ឈីលី៖ វាជារឿងដ៏គួរឲ្យខ្លោចចិត្តបំផុតមួយ ដែលក្មេងប្រុស អាយុ ២ឆ្នាំម្នាក់ អាចបន្តជីវិត យ៉ាងត្រដាបត្រដួសបំផុត ដោយផឹកទឹកដោះ សត្វសុនខផើមមួយក្បាល បន្ទាប់ពីរូបគេ ត្រូវបានម្តាយ បំបោះបង់ចោល នៅទីដាច់ស្រយាល មួយកន្លែង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មានមនុស្សប្រទះឃើញ ក្មេងប្រុសម្នាក់ កំពុងរស់នៅ យ៉ាងត្រដាបត្រដួស ដោយគ្មានអាហារ និងទឹក នៅឯតំបន់ដាច់ស្រយាលមួយ ក្នុងទីក្រុងអារីកា ភាគខាងជើង នៃប្រទេសឈីលី ហើយរូបគេ ត្រូវពឹងលើទឹកដោះ របស់សត្វឆ្កែផើមមួយក្បាល ដែលនៅក្បែរគេនោះ ដើម្បីបន្តជីវិត។

យ៉ាងណាមិញ បន្ទាប់ពីទទួលបាន ការរាយការណ៍រួចមក ប៉ូលីសក៏បានទៅដល់ ទីតាំងដែលក្មេងប្រុសកំសត់ កំពុងស្ថិតនៅ និងបានបញ្ជូនគេ ទៅកាន់មន្ទីរពេទ្យ ក្នុងស្រុក ដើម្បីធ្វើការព្យាបាល ក៏ព្រោះតែ គេកើតមាន រោគសើរស្បែក និងឆ្លងចៃ ពីសត្វឆ្កែ ដោយសារតែ មិនមានការមើលថែ ឲ្យបានត្រឹមត្រូវ។


ក្មេងប្រុសកំសត់ ដែលត្រូវម្តាយឪពុក យកមកបំបោះបង់ចោល

ប្រភពដដែលបានបញ្ជាក់បន្ថែមឲ្យដឹងថា អំឡុងពេលដែលក្មេងប្រុសនោះ កំពុងសម្រាក​ នៅឯមន្ទីរពេទ្យ បុរសម្នាក់ និង ស្ត្រីស្រវឹងខួបម្នាក់​ ដែលអះអាងថា ជាម្តាយ និងឪពុក របស់ក្មេងនោះ ក៏បានមករកគេ ដល់មន្ទីរពេទ្យ តែទោះយ៉ាងណា ខាងក្រុមអាជ្ញាធរ មិនបានឲ្យពួកគេ ជួបក្មេងនោះ និងព្រមទាំង មិនប្រគល់ ក្មេងនោះ ទៅឲ្យពួកគេ វិញឡើយ ដោយបានបញ្ជូនគេ ទៅកាន់មណ្ឌលថែទាំកុមារ ជំនួសវិញ។

ជុំវិញករណីមួយនេះ លោក Diego Gajardo នាយប៉ូលីស ប្រចាំតំបន់ បាននិយាយថា “វាពិតជារឿងដ៏គួរឲ្យ ខ្មាសអៀន បំផុតមួយ ដែលម្តាយឪពុក យកកូនប្រុសរបស់ខ្លួន មកបំបោះបង់ចោល ដោយមិនគិតពី ជីវិតរបស់គេ ទុកឲ្យក្មេងប្រុសតូចនោះ រស់នៅយ៉ាងត្រដាបត្រដួស និងពឹងលើទឹកដោះ សត្វសុនខ ដើម្បីបន្តជីវិតទៅវិញ។ ចំពោះស្ថានភាពមួយនេះ យើងអាចចាត់ទុកបានថា វាជាអំពើអមនុស្សធម៍ និងជាកំហុសឆ្គង ដ៏ធំមួយ”។


ភួយដ៏កខ្វក់ សម្រាប់គ្របពីលើខ្លួន ក្មេងតូចម្នាក់នោះ ពេលដែលគេនៅម្នាក់ឯង

ក៏គួរបញ្ជាក់ផងដែរថា មានមនុស្សជាច្រើន បានសម្តែង ការអាណិតអាសូរ ទៅដល់ក្មេងប្រុសនោះ ព្រមទាំងបាន រិះគន់ និងខឹងសម្បារ ចំពោះទង្វើ ម្តាយឪពុក របស់ក្មេងប្រុសនោះ ដែលបានធ្វើរឿងរ៉ាវ មិនគួរឲ្យជឿ បែបនេះឡើង៕



សត្វសុនខ ដែលមានគុណ ផ្តល់ទឹកដោះចិញ្ចឹមជីវិត ក្មេងប្រុសកំសត់ម្នាក់នោះ

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]