ប៉េរូ៖ កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត បានរំជួលចិត្ត និងកោតសរសើរយ៉ាងខ្លាំង ចំពោះសិស្សស្រីម្នាក់ ដែលបានធ្វើទង្វើដ៏ល្អ ចំពោះសត្វសុនខអនាថា តាមផ្លូវមួយក្បាល ខណៈមេឃកំពុងតែភ្លៀង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីរូបនោះ ត្រូវបានគេស្គាល់ឈ្មោះថា Daniela Segura Morales គឺជានិស្សិតផ្នែកវិស្វកម្មម្នាក់ ដែលត្រូវបាន គេប្រទះឃើញនាង កំពុងតែអោបសត្វសុនខ អនាថាតាមផ្លូវមួយក្បាល នៅក្នុងទីក្រុង Huancayo នៃប្រទេសប៉េរូ ដើម្បីការងារវាពីទឹកភ្លៀង ដែលកំពុងតែបង្អុលធ្លាក់ចុះមក។

រូបភាព៖ នាង Daniela Segura Morales និងសុនខអនាថា

ជាមួយគ្នានេះដែរ គេសង្កេតឃើញ សត្វសុនខមួយក្បាលនោះ បានទេរខ្លួនទៅលើ នាង Daniela ខណៈនាងអោប និងបិទបាំងវា ដោយមិនខ្លាចសើម ឬទទឹកខ្លួនឡើយ។

គួរបញ្ជាក់ផងដែរថា ទិដ្ឋភាពដ៏គួរឲ្យរំជួលចិត្ត និងកោតសរសើរនោះ ត្រូវបានអ្នកដំណើរ នៅតាមផ្លូវថតបាន និងបង្ហោះទៅលើ បណ្តាញអ៊ីនធឺណែតតែម្តង។

ក្រោយមករូបថតនោះ ក៏ត្រូវបានគេចែកចាយ នៅលើទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា «Memes Fis UNCP» ដោយបានសរសេរថា «នៅតែមានមនុស្ស ខ្វាយខ្វល់ ពីសត្វដដែល... នាងកំពុងធ្វើឲ្យ សត្វសុនខតូចមួយក្បាល មានភាពកក់ក្តៅ ដោយមិនខ្វល់ ពីអ្នកដទៃ គិតយ៉ាងម៉េចឡើយ... បើសិនជាយើងទាំងអស់គ្នា ធ្វើតាមនាង ខ្ញុំអះអាងថាអ្នក នឹងធ្វើឲ្យប្រទេសនេះ ផ្លាស់ប្តូរជាមិនខាន»។

ចាប់តាំងពីរូបថតនោះ បានបង្ហោះមក វាទទួលបានការចុចមើល ចំនួន ១៣០,៧៦៨ និង Share រហូតដល់ទៅ ៧០០ដងឯណោះ។

យ៉ាងណាមិញ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គមម្នាក់ បានបញ្ចេញមតិថា «សូមបន្តការការពារ និងការថែរក្សា ចំពោះសត្វ ដែលពួកវាភាគច្រើន ត្រូវការខ្លាំងណាស់» ខណៈអ្នកដទៃទៀត បានបញ្ចេញមតិដែរថា «Daniela Segura Morales អ្នកពិតជាអស្ចារ្យណាស់ យើងទាំងអស់គ្នា គួរតែស្រលាញ់សត្វ ដូចអ្នកអីចឹង អ្នកគឺជាគំរូដ៏អស្ចារ្យមួយ»។

នៅទីបំផុត នាង Daniela ក៏បានចេញមកតបមតិ នៅលើរូបថតនោះ ដោយសរសេរថា «ខ្ញុំមិនដឹងថា ត្រូវនិយាយអ្វីឡើយ»៕

