(ភ្នំពេញ)៖ កម្លាំងនគបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការភ្លាមៗ រហូតតាមបង្ក្រាប និងចាប់ខ្លួនក្រុមចោរប្លន់ម៉ូតូចំនួន៣នាក់ ក្រោយពីពួកគេបានធ្វើសកម្មភាព យប់មិញ។

លោក ហួ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ Fresh News ថា នៅវេលា​ម៉ោង​១០៖៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៦ មានករណីវាយប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច នៅចំណុះផ្លូវលំភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ។

ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចមក ក្រោមការបញ្ជាពីស្នងការ និងលោកអធិការនគរបាលខណ្ឌមានជ័យ នៅព្រឹកនេះ លោកបានដឹកនាំកម្លាំងនគរបាលខណ្ឌ សហការជាមួយប៉ុស្តិ៍ បានធ្វើការជ្រាយជ្រាវភ្លាមៗ រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់។

ជនសង្ស័យទី១ឈ្មោះ ហេង សាមឿន ហៅ ពៅ អាយុ៣៦ឆ្នាំ មុខរប រតម៉ូតូឌុប មានទីលំនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី២ឈ្មោះកាន់ បញ្ជរិទ្ធ អាយុ៣១ឆ្នាំ មានទីលំនៅព្រែកទាល់មុខរប មិនពិតប្រាកដ និងទី៣ ឈ្មោះញិល តុលា អាយុ៣៣ឆ្នាំ មុខរប ដើររើសអេបចាយ មានទីលំនៅ ភូមិព្រែលទាល់។ដោយឡែកជនរងគ្រោះវិញ មានឈ្មោះ ពិសី អាយុ២៣ឆ្នាំ រស់នៅភូមិចំរើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។

ជនសង្ស័យត្រូវបានធ្វើសំណុំរឿង បញ្ជូនទៅកាន់តុលាការ។ រីឯម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះ វិញផងដែ៕

ផ្តល់សិទ្ធិដោយ៖ FreshNews

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា មានក្រុម​ចោរប្លន់​ដ៏​សកម្ម​ពីរ​នាក់​ ក្នុង​ចំណោម​បក្ខពួក​៤​នាក់​ ដែល​ប្រដាប់​ដោយ​អាវុធ​អាកា មួយ​ដើម ធ្វើ​សកម្មភាព​ប្លន់​ប្រជាពលរដ្ឋ​ពលរដ្ឋ​ ស្ទើរតែ​គ្រប់​ស្រុក​នៃ​ខេត្តកំពត​។ ក្រោយ​ពី​សមត្ថកិច្ច​ វែកមុខ​បង្ក្រាប​បាន​ កាលពី​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៦​កន្លង​មកនេះ នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែមេសា​នេះ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្ត​ បាន​ធ្វើ​សន្និសីទ​ព័ត៌មាន​ បង្ហាញមុខ​ឲ្យ​មហាជន​​បានដឹង​អំពី​សកម្មភាព​ប្លន់​ របស់​ពួក​គេ​កន្លង​មក​។

លោក​វរសេនីយឯក សៅ សំ​អឿ​ន ស្នងការ​រង​ និង​ជា​នាយការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ ស្នងការ​ខេត្ត​ បាន​មាន​ប្រសាសន៍​ថា ដោយ​មានការ​បញ្ជា និង​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយត្រី ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​គ្រប់​ស្រុក​បាន​ចេញ​ល្បាត​ជា​ប្រចាំ និង​តាមដាន​រហូត​ឈាន​ទៅ​ព័ទ្ធ​ចាប់​បាន​ជនសង្ស័យ​ពីរ​នាក់​។

