អេស្ប៉ាញ៖ នារីម្នាក់បានរួចជីវិត ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះ ក្នុងអគារ ដោយលោតចុះពីអគារ តែយ៉ាងណាមិញ នៅតែទទួលរងរបួសធ្ងន់ធ្ងរ ទោះបីជាមានអ្នកជិតខាងជាច្រើននាក់ បានព្យាយាម ចាំជួយត្រងពេលនាងធ្លាក់មកក៏ដោយ។

វីដេអូរន្ធត់មួយ បង្ហាញពីទិដ្ឋភាពភ្លើងឆេះ នៅក្នុងបន្ទប់អគារមួយកន្លែង ស្ថិតនៅជាន់ទី៣ ដែលគេឃើញថា នារីរងគ្រោះ​មានស្លៀកត្រឹមតែខោក្នុង និងអាវទ្រនាប់តែប៉ុណ្ណោះ។ 

បើតាមប្រភព បានឲ្យដឹងថា ហេតុការណ៍មិនគួរឲ្យជឿ ដែលនារីខាងលើអាចគេចខ្លួនបាននោះ កើតឡើងនៅក្នុងទីក្រុង Cedeira ក្នុងតំបន់ Galicia នៃប្រទេស អេស្ប៉ាញ នៅចន្លោះម៉ោងប្រហែលជា ១០ព្រឹក កាលពីថ្ងៃសៅរ៍ កន្លងទៅថ្មីៗនេះ។

ប្រភពបន្តថា នារីខាងលើ មានវ័យ៤៧ឆ្នាំ បានភ័យស្លន់ស្លោជាខ្លាំង នៅពេលដែល ឆ្លងចន្តអគ្គីសនី ហើយក៏បានផ្ទុះ នៅទ្វារខាងមុខនៃប្លុកអគារ ផ្ទះល្វែងមួយនោះ បណ្តាលឲ្យមានផ្សែងហុយជុកជាក់ពេញអគារតែម្តង ។ ភ្លាមនោះដែរ នាងក៏បានរកផ្លូវរត់គេច ដោយព្យាយាមដើរទៅជិតទ្វារកញ្ចក់ ទាំងមានផ្សែងហុយទ្រលោម ហើយតោងបង្អួចខាងក្រៅ ទម្លាក់ខ្លួនមកតែម្តង។

អ្នកជិតខាងបាននាំគ្នាយកក្រណាត់ ភួយ មកចាំត្រងនាង ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់ជីវិត។ អ្នកបើកឡានតាក់ស៊ីម្នាក់ ឃើញហេតុការណ៍នោះ​ ប្រាប់ថា «ខ្ញុំបានឃើញខ្លួននាងនៅខាងក្រៅបង្អួច ហើយមានផ្សែងជាច្រើននៅជុំវិញនាង សឹងតែមើលនាងមិនឃើញឡើយ»។ ក្រុមអ្នកពន្លត់អគ្គីភ័យ លើកឡើងថា នេះពិតជាសំណាងហើយ នាងនិងអាចស្លាប់ប្រសិនណា គ្មានប្រជាពលរដ្ឋចាំត្រងនាង ខណៈដែលនាងធ្លាក់មក។  

គួរបញ្ជាក់ដែរថា ភ្លាមៗនោះដែរ នារីរងគ្រោះក៏ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យផងដែរ ៕

ទស្សនាវីដេអូ៖

ប្រភព៖ Mirror

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ហេតុការណ៍ដូចគ្នានេះដែរ កាលពីពេលកន្លងទៅថ្មីនេះ ក៏មានបុរសម្នាក់ បានជាប់គាំងនៅក្នុងអគារមួយកន្លែង ហើយត្រូវបានភ្លើងឆាបឆេះ រហូតដល់ស្លាប់ យ៉ាងអាណោចអធ័ម ដែលហេតុការណ៍នេះ កើតឡើងនៅក្នុងទីក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន

បើតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ Li បានព្យាយាមគេចចេញពីអណ្តាតភ្លើងដែលឆេះ យ៉ាងសន្ធោសន្ធៅ តែទីបំផុតអស់ផ្លូវរត់គេច ត្រូវជាប់គាំងនៅយ៉របង្អួច រហូតដល់បាត់បង់ជីវិត។ យ៉ាងណាមិញ អ្នកដែលបានថតវីដេអូឃ្លីបទិដ្ឋភាពនោះបាន រងការរិះគន់ជាច្រើនពីអ្នកនិយមលេងបណ្តាញសង្គមផងដែរ។

ភ្នាក់ងារពន្លត់អគ្គីភ័យនៅ Guangdong Fire Service បានសរសេរនៅលើបណ្តាញសង្គម Weibo របស់ចិនថា «ពួកយើងពិតជាសោកស្តាយណាស់ នូវទង្វើរបស់អ្នកដែលថតវីដេអូឃ្លីប ដែលគ្មានចិត្តគ្មានថ្លើម មិនទៅជួយទេ តែបែរជាមកទាញទូរស័ព្ទកាន់ថតទៅវិញ ទាំងគ្នាស្រែកយំ ឲ្យជួយផងៗ»។ អ្នកបញ្ចេញមតិម្នាក់ទៀត លើកឡើងថា «ប្រាកដណាស់ វាប្រហែលជាអ្នកដែលថតវីដេអូនោះ បានរាយការណ៍ប្រាប់ប៉ូលិសរួចហើយ ទើបគេទាញទូរស័ព្ទមកថតយ៉ាងដូច្នេះនោះ» ។

យ៉ាងណាមិញ កាលពីឆ្នាំកន្លងទៅ អ្នកពន្លត់អគ្គីភ័យម្នាក់ លែងគិតច្រើន ប្រថុយមួយចានទឹកមួយចានគោក លោតពីលើអគារដែលកំពុង មានអគ្គីភ័យឆាបឆេះ ព្រោះខ្លួនគាត់កំពុងត្រូវភ្លើងឆេះដូចគ្នា។

ហេតុការណ៍មួយនេះ កើតឡើងនៅឯស្រុក Jianli ខេត្ត Hubei ដែលតាមពិតទៅ មុនពេលដែលអ្នកពន្លត់អគ្គីភ័យរូបនោះ បានលោតចុះមកក្រោម គឺគាត់មានបំណងចង់តោងខ្សែសណ្តោងមួយ ដើម្បីសម្រូតចុះមកនោះទេ តែដោយពេលនោះ មានភាពអាសន្នខ្លាំង ហើយភ្លើងបាន ឆាបឆេះខ្លួនគាត់ខ្លាំងទៅហើយ គាត់ក៏បានសម្រេចចិត្ត លោតចុះមកក្រោមទាំងប្រញ៉ាប់ប្រញ៉ាល់ ធ្វើឲ្យអ្នកឃើញហេតុការណ៍នោះ ភ័យស្លន់ស្លោរជាខ្លាំង។

ទោះជាយ៉ាងណាក៏ដោយ អ្នកពន្លត់អគ្គីភ័យខាងលើ ត្រូវបានគេរាយការណ៍ថា លោកមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ ប៉ុន្តែទទួលរងនូវរបួសបន្តិចបន្តួច៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]