វៀតណាម៖ ភ្ញៀវទេសចរ ជនជាតិចិន មួយក្រុម បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងចលាចល នៅក្នុងព្រលានយន្តហោះ អន្តរជាតិវៀតណាម Cam Ranh International Airport កាលពីថ្ងៃច័ន្ទ ទី០២ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ បន្ទាប់ពីក្រុមមន្រ្តីគយវៀតណាមខិលខូចមួយចំនួន មកទារលុយធីប ពីភ្ញៀវទេសចរ ជនជាតិចិន ទាំងនោះ។

រូបភាព៖ ទិដ្ឋភាពនៅពេលកើតហេតុ ក្នុងព្រលានយន្តហោះ អន្តរជាតិវៀតណាម Cam Ranh International Airport

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមភ្ញៀវទេសចរ ជនជាតិចិន ទាំងនោះ កំពុងត្រៀមខ្លួនធ្វើដំណើរ ត្រលប់ទៅកាន់ខេត្ត Sichuan ប្រទេសចិនវិញ បន្ទាប់ពីត្រលប់មកពី រមណីយដ្ឋានឆ្នេរសមុទ្រ Nha Trang ស្ថិតនៅភាគខាងត្បូង ប្រទេសវៀតណាម ហើយក៏បានជួបបញ្ហានោះតែម្តង។

ភ្ញៀវទេសចរម្នាក់ ក្នុងចំណោមនោះ បានបង្ហោះសារ នៅលើបណ្តាញសង្គម Weibo ដោយអះអាងថា ក្រុមមន្រ្តីគយវៀតណាមមួយចំនួន បានទាមទារលុយធីប ចំនួន ១០យ័ន (១.៥០ដុល្លារ) ក្នុងម្នាក់ ពីពួកគេ ដែលជាភ្ញៀវទេសចរ ដោយគំរាមដកហូត យកលិខិតឆ្លងដែន បើសិនជាពួកគេ មិនព្រមឲ្យលុយធីប។

ជាមួយគ្នានេះដែរ ភ្ញៀវទេសចរដែលបដិសេធ មិនព្រមឲ្យលុយធីប ត្រូវបានមន្រ្តីគយ ទាំងនោះ ទាមទារកាន់តែច្រើន ខណៈបុរសម្នាក់ ត្រូវក្រុមមន្រ្តីខិលខូចទាំងនោះ បង្ខំឲ្យបង់លុយរហូតដល់ទៅ ១០០យ័ន (១៥ដុល្លារអាមេរិក) ទៀតផង។

គួរបញ្ជាក់ផងដែរថា ដោយសារតែ មានការទាមទារលុយធីប ក្រៅផ្លូវការបែបនេះហើយ ទើបបង្កឲ្យមាន ការប្រឈមមុខដាក់គ្នា រវាងភ្ញៀវទេសចរ ជនជាតិចិន ជាង១០០នាក់ ជាមួយនឹង មន្រ្តីគយវៀតណាម បួនដប់នាក់ទៀត។

វីដេអូនៃហេតុការណ៍មួយនេះ ក៏ត្រូវបានថត និងបង្ហោះ ទៅលើបណ្តាញសង្គមចិន ផងដែរ ខណៈមន្រ្តីគយវៀតណាមទាំងនោះ ត្រូវគេមើលឃើញថា បានទាញកាំភ្លើងឆក់ ចេញមកក្រៅ រួចជាស្រេច ដើម្បីទប់ទល់។

រូបភាព៖ មន្រ្តីគយវៀតណាម ទាញកាំភ្លើងឆក់ ចេញមក

យ៉ាងណាមិញ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត នៅទូទាំងប្រទេសចិន ក៏បានអះអាង ផងដែរថា ពួកគេក៏ធ្លាប់ជួប ការទាមទារលុយធីប នៅពេលត្រលប់មកពី ប្រទេសវៀតណាមផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ស្ថានកុងស៊ុលចិន នៅក្នុងទីក្រុងហូជីមិញ បានចេញសេចក្តីថ្លែងការណ៍មួយ ឲ្យដឹងថា ភ្ញៀវទេសចរ ជនជាតិចិន ដែលបានពាក់ព័ន្ធ នឹងករណីខាងលើ បានត្រលប់ទៅដល់ ប្រទេសចិនវិញអស់ហើយ ហើយពួកគេ ក៏បានស្នើសុំ ការឆ្លើយតបជាបន្ទាន់ ពីរដ្ឋាភិបាលវៀតណាម ផងដែរ តែផ្ទុយទៅវិញ មកទល់នឹងពេលនេះ គឺគ្មានដំណោះស្រាយ ណាមួយឡើយ៕

សូមទស្សនាទិដ្ឋភាព នៅពេលកើតហេតុ ទាំងអស់គ្នា៖

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]