ភ្នំពេញ៖ ភីអិនអិន ស្ថានីយទូរទស្សន៍ថ្មីបំផុតនៅកម្ពុជា ភីអិនអិន បានបំពាក់ម្កុដតំណាងប្រទេសជាលើកដំបូង ដល់បេក្ខជន បេក្ខនារី ជ័យលាភី ក្នុងកម្មវិធី សម្រស់ឯកវាយនភ័ណ្ឌ ឆ្នាំ២០១៦ ដែលប្រារព្ធធ្វើ និងផ្សាយផ្ទាល់ចេញពីស្ទូឌីយ៉ូ ភីអិនអិន កាលពីថ្ងៃអាទិត្យ ទី១ ខែឧសភាកន្លងទៅ។ 

ព្រឹត្តិការណ៍នេះ គឺជាលើកទីមួយសម្រាប់ ស្ថានីយទូរទស្សន៍ ភីអិនអិន ដែលទទួលរៀបចំធ្វើ ហើយរំពឹង នឹងបន្តធ្វើជារៀងរាល់ឆ្នាំទៅមុខទៀត។ ការប្រកួតប្រជែងនេះផងដែរ ក៏ជាកិច្ចសហការរវាង ភីអិនអិន ជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា។ ជ័យលាភីលេខ១ ផ្នែកបុរស បានទៅលើ បេក្ខជន ភីន ភក្តី អាយុ ២៤ឆ្នាំ មកពីខេត្តព្រៃវែង បម្រើការជាកម្មករក្នុងរោងចក្រកាត់ដេរ Eclat Textile រាជធានីភ្នំពេញ។ ជ័យលាភីលេខ១ ផ្នែកនារី បានទៅលើ បេក្ខនារី សុន សុខហឿន អាយុ ២១ឆ្នាំ មកពីខេត្តព្រៃវែង បម្រើការជាកម្មការនីក្នុងរោងចក្រស្បែកជើង Golden Gain Shoe រាជធានីភ្នំពេញ។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានឡើងជាកិត្តិយសផ្តល់ពាន សម្រាប់បេក្ខជន បេក្ខនារី ជ័យលាភីទាំង៦រូប ក្នុងព្រឹត្តិការណ៍នេះផងដែរ។ បងប្អូនកម្មករ កម្មការនី សរុបចំនួន៤០រូប ត្រូវបានជ្រើសសម្រាប់ការប្រកួតប្រជែង ក្នុងកម្មវិធីសម្រស់ឯកវាយណភ័ណ្ឌ ដែលបានប្រព្រឹត្តទៅក្នុងស្ទូឌីយ៉ូ ស្ថានីយទូរទស្សន៍ ភីអិនអិន កាលពីវេលាម៉ោង ៥ ដល់ម៉ោង ៧យប់ ថ្ងៃអាទិត្យ ទី១ ខែឧសភា។ វិញ្ញាសារចំបងក្នុងកម្មវិធីនេះ គឺផ្តោតសំខាន់លើសម្រស់ ចំណេះដឹងក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ និងភាពជឿជាក់ របស់បេក្ខជន និងបេក្ខនារី ទាំង៤០រូប។ 

លើសពីនេះ បេក្ខជន បេក្ខនារី ទាំង៤០រូប ក្នុងវគ្គផ្តាច់ព្រ័ត នៃកម្មវិធីសម្រស់ឯកវាយនភ័ណ្ឌ ឆ្នាំ២០១៦ គឺជ្រើសចេញពីបងប្អូនកម្មករ កម្មការនីរាប់ពាន់នាក់ ដែលបានដាក់ពាក្យប្រកួតប្រជែង ថ្នាក់តំបន់នាពេលកន្លងមក។ សម្រាប់បេក្ខជន ភីន ភក្តី និងបេក្ខនារី សុន សុខហឿន ដែលឈ្នះជ័យលាភីលេខ១ គឺទទួលបានពានម្នាក់មួយ និងថវិកាម្នាក់ ៤លានរៀល រួមនឹងផលប្រយោជន៍ ផ្សេងៗជាច្រើនទៀត ខណៈបេក្ខជន បេក្ខនារី ជាប់ចំណាត់ថ្នាក់លេខ ២ ទទួលបានថវិកាម្នាក់ ៣លានរៀន និងលេខ៣ ទទួលបានថវិកាម្នាក់ ២លានរៀន ជាមួយអត្ថប្រយោជន៍ផ្សេងៗ មួយចំនួនទៀតផងដែរ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]