រូបភាព៖ នាង Daniela Segura Morales និងសុនខអនាថា

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត

យ៉ាងណាក៏ដោយ សត្វសុនខក៏ធ្លាប់ មានប្រវត្តិជួយសង្គ្រោះ ជីវិតមនុស្សផងដែរ ដោយក្មេងប្រុស អាយុ ២ឆ្នាំម្នាក់ អាចបន្តជីវិត យ៉ាងត្រដាបត្រដួសបំផុត ដោយផឹកទឹកដោះ សត្វសុនខផើមមួយក្បាល បន្ទាប់ពីរូបគេ ត្រូវបានម្តាយ បំបោះបង់ចោល នៅទីដាច់ស្រយាល មួយកន្លែង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មានមនុស្សប្រទះឃើញ ក្មេងប្រុសម្នាក់ កំពុងរស់នៅ យ៉ាងត្រដាបត្រដួស ដោយគ្មានអាហារ និងទឹក នៅឯតំបន់ដាច់ស្រយាលមួយ ក្នុងទីក្រុងអារីកា ភាគខាងជើង នៃប្រទេសឈីលី ហើយរូបគេ ត្រូវពឹងលើទឹកដោះ របស់សត្វឆ្កែផើមមួយក្បាល ដែលនៅក្បែរគេនោះ ដើម្បីបន្តជីវិត។

យ៉ាងណាមិញ បន្ទាប់ពីទទួលបាន ការរាយការណ៍រួចមក ប៉ូលីសក៏បានទៅដល់ ទីតាំងដែលក្មេងប្រុសកំសត់ កំពុងស្ថិតនៅ និងបានបញ្ជូនគេ ទៅកាន់មន្ទីរពេទ្យ ក្នុងស្រុក ដើម្បីធ្វើការព្យាបាល ក៏ព្រោះតែ គេកើតមាន រោគសើរស្បែក និងឆ្លងចៃ ពីសត្វឆ្កែ ដោយសារតែ មិនមានការមើលថែ ឲ្យបានត្រឹមត្រូវ។

ប្រភពដដែលបានបញ្ជាក់បន្ថែមឲ្យដឹងថា អំឡុងពេលដែលក្មេងប្រុសនោះ កំពុងសម្រាក​ នៅឯមន្ទីរពេទ្យ បុរសម្នាក់ និង ស្ត្រីស្រវឹងខួបម្នាក់​ ដែលអះអាងថា ជាម្តាយ និងឪពុក របស់ក្មេងនោះ ក៏បានមករកគេ ដល់មន្ទីរពេទ្យ តែទោះយ៉ាងណា ខាងក្រុមអាជ្ញាធរ មិនបានឲ្យពួកគេ ជួបក្មេងនោះ និងព្រមទាំង មិនប្រគល់ ក្មេងនោះ ទៅឲ្យពួកគេ វិញឡើយ ដោយបានបញ្ជូនគេ ទៅកាន់មណ្ឌលថែទាំកុមារ ជំនួសវិញ។

ជុំវិញករណីមួយនេះ លោក Diego Gajardo នាយប៉ូលីស ប្រចាំតំបន់ បាននិយាយថា “វាពិតជារឿងដ៏គួរឲ្យ ខ្មាសអៀន បំផុតមួយ ដែលម្តាយឪពុក យកកូនប្រុសរបស់ខ្លួន មកបំបោះបង់ចោល ដោយមិនគិតពី ជីវិតរបស់គេ ទុកឲ្យក្មេងប្រុសតូចនោះ រស់នៅយ៉ាងត្រដាបត្រដួស និងពឹងលើទឹកដោះ សត្វសុនខ ដើម្បីបន្តជីវិតទៅវិញ។ ចំពោះស្ថានភាពមួយនេះ យើងអាចចាត់ទុកបានថា វាជាអំពើអមនុស្សធម៍ និងជាកំហុសឆ្គង ដ៏ធំមួយ”។

ក៏គួរបញ្ជាក់ផងដែរថា មានមនុស្សជាច្រើន បានសម្តែង ការអាណិតអាសូរ ទៅដល់ក្មេងប្រុសនោះ ព្រមទាំងបាន រិះគន់ និងខឹងសម្បារ ចំពោះទង្វើ ម្តាយឪពុក របស់ក្មេងប្រុសនោះ ដែលបានធ្វើរឿងរ៉ាវ មិនគួរឲ្យជឿ បែបនេះឡើង៕

រូបភាព៖ សត្វសុនខ ដែលជួយសង្គ្រោះ ជិវិតក្មេងប្រុសនោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]