បុរសម្នាក់ដោយសារខឹងកូនប្រុសខ្លាំង ក៏បានយកកាំបិតបុ័ងតោដេញកាប់ ឯស្ត្រីជាប្រពន្ធ ដោយឃើញបែបនេះក៏ស្ទុះ ចូលមករងកាំបិតជំនួសកូនប្រុស បណ្តាលឱ្យត្រូវមួយកាំបិតដាច់ដៃ ខាងឆ្វេងលើកួយដៃសន្លប់នៅក្នុងថ្លុកឈាមគួរឱ្យរន្ធត់ និងធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកភូមិមកចោមរោមមើលហេតុការណ៍គួរឱ្យតក់ស្លុត និងហួសចិត្តពន់ពេក ។

ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៤ សីហា វេលាម៉ោង៨យប់នៅភូមិត្រពាំងរពាក់ ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ។ ស្ត្រីរងគ្រោះឈ្មោះណយ សុខន អាយុ៤៣ឆ្នាំ ត្រូវប្តីឈ្មោះឃុយ យ៉ាវ អាយុ៥០ឆ្នាំ កាប់ចំដៃខាងឆ្វេង មួយកាំបិតបុ័ងតោដាច់លើកួយដៃសន្លប់នៅក្នុងថ្លុកឈាម ហើយត្រូវបានកូនៗនាំទៅកាន់ មន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ តែគ្រូពេទ្យមិនអាចតភ្ជាប់ដៃឱ្យវិញបានទេ ដូច្នេះស្ត្រីរងគ្រោះត្រូវក្លាយជាជនពិការដៃអស់មួយជីវិត។

ប្រភពព័ត៌មានឱ្យដឹងថា ស្ត្រីរងគ្រោះមានកូន៨នាក់ ក្នុងនោះស្រី៥នាក់ តែមានប្តីប្រពន្ធបែកចេញ៣នាក់ និងទៅធ្វើការនៅរោងចក្រ៣នាក់សព្វថ្ងៃនៅផ្ទះជាមួយ២នាក់ ។ មុនពេលកើតហេតុ បុរសជាប្តីបានស្តីបន្ទោសកូនប្រុស មិនឱ្យដើរលេងយប់ព្រោះខា្លចមានរឿងមកដល់គ្រួសារ តែពេលនោះ កូនប្រុសបានតមាត់ជាមួយឪពុករហូតឪពុក ផ្ទុះកំហឹងក៏ទាញកាំបិតបុ័ងតោយ៉ាងមុតកាប់ទៅលើកូនប្រុស ។ ចំណែកស្ត្រីជាប្រពន្ធឃើញដូច្នេះក៏ស្ទុះ ចូលរងមុខកាំបិតជំនួសកូនបណ្តាលឱ្យត្រូវមួយកាំបិតចំ ដៃខាងឆ្វេងដាច់សល់តែស្បែកបន្តិច និងដួលសន្លប់នៅក្នុងថ្លុកឈាម ។ រីឯប្តីក៏បោះកាំបិតចោលរួចបីប្រពន្ធនាំទៅ កាន់មន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ ។

ស្ត្រីជាប្រពន្ធនិយាយថា នេះជារឿងអចេតនាទេ ប្តីគាត់គ្រាន់តែកាន់កាំបិតគំរាមកូន ហើយរូបគាត់ហក់ចូលទៅប្រវាយប្រតប់ដណ្តើមកាំបិតក៏ទាក់ជើងដួលទៅលើដី រីឯប្តីរបស់គាត់ដួលពីលើនិងមិនដឹងជាយ៉ាងម៉េចកាំបិតក៏មុតដាច់ដៃតែម្តង សូមកុំយកទោសប្តីរបស់គាត់អី៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]