ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២០ ​មេសា ​២០១៦​ ​អ្នក​​សារ​ព័​ត៌​មាន​ចំនួន​​៣​នាក់ ​​១-​​លោក​អុក ទូច អាយុ​៤៣​ឆ្នាំ ភ្នាក់ងារ​សារ​ព័ត៌មាន​កម្ពុជា​អភិវឌ្ឍន៍ មានទីលំ​​នៅ​ក្នុង​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ, ​​២-​លោក​អៀង សារ៉ូ​ន្នី​យ៉ា អាយុ​៣៧​ឆ្នាំ ភ្នាក់​ងា​​រ​ទូរទស្សន៍​​ប៉ុស្តិ៍​លេខ​៥ និង៣-​លោក​ឡោ សុខ​ហៃ អាយុ​៤៥​ឆ្នាំ ភ្នាក់ងារ​ទូរទស្សន៍​អប្សរា​ ANN ​ទាំង​២​នាក់ ​រស់នៅ​ក្រុងប៉ៃលិន ត្រូវ​​បាន​លោកជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ចេញ​ដីការ​កោះហៅ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​​ពាក្យ​បណ្តឹង​របស់ខ្លួន ។

លើ​ករណី​​មន្ត្រី​នគរបាល​ស្រុក​សាលា​ក្រៅ​ម្នាក់ជិះ​ម៉ូតូ​ យក​កាំភ្លើង​ម៉ាក​អាកា​ស្វាយ​បត់​ទៅ​គំរាម​​ប៉ង​បាញ់​សម្លាប់​លោក​អុក ទូ​ច នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន បន្ទាប់​ពី​បាន​ចុះ​ទៅ​សួរនាំ​ប្រជាពលរដ្ឋ​មួយ​កន្លែង​នៅ​ក្នុងភូមិ ដែល​ត្រូវ​មន្ត្រី​នគរបាល​ខិល​ខូច​រូប​នោះ ​យក​កាំភ្លើង​ទៅ​បាញ់បោះ​សេរី​អស់​​ចំនួន​៤​គ្រាប់ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ។ លុះ​​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​​វិញ ស្រាប់តែ​នគរបាល​រូប​នោះ បាន​ជិះ​ម៉ូតូ​ស្លៀកពាក់​ឯកសណ្ឋាន​នគរបាល ស្ពាយ​កាំភ្លើង​យក​ទៅ​ភ្ជង់​គម្រាម​បាញ់​សម្លាប់​តែ​ម្តង តែ​លោក​អ៊ុ​ក ទូច បាន​និយាយ​សម្របសម្រួល​ទាន់​ពេលវេលា ។

គួរ​រំលឹក​ថា ហេតុការណ៍គំរាម​​បាញ់​សម្លាប់​អ្នក​សារព័ត៌មាន​ម្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​១០ ខែមេសា កន្លង​ទៅ ស្ថិត​នៅ​ក្នុងផ្ទះ​របស់​​ជន​រង​គ្រោះ​ឈ្មោះ​អ៊ុ​ក ទូច ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​អភិ​វឌ្ឍន៍ រស់នៅ​ភូមិ-ឃុំ​ខាងលើ ។

ចំណែក​​ការ​បាញ់បោះ​សេរី​បាន​កើតឡើង កាលពី​វេលា​ម៉ោង០​៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៤ ​មេសា ​​២០១៦ ដោយ​ជនសង្ស័យ​ម្នាក់ ឈ្មោះឃា សុ​ខន ហៅ​ក្តាម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​មន្ត្រី​នគរបាល​ប្រចាំ​នៅ​ស្រុក​សាលា​ក្រៅ បាន​នាំ​គ្នា​ផឹកស៊ី​ស្រវឹង​ជាមួយ​មិត្តភក្តិ រួច​យក​កាំភ្លើង​អាកា​ស្វាយ​បត់​បាញ់​ចូល​ទៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​អស់​ចំនួន​៤​គ្រាប់ នៅ​ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ តែ​មិន​បណ្តាល​ឱ្យ​រង​របួស​នរណា​ម្នាក់​នោះ​ឡើយ ហើយ​រើស​បាន​សំបក​គ្រាប់​ចំនួន​៤ និង​ក្បាល​គ្រាប់​១​ផង​ដែរ ។

​សូម​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​១០ ​មេសា កន្លង​ទៅ បន្ទាប់​ពី​អ្នក​សារព័ត៌មាន​ទូរទស្សន៍​​២​នាក់ ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ​ហើយ ទើប​ប៉ូលិស​ទំនើង​​ខាងលើ​ ជិះ​ម៉ូតូ​យក​កាំភ្លើង​ទៅ​ភ្ជង់​បាញ់​សម្លាប់​​​ ។ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១១ មេសា លោក​អ៊ុ​ក ទូច បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អយ្យការ​អម​សាលាដំបូង ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាង​​នេះ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២០ ​មេសា ​២០១៦​ នេះ លោកជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចាប់ផ្តើម​ចេញ​ដីការ​កោះហៅ​ជន​រង​គ្រោះ លោកអ៊ុ​ក ទូច ចូល​បំភ្លឺ​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២០ ​មេសា ចំណែក​ភ្នាក់ងារ​ទូរទស្សន៍​២​នាក់​ទៀត លោក​ព្រះរាជអាជ្ញា​កោះហៅ​ឱ្យ​ចូល​ទៅ​បំភ្លឺ​ធ្វើ​ជា​សាក្សី​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល ។

តែ​មិន​ទាន់​មាន​ចំណាត់ការ​យ៉ាងណា​ ទៅ​លើ​ជនសង្ស័យជា​មន្ត្រី​នគរបាល​នៅឡើយ​ទេ ដោយ​លោកជា វ៉ា​ន់​រ៉​ន ក្រឡាបញ្ជី​ព្រះរាជ​អាជ្ញា​អះ​អាង​ថា កំពុង​សាកសួរ​ជន​រង​គ្រោះ ​និង​សាក្សី ហើយ​នៅ​ពេល​ក្រោយ​​នឹង​ឈាន​ដល់កោះហៅ​ជនសង្ស័យ​បាញ់បោះ​សេរី​នោះ​យក​មក​សួរនាំ​ម្តង រួច​នឹង​ចាត់ការ​បន្ត​បើសិនជា​មាន​ករណី​គម្រាម​បាញ់​អ្នកកាសែត​មែន​នោះ ។ ចាំមើល តើច្បាប់​ចាត់ការ​បែប​ណា​ចំពោះ​ប៉ូលិស​ទំនើង​ម្នាក់នេះ ។ យក​ល្អ​បញ្ឈព់​ការងារ​គាត់ទៅ ទុក​ក៏មិន​ចំណេញ​ដែរ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]