បន្ទាយមានជ័យ៖ ជនប្រមឹកម្នាក់ តែងតែវាយធ្វើបាប ប្រពន្ធកូនរៀងរាល់ថ្ងៃ លុះនាងជាប្រពន្ធ ទ្រាំលែងបាន ចុះចេញពីផ្ទះ ដោយចង់ឲ្យប្រពន្ធមករួម រស់ជាមួយគ្នាវិញ បុរសជាប្តីបានទៅផឹកស្រា លុះស្រវឹងជោគជាំហើយ បានយកដាវសាមូរ៉ៃ មក គំរាម វាយធ្វើបាបកូនធ្វើ ជាចំណាប់ខ្មាំង ដើម្បីធ្វើឲ្យប្រពន្ធមករស់នៅ ជាមួយខ្លួន នៅផ្ទះវិញ ដែលហេតុការណ៍នេះបានកើតឡើង កាលពី ថ្ងៃទី១៨ សីហា ២០១២ វេលាម៉ោង២និង៣០នាទី រសៀល ក្រោយពីមានបណ្តឹងពីប្រពន្ធ កម្លាំង អ ហ ស្នាក់ការសនិ្តសុខលេខ ៩៩៩ ខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ បានចុះ អន្តរាគមន៍ និងឃាត់ខ្លួនប្តីប្រមឹករូបនោះបញ្ជូន ទៅតុលាការចាត់ការ តាមច្បាប់។

លោក ម៉ែន ភីរម្យ មេបញ្ជាការរងនិងជាប្រធានមន្ទីរស្រាវជ្រាវ នៃ អ ហ ខេត្តបន្ទាយមានជ័យ បានឲ្យដឹង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ ថា ក្រោយពីទទួល បានពាក្យបណ្តឹងពីនាងជាប្រពន្ធ កម្លាំងស្នាក់ការសន្តិសុខ លេខ999 ប្រចាំការនៅចំណុចខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ លោក តាំង សុខហេង ប្រធានស្នាក់ការបាន ដឹកនាំ កម្លាំងចុះអន្តរាគមន៍ រំដោះកូនប្រុសបង្កើតឈ្មោះ ម៉ៅ លីហៀង អាយុ៩ឆ្នាំដែលឪពុកវាយធ្វើបាប យកដាវភ្ជុងកនឹងគំរាមកាប់ជាកង់ៗ ហើយក៏បានឃាត់ខ្លួនឪពុកប្រមឹកឈ្មោះ ម៉ៅ រ៉ន អាយុ៥៤ឆ្នាំយកមកសួរនាំផងដែរ។

លោក ម៉ែន ភិរម្យបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចសួរនាំជនប្រមឹកធ្វើបាបប្រពន្ធកូននេះ បានសារភាពថារូបគេពិតជាបានធ្វើដូច្នោះមែន ហើយការធ្វើនេះក៏ព្រោះតែខឹងប្រពន្ធរត់ចោល ហើយចង់ឲ្យប្រពន្ធត្រលប់មករស់នៅជាមួយវិញទើបប្រើទង្វើបែបនេះ។

ក្រោយសួរនាំនៅល្ងាចម្សិលមិញថ្ងៃទី19ខែសីហា ជនប្រមឹកនេះត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមច្បាប់រួចរាលផងដែរ៕

ដោយៈ ប៊ុន សំណាង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]