ភ្នំពេញ៖ អគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋនៅជាន់ទី១ ម្តុំសំណង់១២ ក្នុងខណ្ឌទួលគោក នៅម៉ោងប្រមាណ៨យប់ ថ្ងៃទី៦ ខែឧសភា នេះ ត្រូវបានអាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ច និងក្រុមពន្លត់អគ្គិភ័យ គ្រប់គ្រងបានទាំងស្រុងហើយ នេះបើតាមការបញ្ជាក់របស់លោក នេត វន្ថា ប្រធាននាយកដ្ឋានពន្លត់ និងបង្ការអគ្គិភ័យរាជធានីភ្នំពេញ។ 

លោក នេត វន្ថា បានបញ្ជាក់បន្ថែមទៀតថា ក្នុងប្រតិបត្តិការ ជួយពន្លត់នេះ កម្លាំងពន្លត់របស់លោក បានប្រើប្រាស់រថយន្ត ចំនួន៤គ្រឿង ក្នុងការបាញ់ពន្លត់ យ៉ាងណាក៏ដោយ លោកនៅមិនទាន់បញ្ជាក់ អំពីមូលហេតុ នៃការឆាបឆេះនេះនៅឡើយទេ ដោយឡែកទំហំនៃការខូចខាត ក៏មិនទាន់មានតួលេខ បញ្ជាក់នៅឡើយដែរ៕

រូបភាព អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋជាន់ទី១ នៅម្តុំសំណង់១២ សមត្ថកិច្ច

ប្រភព៖ ដើមអម្ពិល

ការកត់សម្គាល់ខ្មែរឡួត៖

គួររំលឹកថា កាលពីប៉ុន្មានថ្ងៃមុននេះត្រូវនឹងថ្ងៃទី ០៤ ឧសភា មានហេតុការណ៍ឆេះផ្ទះប្រជាពលរដ្ឋ នៅក្រុងតាខ្មៅ ដែលបណ្ដាលឲ្យមាន ការភ្ញាក់ផ្អើលជាខ្លាំង។

នេះបើសមត្ថកិច្ចបានបញ្ជាក់ប្រាប់ ឱ្យដឹងថា អគ្គិភ័យ ដែលឆេះផ្ទះប្រជាពលរដ្ឋ នៅក្រុងតាខ្មៅ បានរលត់ទាំងស្រុងហើយ បន្ទាប់ពីមាន​ការអន្តរាគមន៍​ដោយក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ ។ សមត្ថកិច្ចក្រុងតាខ្មៅ បាននិយាយថា អគ្គិភ័យនេះ បានធ្វើឲ្យ​ឆេះឡានព្រុសមួយគ្រឿង ​បង្កការខូចខាតទ្រព្យសម្បត្តិមួយចំនួន ហើយក៏បានបណ្តាលឱ្យបុរសម្នាក់ រងរបួសផងដែរ។

សូមបញ្ជាក់ថា អគ្គិភ័យខាងនេះ បានឆាបឆេះផ្ទះប្រជាពលរដ្ឋតាំងពីម៉ោង៥ល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦នេះ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ទោះជាយ៉ាងណា សមត្ថកិច្ចនឹងបង្ហាញរបាយ​ការណ៍ លម្អិត​នៅពេលក្រោយ។

រូបភាព ឆេះផ្ទះនៅតាខ្មៅ

ម្យ៉ាងវិញទៀត ហេតុការណ៍ឆាបឆេះដ៏សន្ធោសន្ធៅជាងនេះ ក៏ធ្លាប់បានកើតឡើងកាលពីយប់ ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៦ នៅចាក់អង្រែលើ​ ដែលបានបំផ្លាញផ្ទះប្រជាពលរដ្ឋ អស់៥០ខ្នង និងបើតាមអាជ្ញាធរមូលដ្ឋាន បានអោយដឹងថា​ អគ្គិភ័យបានរលត់ទាំងស្រុង នៅម៉ោង​ ១១៖៤០នាទី​ ពោលក្រុមពន្លត់បានប្រើប្រាស់ រយៈពេល៣ម៉ោងក្នុងការបាញ់ពន្លត់​ ដោយប្រើប្រាស់រថយន្តចំនួន២៦គ្រឿង​ បាញ់ទឹកពន្លត់អស់ ៥២រថយន្ត​ ហើយក្នុងហេតុការណ៍នេះ ពុំបណ្តាលអោយប្រជាពលរដ្ឋណា ម្នាក់ស្លាប់នោះទេ។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា​ ផ្ទះចំនួន៥០ខ្នង​ បានត្រូវបំផ្លាញ​ ក្នុងនោះ​ ១៩ខ្នងស្ថិតនៅក្នុងភូមិព្រែកតាគង់​ និង៣១ខ្នងទៀត ស្ថិតនៅភូមិព្រែកតានូ។ ដោយឡែកចំពោះមូលហេតុ នៃការឆាបឆេះវិញ​ នៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕

រូបភាព អគ្គិភ័យឆាបឆេះផ្ទះនៅចាក់អង្រែ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]