ខេត្តកំពត ៖ ក្រុម​ចោរប្លន់​ដ៏​សកម្ម​ពីរ​នាក់​ក្នុង​ចំណោម​បក្ខពួក​៤​នាក់​ដែល​ប្រដាប់​ដោយ​អាវុធ​អាកា មួយ​ដើម ធ្វើ​សកម្មភាព​ប្លន់​ប្រជាពលរដ្ឋ​ពលរដ្ឋ​ស្ទើរតែ​គ្រប់​ស្រុក​នៃ​ខេត្តកំពត​។ ក្រោយ​ពី​សមត្ថកិច្ច​វែកមុខ​បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៦​កន្លង​មកនេះ នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែមេសា​នេះ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​ធ្វើ​សន្និសីទ​ព័ត៌មាន​បង្ហាញមុខ​ឲ្យ​មហាជន​បានដឹង​អំពី​សកម្មភាព​ប្លន់​របស់​ពួក​គេ​កន្លង​មក​។

លោក​វរសេនីយឯក សៅ សំ​អឿ​ន ស្នងការ​រង​និង​ជា​នាយការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ ស្នងការ​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ដោយ​មានការ​បញ្ជា និង​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយត្រី ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​គ្រប់​ស្រុក​បាន​ចេញ​ល្បាត​ជា​ប្រចាំ និង​តាមដាន​រហូត​ឈាន​ទៅ​ព័ទ្ធ​ចាប់​បាន​ជនសង្ស័យ​ពីរ​នាក់​។

ចំណែក​ពីរ​នាក់​ទៀត​បាន​រត់គេច​ខ្លួន ខណៈ​ពួក​គេ​បាន​បង្ហាញខ្លួន​នៅ​ពេល​យក​គ្រឿងអលង្ការ​ដែល​ប្លន់​បាន​ពី​ពលរដ្ឋ​ទៅ​លក់​នៅ​ក្នុង​ផ្សារ​ស្រុក​ឈូក​។ លោកស្នងការ​រង​បាន​បន្ត​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ចំណាយ​ពេលវេលា​អស់​ជា​ច្រើន​ថ្ងៃ ដើម្បី​តាមដាន​សកម្មភាព​របស់​ក្រុម​នេះ តាម​ប្រមាញ់ មាន​ករណី​ខ្លះ​មាន​ទាំង​ផ្ទុះអាវុធ​ទៀត​ផង​។ ប៉ុន្តែ​ក្រុម​នេះ​នៅ​តែ​ផ្គើន​ដាក់​សមត្ថកិច្ច​ហើយ​បន្ត​ធ្វើ​សកម្មភាព​ប្លន់​ជា​បន្តបន្ទាប់​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ទាំង​៥​ក្នុង​ខេត្តកំពត​រហូត​ដល់​ទៅ​៩​លើក​ក្នុង​ដើមឆ្នាំ​២០១៦​នេះ​។

លោកស្នងការ​រង​បន្ថែម​ថា បើ​តាម​ជីវប្រវត្តិ​ជនល្មើស​ទី​១.​ឈ្មោះ មួ​ង រ៉េ​ត ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ​(​ពាក់អាវ​ខ្មៅ​) មាន​ទីលំនៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរ​ជ័យ​ជា​អ្នក​កាន់​កាំភ្លើង​អាកា​ស្វាយ​បត់​មួយ​ដើម​នេះ ធ្លាប់​ជាប់គុក​៦​ឆ្នាំ​ទើបតែ​រួច​ពី​គុក​ថ្មី​ៗ​នេះ ទី​២.​ឈ្មោះ​អ៊ុ​ក មឿ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​នេះ​ក៍​ធ្លាប់​ជាប់គុក​មួយ​ឆ្នាំ​ផង​ដែរ​នៅ​ខេត្តសៀមរាប ជន​នេះ​ជា​អ្នក​ចាំ​ស៊ើប​គោលដៅ​ប្លន់​ ទី​៣.​ឈ្មោះ​កឹ​ម ចេក ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ក៍​ធ្លាប់​ជាប់គុក​២​លើក​ដែរ​(​រត់គេច​ខ្លួន​)​ទី​៤.​ឈ្មោះ​ចាន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ក្នុង​ខេត្តតាកែវ​(​បាន​រត់គេច​ខ្លួន​)​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ស្ទើរតែ​ទូ​ទាំង​ខេត្ត​ទៅ​ហើយ​ដែល​មាន​ជន​រង​គ្រោះ​ដោយសារ​ពួក​គេ​ទាំង​៤​នាក់​នេះ ធ្វើ​សកម្មភាព​ប្លន់​សូ​ម្បី​តែ​បន្តិចបន្តួច​ក៏​ប្លន់​ដែរ​។ ពិសេស​ប្រជាពលរដ្ឋ​ដែល​ចេញពី​ហូប​ការ បុណ្យ​និង​លក់​ចាប់ហួយ​ជាដើម ដោយ​ពួក​គេ​បាន​ប្រើ​រូបភាព​ប្លែក​ៗ​ដូច​ជា​យក​មែកឈើ​ទៅ​បាំង​ផ្លូវ​អ្នកដំណើរ ឬ​បន្លំ​ធ្វើ​ជា​ចូល​ទិញ​របស់របរ​ជាដើម ក្នុង​នោះ​រួម​មានស្រុក បន្ទាយមាស អង្គរ​ជ័យ ដងទង់ និង​ស្រុក​ជុំ​គី​រី​ជាដើម​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]