អង់គ្លេស៖ រថយន្តទំនើបមួយគ្រឿង ត្រូវបានមនុស្សជាច្រើន ដែលឆ្លងកាត់តាមដងផ្លូវមួយ នាំគ្នាចោមរោមមើល ប្រកបដោយភាពភ្ញាក់ផ្អើល ដោយសារតែវាត្រូវបាន គេបាញ់ថ្នាំក្រហម ជាអក្សរប្រកបដោយ អត្ថន័យដ៏ជាក់ស្តែងមួយ។

រថយន្តទំនើប ដែលត្រូវគេបាញ់ថ្នាំក្រហមដាក់

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រឿងរ៉ាវមួយនេះបានកើតឡើង នៅតាមដងផ្លូវ Basil ក្នុងទីក្រុង London ប្រទេសអង់គ្លេស ដោយក្នុងនោះគេអាចដឹងបានថា មាននារីម្នាក់ បានយកថ្នាំក្រហមទៅបាញ់ លើរថយន្តទំនើបប្រភេទ Range Rover Vougue TDV6 AU ដែលមានតម្លៃជាង ១០ម៉ឺនដុល្លារ។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា ទង្វើមួយនេះគឺជាស្នាដៃ របស់មិត្តស្រីម្នាក់ ដែលខូចចិត្ត និងមានចិត្តខឹងសម្បារ ចំពោះបុរសជាគូស្នេហ៍ ទើបនាងបានសម្រេចចិត្ត ទិញថ្នាំក្រហមទៅបាញ់ លើរថយន្តជាទីសំណព្វ របស់គេទាំងកណ្តាលវាល ដោយក្នុងនោះ នាងបានសរសេរពាក្យថា “Cheater- it’s over” មានន័យថា (មនុស្សបោកប្រាស ចប់គ្នាទៅ)។

មិនយូរប៉ុន្មានក្រោយមក គេក៏បានឃើញបុរស ពាក់អាវយឺតពណ៌ស និងមានវ៉ែនតាខ្មៅផងនោះ ដែលមានទឹកមុខក្រហមខ្លាំង បានដើរចូលក្នុងរថយន្ត ដោយមិនមាននិយាយស្តី អ្វីមួយម៉ាត់ឡើយ។ មិនត្រឹមតែប៉ុណ្ណឹងទេ បុរសនោះក៏បានជួប រឿងស៊យមួយជាន់ទៀត ពោលគឺរូបគេទទួលបាន សំបុត្រពិន័យតម្លៃ ជាង១៨៨ដុល្លារ ក៏ព្រោះតែចតនៅលើ បន្ទាត់ខ្សែពណ៌លឿង អស់រយៈពេល២ម៉ោង។

ជាមួយគ្នានេះដែរ មនុស្សជាច្រើនដែលបាន ឃើញទិដ្ឋភាពមួយនេះ សុទ្ធតែមានអារម្មណ៍ ភ្ញាក់ផ្អើល ក៏ប៉ុន្តែពួកគេគ្រប់គ្នាសុទ្ធ តែបានដឹងថា តើទង្វើនេះផ្តើមចេញពី រឿងអ្វីហើយ។ យ៉ាងណាមិញ នេះក៏អាចជាគំរូមួយ ស្ថិតនៅក្រោមហេតុផល ដែលបុរសៗមួយចំនួន លួចលាក់ក្បត់ចិត្តគូស្នេហ៍ របស់ខ្លួន ដូច្នេះដើម្បីការពារកុំឲ្យមានរឿងស្រដៀងគ្នានេះ កើតឡើងជៀសវាង ការមានគូស្នេហ៍ច្រើន ក្នុងពេលតែមួយ៕ 

ប្រភព៖ ដេលីម៉េល

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ កាលពីពេលថ្មីៗនេះ វីដេអូឃ្លីបមួយខ្សែ បាននិងកំពុងតែ ល្បីល្បាញយ៉ាងខ្លាំង នៅលើបណ្តាញអ៊ីនធឺណែត របស់ប្រទេសចិន ដោយបង្ហាញឲ្យឃើញ បុរសជាប្តី ចាប់វាយប្រពន្ធ យ៉ាងព្រៃផ្សៃ នៅចំពោះមុខកូនស្រី របស់ពួកគេ ដែលកំពុងតែ ឈរស្រែកយំ នៅតាមដងផ្លូវសាធារណៈមួយ ក្នុងទីក្រុង Chengdu ប្រទេសចិន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាប្តី ដែលហ៊ានលើកដៃ វាយប្រពន្ធ គ្មានត្រាប្រណី រូបនោះ បានជឿជាក់ថា ប្រពន្ធរបស់គាត់ កំពុងលួចក្បត់ចិត្តគាត់ ទើបបណ្តាលឲ្យផ្ទុះកំហឹង ចាប់វាយប្រពន្ធ នៅតាមដងផ្លូវតែម្តង ខណៈអ្នកដំណើរ នៅក្បែរកន្លែងកើតហេតុ ព្យាយាមចូលឃាត់ដែរ ប៉ុន្តែមិនអាចបញ្ឈប់កំហឹង របស់បុរសរូបនោះ បានឡើយ។

យ៉ាងណាមិញ បុរសគ្មានចិត្តធម៌មេត្តារូបនោះ បានក្លាយជា មុខសញ្ញា ក៏ដូចជាសត្រូវ លេខ១ របស់អ្នកនិយម ប្រើប្រាស់បណ្តាញសង្គម ក្នុងប្រទេសចិន ដោយមានអ្នកប្រើប្រាស់ រាប់ពាន់នាក់ បញ្ចេញមតិរិះគន់ ចំពោះទង្វើរបស់គាត់។

ខាងក្រោមនេះ គឺជាមតិខ្លះៗ ពីអ្នកនិយមប្រើប្រាស់ បណ្តាញសង្គម Weibo៖

«នៅចំពោះមុខ កូនរបស់គាត់ បុរសរូបនេះ គឺជាបិសាច»។

«ខ្ញុំសប្បាយចិត្ត ដែលនៅមានមនុស្សជាច្រើន ចូលជួយ ស្រ្តីរងគ្រោះ។ ខ្ញុំពិតជាកោតសរសើរ ចំពោះប្រជាជន ដែលរស់នៅក្នុងទីក្រុង Chengdu ណាស់»។

«ខ្ញុំមិននិយាយទេថា បុរសដែលកំពុងវាយប្រពន្ធម្នាក់នេះ គឺជាសម្រាម។ ខ្ញុំនិយាយថា បុរសទាំងអស់ ដែលហ៊ានលើកដៃ វាយប្រពន្ធ គឺសុទ្ធតែជាសម្រាម»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]