ចំណែក​ពីរ​នាក់​ទៀត​ បាន​រត់គេច​ខ្លួន ខណៈ​ពួក​គេ​បាន​បង្ហាញខ្លួន​ នៅ​ពេល​យក​គ្រឿងអលង្ការ​ដែល​ប្លន់​បាន​ ពី​ពលរដ្ឋ​ទៅ​លក់​នៅ​ក្នុង​ផ្សារ​ស្រុក​ឈូក​។ លោកស្នងការ​រង​បាន​បន្ត​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ចោរប្លន់​ ប្រដាប់​អាវុធ​នេះ​ កម្លាំង​សមត្ថកិច្ច​ បាន​ចំណាយ​ពេលវេលា​ អស់​ជា​ច្រើន​ថ្ងៃ ដើម្បី​តាមដាន​សកម្មភាព​ របស់​ក្រុម​នេះ តាម​ប្រមាញ់ មាន​ករណី​ខ្លះ​មាន​ទាំង​ផ្ទុះអាវុធ​ទៀត​ផង​។ ប៉ុន្តែ​ក្រុម​នេះ​នៅ​តែ​ផ្គើន​ដាក់​សមត្ថកិច្ច​ហើយ​បន្ត​ធ្វើ​សកម្មភាព​ ប្លន់​ជា​បន្តបន្ទាប់​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ទាំង​៥​ក្នុង​ខេត្តកំពត​រហូត​ដល់​ទៅ​៩​លើក​ក្នុង​ដើមឆ្នាំ​២០១៦​នេះ​។

លោកស្នងការ​រង​បន្ថែម​ថា បើ​តាម​ជីវប្រវត្តិ​ជនល្មើស​ទី​១.​ឈ្មោះ មួ​ង រ៉េ​ត ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ​(​ពាក់អាវ​ខ្មៅ​) មាន​ទីលំនៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរ​ជ័យ​ជា​អ្នក​កាន់​កាំភ្លើង​អាកា​ស្វាយ​បត់​មួយ​ដើម​នេះ ធ្លាប់​ជាប់គុក​៦​ឆ្នាំ​ទើបតែ​រួច​ពី​គុក​ថ្មី​ៗ​នេះ ទី​២.​ឈ្មោះ​អ៊ុ​ក មឿ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​នេះ​ក៍​ធ្លាប់​ជាប់គុក​មួយ​ឆ្នាំ​ផង​ដែរ​នៅ​ខេត្តសៀមរាប ជន​នេះ​ជា​អ្នក​ចាំ​ស៊ើប​គោលដៅ​ប្លន់​ ទី​៣.​ឈ្មោះ​កឹ​ម ចេក ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ក៍​ធ្លាប់​ជាប់គុក​២​លើក​ដែរ​(​រត់គេច​ខ្លួន​)​ទី​៤.​ឈ្មោះ​ចាន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ក្នុង​ខេត្តតាកែវ​(​បាន​រត់គេច​ខ្លួន​)​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ស្ទើរតែ​ទូ​ទាំង​ខេត្ត​ទៅ​ហើយ​ដែល​មាន​ជន​រង​គ្រោះ​ដោយសារ​ពួក​គេ​ទាំង​៤​នាក់​នេះ ធ្វើ​សកម្មភាព​ប្លន់​សូ​ម្បី​តែ​បន្តិចបន្តួច​ក៏​ប្លន់​ដែរ​។ ពិសេស​ប្រជាពលរដ្ឋ​ដែល​ចេញពី​ហូប​ការ បុណ្យ​និង​លក់​ចាប់ហួយ​ជាដើម ដោយ​ពួក​គេ​បាន​ប្រើ​រូបភាព​ប្លែក​ៗ​ដូច​ជា​យក​មែកឈើ​ទៅ​បាំង​ផ្លូវ​អ្នកដំណើរ ឬ​បន្លំ​ធ្វើ​ជា​ចូល​ទិញ​របស់របរ​ជាដើម ក្នុង​នោះ​រួម​មានស្រុក បន្ទាយមាស អង្គរ​ជ័យ ដងទង់ និង​ស្រុក​ជុំ​គី​រី​ជាដើម​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]