រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ គេ​កត់​សម្គាល់ថា ចំណង​ស្នេហ៍​រវាង​កីឡាករ​បាល់ទាត់​ល្បីឈ្មោះ​លោក ចាន់ វឌ្ឍនាកា និង​កីឡាការិនី​ហែល​ទឹក​ល្បីឈ្មោះ​កញ្ញា ហែម​ថុ​ន វិ​ទិ​នី កាន់តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជា​សាធារណៈ​។ នៅ​ក្នុង​កម្មវិធី​ជប់លៀង ឬ​កម្មវិធី​បើក​សម្ពោធ​ធំ​ៗ​គេ​ឃើញ​អ្នក​ទាំង​ពីរ​បណ្ដើរគ្នា​ក្នុង​នាម​ជា​គូស្នេហ៍ និង​បាន​បង្ហោះ​ពាក្យពេចន៍​ល្អូកល្អិន​គួរ​ឲ្យ​ច្រណែន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​គ្មាន​លាក់បាំង ។ 

គ្មាន​អ្នក​ណា​មិន​ចាប់អារម្មណ៍​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ​និង​កីឡាការិនី​វ័យក្មេង និង​ល្បីឈ្មោះ​២​រូប​ដែល​ស្ថិត​នៅ​ក្នុង​ប្រភេទ​កីឡា​ផ្សេង​គ្នា និង​មានកេរ្តិ៍ឈ្មោះ​រៀងខ្លួន បាន​បើកចំហ​ឲ្យ​ឃើញ​នូវ​ចំណង​ស្នេហ៍ ហើយ​ជា​ទំនាក់ទំនង​ស្នេហា​ផ្អែមល្ហែម​ដែល​អ្នក​ណា​ក៏​ចាត់​ទុក​ថា គឺជា​ស្នេហា​នៅ​ក្នុង​វិស័យ​កីឡា​ដ៏​កម្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ អ្នក​ទាំង​ពីរ​គឺ​មិន​ខុស​គ្នា​នឹង​គូស្នេហ៍​របស់​លោក វ៉​ន វី​វ៉ា ដែល​ជា​កីឡាករ​ប្រដាល់​ល្បីឈ្មោះ និង​នាង​ស៊ន ដា​វី​ន ដែល​ជា​កីឡាការិនី​ផ្នែក​តេ​ក្វា​ន់​ដូ​ដែល​មាន​ស្នាដៃ​នោះ​ទេ ។

អីុ​ចឹ​ង​ហើយ​ទើប​ស្នេហា​របស់​កីឡាករ និង​កីឡាការិនី​ទាំង​២​គូ​នេះ ចាប់តាំងពី​មានការ​បើកចំហ​មក គឺ​មានការ​ចាប់អារម្មណ៍​ខុស​ប្លែក ។ យ៉ាងណា​ក៏​ដោយ ស្នេហា​រវាង​លោក ចាន់ វឌ្ឍនាកា ដែល​ជា​ខ្សែប្រយុទ្ធ​ដ៏​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ពិភព​បាល់ទាត់ និង​កញ្ញា​ហែម​ថុ​ន វិ​ទិ​នី ដែល​ជា​កីឡាការិនី​ជម្រើសជាតិ​ផ្នែក​ហែល​ទឹក​នៅ​កម្ពុជា​ហាក់​កន្ត្រាក់​បានការ​ចាប់អារម្មណ៍​ខ្លាំង​ជាង ដោយសារ​តែ​ភាគី​ខាង​ប្រុស​គឺជា​កីឡាករ​ឆ្នើម​មិន​ខុស​ពី​តារា​ល្បី​ម្នាក់​ដែល​មាន​មនុស្ស​ភាគច្រើន ជា​ពិសេស​យុវវ័យ​ស្គាល់​ច្រើន​នៅ​កម្ពុជា ។ អ្នក​តាមដាន​ភាគច្រើន បាន​សរសើរ​ពី​សំណាង​របស់​ហែម​ថុ​ន វិ​ទិ​នី ដែល​បាន​កំលោះ​មុខស្រស់ ចាន់ វឌ្ឍនាកា ជា​កីឡាករ​លំដាប់​ប្រទេស​ជ្រើសរើស​ជា​គូស្នេហ៍ ប៉ុន្តែ​មនុស្ស​មួយ​ក្រុម​ផ្សេង​ទៀត ក៏​សរសើរ​ចំពោះ​ភាគី​ខាង​ប្រុស​ដូច​គ្នា ដែល​បាន​កីឡាការិនី​ហែល​ទឹក​រូប​ស្រស់​ដែល​មាន​សម្រស់​ទាក់ទាញ​គួរ​ឲ្យ​ខ្នា​ញ់​យូរ​មក​ហើយ ប្រគល់​បេះដូង និង​ព្រម​ទទួល​ជា​គូស្នេហ៍ ។ 

