ក្រុមអាជីវករ និងប្រជាពលរដ្ឋជាច្រើននាក់ នៅផ្សារក្រមួន តាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បាននាំគ្នា ហួសចិត្តយកដៃគោះទ្រូងគ្រប់ៗគ្នា និងថែមទាំងជេរដាក់បណ្តាសា ឲ្យស្លាប់យ៉ាងវេទនា និងជួបគ្រោះថ្នាក់ចរាចរណ៍ ទៅលើម្ចាស់រថយន្តកាមរីម្នាក់ ដែលប្រើឫកពា និងអំណាច ដូចពាក់ផ្កាយ២០ ដោយសម្លុត និងបង្ខំឲ្យអ្នករត់ម៉ូតូឌុប ម៉ូតូសង់កូរ៉េកញ្ចាស់ម្នាក់ បង់លុយឲ្យខ្លួនចំនួន ២០ម៉ឺនរៀល គ្រាន់តែគ្រោះថ្នាក់ចរាចរណ៍ បន្តិចបន្តួច សើ្ទរតែតូចជាងម៉ូលេគុលទៅទៀត។

គ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យអ្នកផ្សារក្រមួន មានការក្តៅក្រហាយចំពោះម្ចាស់រថយន្តកាមរី ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Q-2258 និងបុរសវ័យ ចំណាស់ម្នាក់ ដែលស្លូតមិនមាត់មិនក ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម កញ្ចាស់មួយគ្រឿងខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ប្រមាណ ១០និង៣០ នាទី ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១២ ស្ថិតនៅមុខផ្សារក្រមួនតែម្តង។

សាក្សីដែលបានឃើញហេតុការណ៍ និងម្នាក់ៗជេរម្រាយ និងម្ចាស់រថយន្តកាមរី អាយុជាង ៣០ឆ្នាំ រូបនេះ ដែលមិនស្គាល់អត្តសញ្ញាណ បានប្រាប់អ្នកយកព័ត៌មាន ដើមអម្ពិល ដោយក្តីក្តៅក្រហាយ នៅកន្លែងកើតហេតុថា មុនពេលកើតហេតុ បុរសអ្នករត់ម៉ូតូឌុប ដែលពិការជើង អាយុជាង ៥០ឆ្នាំ បានធ្វើដំណើរពីជើងទៅត្បូង លុះដល់ស្តុបស្ពានដែក ក្បែរផ្សារក្រមួន បានជិះតិចៗ ដោយសារការស្ទះចរាចរណ៍ខ្លាំងពេក និងដោយមានរថយន្ត អមសងខាងគាបគាត់ គាប់ជួនពេលនោះ រថយន្តកាមរីខាងលើ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ក៏មកដល់ចំណុចកើតហេតុ ហើយក៏បានប៉ះជាមួយម៉ូតូរបស់គាត់ផ្នែកកាងខាងមុខ បណ្តាលឲ្យរបកទឹកថ្នាំ សឹងមើលមិនឃើញ។ ភ្លាមៗនោះម្ចាស់រថយន្ត ដែលមិនដឹងធ្វើការអ្វី ហើយប្រើឫកពា ក្រអឺតក្រទម បានចុះពីលើរថយន្តសំដៅមកម៉ូតូគាត់ ហើយដោះសោចេញពី ម៉ូតូ រួចសម្លុត និងគំរាមឲ្យគាត់បង់ ២០ម៉ឺនរៀល ដោយគ្មានចុះមួយរៀលឡើយ។

សាក្សីដែលនាំគ្នាចោមរោមមើល បានបន្តទៀតថា ពេលនោះអ្នករត់ម៉ូតូឌុបស្លូតត្រង់រូបនេះ បានសុំត្រឹម ១០ម៉ឺនរៀល ដោយសារតែខ្លួនអត់សូវមានលុយ ស្រាប់តែ ម្ចាស់រថយន្តអាងអំណាចរូបនេះ បានគំរាមថា បើមិនឲ្យលុយគ្រប់ នឹងយកម៉ូតូទៅខណ្ឌ ដូច្នេះដោយខ្លាចគេនាំទៅខណ្ឌមែន អ្នករត់ម៉ូតូឌុប ដែលមានជីវភាពក្រីក្រ រូបនេះ បានដកលុយចេញពីហោប៉ៅ ទាំងញ័រដៃចំនួន ២០ម៉ឺនរៀល ដែលរកបាន ដោយការលំបាកជាទីបំផុតនោះ ប្រគល់ឲ្យម្ចាស់រថយន្ត ទាំងស្តាយជាទីបំផុត។

នៅកន្លែងកើតហេតុ អ្នកបើករថយន្តរូបនេះ ដែលទទួលរងការដាក់បណ្តាសាពីប្រជាពលរដ្ឋ និងក្រុមអាជីវករ បានឡើងរថយន្តបើកចេញបាត់ទៅ ដោយភាព ក្រអឺតក្រទម។ គ្រាន់តែបើករថយន្តចេញ បានមិនទាន់១០វិនាទីផង ប្រជាពលរដ្ឋ និងក្រុមអាជីវករដែលបានសម្តែងការអាណិតអាសូរ ដល់អ្នករត់ម៉ូតូឌុប ដែលពិការជើងរូបនេះ បានជេរខ្លាំងៗ ហើយបន់ឲ្យជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំងពូជ ដោយសារតែរឿងប៉ុណ្ណឹង ទារលុយពីអ្នកក្រយ៉ាងច្រើន គ្មានការយោគយល់ បន្តិចសោះ ក្នុងនាមជាជនជាតិ ខ្មែរដូចគ្នានោះ ។

ដោយឡែកក្រុមមន្ត្រីចរាចរណ៍ ដែលប្រចាំគោលដៅនៅចំណុចនេះ ហាក់បីដូចជាមិនបានជួយដោះស្រាយ និងសម្របសម្រួលឲ្យបានខ្លាំងនោះទេ ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋខ្លះបន្ទរថា លុយ២០ម៉ឺនរៀល ដែលម្ចាស់រថយន្តខាងលើ ជម្រិតទារយកនោះ នឹងរលាយដោយសារស៊ីញើសឈាមអ្នកក្រ៕

ដោយ៖ ស៊ន សុភក្ត្រ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]