់ដបដែលដើរទិញពីអ្នកប្រើប្រាស់អស់ៗ។

ក្នុងនោះផងដែររួមមាន សាប៊ូកក់សក់ Head and Shoulder សាប៊ូកក់សក់ Dove សាប៊ូកក់សក់ Pantene សាប៊ូកក់សក់ Sunsilk និងសាប៊ូកក់សក់ Loreal ជាដើម។ ប្រភពបន្តថា ប្តីប្រពន្ធខាងលើនេះ បានលាយសាប៊ូបញ្ចូលគ្នារួចច្រកដាក់ដបលក់ ហើយនេះក៏ជាមូលហេតុ ដែលសាប៊ូមួយចំនួន លក់ក្នុងតម្លៃថោកនៅលើទីផ្សារផងដែរ។

ដោយឡែក បើតាមប្រភពសារព័ត៌មាន Manager បានឲ្យដឹងដែរថា មន្រ្តីប៉ូលិសនៅខេត្ត Saraburi បានធ្វើការចុះបង្រ្កាបទីតាំងខាងលើ ប៉ុន្តែពីរនាក់ប្តីប្រពន្ធដែលជាម្ចាស់ផ្ទះរកស៊ីលួចលាក់ខាងលើនេះ ពុំបាននៅក្នុងហេតុការណ៍នោះឡើយ ទំនងជាដឹងខ្លួនមុន រួចរត់គេចខ្លួនតែម្តង។ បើតាមការស៊ើបអង្កេតរបស់មន្រ្តីមានសមត្ថកិច្ច ប្តីប្រពន្ធពីរនាក់នេះ បានធ្វើការចែកចាយលក់បន្ត ទៅឲ្យម៉ូយៗដែលធ្លាប់ទទួលទិញ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះផងដែរ។

យ៉ាងណាមិញ ក្រោយពីទទួលជ្រាបពីដំណឹងទាំងអស់នេះមក អ្នកនិយមលេងអ៊ីនអឺណែតយ៉ាងច្រើន មានការខឹងសម្បារជាខ្លាំង ហើយនេះក៏ជាបទពិសោធន៍មួយសម្រាប់ចែករំលែកឲ្យដឹងតៗគ្នាមួយ សម្រាប់អ្នកដែលប្រើប្រាស់សាប៊ូថោកៗ ដែលទិញមកពីផ្សារផងដែរ៕

ប្រភព៖ Bangkok.Coconuts

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ទាក់ទងនិងការផលិតក្លែងក្លាយនេះដែរ មនុស្សភាគច្រើនចូលចិត្តជ្រើសរើសសូដា និងកូកា ទទួលទាន ព្រោះថាវាមានរសជាតិ ផ្អែមជក់ ចិត្ត ហើយកាន់តែឆ្ងាញ់ ពិសេសនៅពេលវាត្រជាក់តែម្តង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កូកាកូឡា គឺជាផ្នែកមួយនៃភេសជ្ជៈ ដែលលក់ ដាច់បំផុតក្នុងពិភពលោក ហើយទទួលបា​នប្រាក់ចំណេញ ជាច្រើនដែលមិនអាចប្រកែកបាន តែជាអកុសល នៅប្រទេសឥណ្ឌា បែរជាមានរោងចក្រក្រោមដី ដែលធ្វើឡើងដោយជនខិលខូចមិនគោរព ច្បាប់ បានបិតដបភេសជ្ជៈទាំងនេះសារជាថ្មី ហើយលក់កូកាកូឡា ក្លែងក្លាយទាំងនេះ ទៅឲ្យអតិថិជន ដែលមិនបានដឹង ទទួលទាន ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពពួកគេជាខ្លាំង។

តាមប្រភពដដែលបានឲ្យដឹងថា ពួកជនឆបោកទាំងនេះ បានប្រមូលយកដប និងស្លាកយីហោ របស់ភេសជ្ជៈទាំង នោះ ដោយយកដប ទាំងនោះទៅលាងទឹក និងសម្អាតចេញ មុនពេលចាក់អាហារមាន ជាតិពណ៌ និងម្សៅ ដែលធ្វើឲ្យមានរសជាតិ ចូលទៅក្នុងនោះ។ ហើយបន្ទាប់មកទៀត គឺគេធ្វើឲ្យវាមានសម្ពាធ ដោយបញ្ចូលឧស្ម័នចូលដប មុនពេលបិត ភ្ជាប់វាឡើងវិញ។ រួចរាល់ហើយ គេចាប់ផ្តើមវេចខ្ចប់វាយ៉ាងស្អាត ធ្វើឲ្យដូច កូកាកូឡា និងស្ព្រាយ មែនទែន ដើម្បីយកទៅលក់នៅ ក្នុងទីផ្សារផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]