ម៉ាឡេស៊ី៖ កាលពីពេលថ្មីៗនេះ វីដេអូឃ្លីបមួយខ្សែ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបង្ហាញឲ្យឃើញ ទិដ្ឋភាពបុរសម្នាក់ ត្រូវខ្មោចចូល រួចប្រកាច់ដួលទៅលើដី ហើយរំពេចនោះដែរ ក៏មានស្រមោលខ្មោចមួយ ត្រូវបានគេមើលឃើញ ចាំងចេញពីកញ្ចក់ទូរទឹកកក ដែលមើលទៅពិតជាគួរឲ្យខ្លាច និងស្តែង ខ្លាំងណាស់។

បើតាមវីដេអូឃ្លីប ដែលត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាព នៅក្នុងផ្សារទំនើបមួយកន្លែង ក្នុងប្រទេសម៉ាឡេស៊ី មានរយៈពេល ជាង១នាទីនោះ ត្រូវបានបង្ហោះ ទៅលើ YouTube ដោយបានបង្ហាញឲ្យឃើញថា ដំបូងឡើយបុរសរូបនោះ កំពុងតែដើរទិញអីវ៉ាន់ ហើយដើរសំដៅទៅរកទូរទឹកកក និងយកភេសជ្ជៈមួយចេញមក។ រំពេចនោះដែរ ស្រាប់តែគាត់ ប្រែជាខុសប្លែកពីធម្មតា ហាក់បីដូចជា ពិបាកក្នុងខ្លួន និងពិបាកទ្រាំ ខ្លាំងណាស់ ដោយដៃរបស់គាត់ បានចាប់ទាញអាវប្រឹងស្រែក និងគ្រវីក្បាលទៀតផង រហូតទាល់តែដួលទៅលើដី។ ជាមួយគ្នានេះដែរ នៅពេលដែលបុរសទំនងត្រូវខ្មោចចូល រូបនោះ បានដេកដួលទៅលើដី ស្រាប់តែលេចចេញ ស្រមោលមួយ ចាំងនៅលើទូរទឹកកក ដែលគាត់យកភេសជ្ជៈ ខណៈគ្មាននរណាម្នាក់ នៅក្បែរនោះឡើយ។ ជាងនេះទៅទៀត ក្រដាសអនាម័យ ដែលដាក់តាំងលក់ នៅលើថ្នើរ បានធ្លាក់ចុះមកដី ទាំងដែលគ្មាននរណាម្នាក់ច្រាន ឬនៅក្បែរនោះដែរ។

យ៉ាងណាមិញ ហេតុការណ៍ខាងលើនេះ បានធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធឺណែត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីទស្សនារួច ហើយគ្មាននរណា បានដឹងឡើយថា មានអ្វីកើតឡើងបន្តទៅទៀត បន្ទាប់ពីវីដេអូនោះ បានបញ្ចប់ទៅ៕

សូមទស្សនាហេតុការណ៍ ដ៏គួរឲ្យខ្លាចនោះ ទាំងអស់គ្នា៖

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ មនុស្សជាច្រើនមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើវីដេអូមួយ ដែលទើបនឹងបង្ហោះចូលក្នុង បណ្តាញសង្គម ដោយបានបង្ហាញអំពី សកម្មភាពដ៏ចម្លែកម្យ៉ាង ដែលជាការបណ្តេញនូវ ព្រលឹងខ្មោចចេញពីខ្លួន នារីម្នាក់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វីដេអូមួយនេះគឺ កំពុងទទួលបានការ ចាប់អារម្មណ៍ជាខ្លាំង ដោយសារតែក្នុងនោះ គឺបានបង្ហាញនូវទិដ្ឋភាពស្តែងៗ ដែលនារីម្នាក់ស្រែក យ៉ាងសន្ធាប់ស្តាប់ទៅគួរឲ្យខ្លាច ព្រមទាំងមានក្អួតឈាម ចេញពីក្នុងមាត់យ៉ាងច្រើន អំឡុងពេលដែលធ្វើពិធី។

ថ្វីបើគេនៅមិនទាន់ដឹងច្បាស់ថា ហេតុការណ៍នោះកើតឡើង នៅឯណាឲ្យប្រាកដ តែគេជឿជាក់ថា សកម្មភាពមួយនេះអាចកើតឡើង នៅក្នុងទីតាំងណាមួយ នៃតំបន់អាមេរិកខាងត្បូង។

បើយើងមើលតាមវីដេអូ នោះយើងនឹងបានឃើញថា មានមនុស្សជាច្រើនកំពុង ចោមរោមនារីម្នាក់ នៅក្នុងការប្រារព្ធពិធីមួយ ក្រោយពីនារីម្នាក់នោះ ត្រូវបានគេសន្និដ្ឋាន មានព្រលឹងខ្មោច បានសណ្ឋិតចូលខ្លួន។ ក្នុងអំឡុងពេលពិធីនោះ យើងដឹងថាមាន បុរសម្នាក់បានសូត្រធម៌យ៉ាងច្រើន នៅចំពោះមុខនារីនោះ ស្របពេលដែលខ្លួនប្រាណ និងកាយវិការ របស់នាងហាក់មិនដូចជា មនុស្សម្នាក់ដែលមានសភាពប្រក្រតី នោះឡើយ។

យ៉ាងណាមិញ នៅចុងបញ្ចប់នៃវីដេអូ នារីម្នាក់នោះក៏ហាក់ដូចជា មានសភាពប្រសើរឡើងវិញ ដែលធ្វើឲ្យគេគ្រប់គ្នា សន្មត់ថាព្រលឹងខ្មោចកំណាច ដែលបានចូលសណ្ឋិត ក្នុងខ្លួនរបស់នាងនោះ បានរសាត់ចេញបាត់ទៅហើយ។ ទោះយ៉ាងណាក៏ដោយ ទិដ្ឋភាពនៃទាំងមូល នៃការបណ្តេញព្រលឹងខ្មោចនោះ បានធ្វើឲ្យមនុស្សជាច្រើន មានអារម្មណ៍ស្រៀវសាច់ និងភ្ញាក់ផ្អើលខ្លាំងមែនទែន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]