កីឡាកាការិនីរុស្ស៊ី Vera Zvonareva បានបង្ខំចិត្តដកខ្លួន ចេញពីព្រឹត្តិការណ៍ US Open របស់អាមេរិក ឆ្នាំ២០១២នេះ ខណៈដែលរបួសរបស់នាង មិន អាចជាតាមពេល កំណត់នោះ ។

តារាវាយតិន្នីសទោលវ័យ២៧ឆ្នាំ ដែលជាអតីតកីឡាការិនី លំដាប់លេខ២ ពិភពលោក បានអវត្តមាន ពីទីលានប្រកួត អស់រយៈពេលមួយ ឆ្នាំហើយ ដែលបានរុញច្រាន នាងមកត្រឹមលេខ ១៦របស់ ពិភពលោកវិញ ដោយសារតែ បាត់បង់ពិន្ទុ ច្រើនពេកមកនោះ ។

សូមរំលឹកថា Zvonareva កាលពីឆ្នាំ ២០១០ បានចាញ់ក្រោមទម្រង់លេង របស់កីឡាការិនី Kim Clijsters ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធី Flushing Meadows ជាពេលដែលនាង បានរងរបួសតាំងពី ពេលនោះមក ដែលបានធ្វើឱ្យនាង មិនអាចចូលរួមប្រកួត ក្នុងកម្មវិធី French Open របស់បារាំង បានថែមទៀតផង ហើយអ្វីដែលគួរឱ្យ សោកស្តាយមួយទៀតនោះ ក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិក ឆ្នាំ២០១២ នៅចក្រភពអង់គ្លេស វិញនាង Zvonareva ក៏បានសុំឈប់ ទាំងពាក់កណ្តាលទី នៅចន្លោះការប្រកួត ក្នុងជុំទី៣ ជាមួយនឹង Clijsters ផងដែរដោយមិន អាចទ្រាំទ្របាន នូវរបួស របស់នាង ។

រហូតមកទល់នឹងពេលនេះ Zvonareva គឺជាកីឡាការិនីទី៤ហើយ ដែលបានដកខ្លួន ពីការប្រកួតវាយ តិន្នីសទោល ផ្នែកស្រ្តី រួមជាមួយនឹងកីឡាការិនី ៣រូបទៀតគឺ Svetlana Kuznetsova មានបញ្ហាជង្គង់ កីឡាការិនី Kaia Kanepi និង Flavia Pennetta មានបញ្ហាកដៃ ចំណែកឯកីឡាករ លំដាប់លេខ៣ ពិភពលោក Rafael Nadal ក៏បានដកខ្លួនចេញពី ការប្រកួតផងដែរ ដោយសាររបួសជង្គង់ ។ ព្រឹត្តិការណ៍ US Open ចាប់ផ្តើមពីថ្ងៃទី២៧ សីហា-១២ កញ្ញា ឆ្នាំ២០១២ នៅលើទឹកដីសហរដ្ឋអាមេរិក ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]