អ្នក​ទាំង​ពីរ​គឺជា​គូស្នេហ៍ស័ក្តិសម​បំផុត​សម្រាប់​ឆ្នាំ​២០១៦​នេះ ដោយ​ត្រូវ​បាន​គេ​សរសើរ​ថា​សម​ទាំង​រូប​សម្រស់ និង​សម​ទាំង​កេរ្តិ៍ឈ្មោះ​ព្រម​គ្នា​តែ​ម្ដង ។ មនុស្ស​យ៉ាង​ហោច​ជាង​ពាក់កណ្ដាល​នៃ​អ្នក​ស្នេហា​វិស័យ​បាល់ទាត់ និង​កីឡាហែលទឹក សុទ្ធតែ​លាន់មាត់​ឲ្យ​មេដាយ​សម្រាប់​ស្នេហា​របស់​ពួក​គេ និង​ចង់​ដឹង​ថា​តើ​ពួក​គេ​នឹង​កំណត់​ថ្ងៃ​អាពាហ៍​ពិពាហ៍ ឬ​ភ្ជាប់ពាក្យ​នៅ​ពេល​ណា ក្នុង​ពេល​ដែល​ភាគី​ទាំង​ពីរ​កាន់តែ​ល្អូកល្អិន​គ្នា​ហើយ​មិន​ទាន់​គិតគូរ​ពី​រឿង​ចាស់ទុំ​នៅឡើយ​នោះ ។

ចាន់ វឌ្ឍនាកា បាន​ប្រាប់​ទូរទស្សន៍ PNN កាលពី​ពេល​ថ្មី​ៗ​នេះ​ថា លោក​និង​គូស្នេហ៍​នៅ​មិន​ទាន់​ច្បាស់​រឿង​រៀប​ការ​ពេល​ណា​នៅឡើយ​ទេ ដោយសារ​តែ​លោក និង​នាង​សុទ្ធតែ​នៅ​ក្មេង​ៗ ហើយ​ចង់​ទុក​ពេល​រក​លុយ និង​សាង​កេរ្តិ៍ឈ្មោះ​ឲ្យ​បាន​បន្តិចទៀត​សិន ។ លោក​ថា ទំនាក់ទំនង​ស្នេហា​របស់​ខ្លួន​បាន​កើត​មាន​ឡើង​ប្រមាណ​មួយរ​យៈ​មក​​ហើយ បន្ទាប់​ពី​បាន​ស្គាល់គ្នា ប៉ុន្តែ​ទើបតែ​ហ៊ាន​សារភាព​ស្រឡាញ់​គ្នា​ពេញចិត្ត​គ្នា ក្រោយ​ពេល​ដែល​លោក​កាន់តែ​ល្បីឈ្មោះ​នៅ​ក្នុង​ពិភព​បាល់ទាត់ ។ លោក​បាន​ទាំង​អះអាង​ថា រវាង​នាង​និង​លោក គឺ​មាន​ទំនាក់​ទំនងជា​ប្រចាំ​មិន​ថា​ជួប​មុខ​ដោយ​ផ្ទាល់ និង​ឆ្លើយឆ្លង​គ្នា​តាម​ឆាត តាម Line ឬ​តាម​ទូរស័ព្ទ ដោយ​មិនសូវ​លស់​ពេល​នោះ​ទេ ។ មិន​ខុស​ពី​ការ​អះអាង​គេ​ឃើញ​ទំនាក់ទំនង​រវាង​លោក និង​ហែម​ថុ​ន វិ​ទិ​នី មិនសូវ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​នោះ​ទេ ដោយ​រូបភាព​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក គឺជា​ភស្ដុ​តាង​ស្រាប់ ។ 

មក​ទល់​ពេល​នេះ មានការ​ទម្លាយ​ថា អ្នក​ទាំង​ពីរ​ស្រឡាញ់​គ្នា​២​ឆ្នាំ​មក​ហើយដោយ​ភាគី​ខាង​ចាស់ទុំ​សុទ្ធតែ​ដឹង​ទាំងអស់ ប៉ុន្តែ​មក​ពី​ចង់​ទុក​ពេល​មើលចិត្ត​គ្នា​ឲ្យ​ច្បាស់​ជាង​នេះ និង​ចង់​សន្សំ​លុយ​រៀងខ្លួន​ឲ្យ​បាន​ច្រើន​សិន ទើប​គម្រោង​តាម​គន្លង​ប្រពៃណី​ត្រូវ​បាន​អូស​បន្លាយ ។ ហែម​ថុ​ន វិ​និ​ទី ដែល​ក្លាហាន​ទទួលស្គាល់​ស្នេហា​ជាមួយ ចាន់ វឌ្ឍនាកា រមែង​បាន​អះអាង​ថា កីឡាករ​រូប​នេះ និង​ក្រុម​ក្រុម​គ្រួសារ​របស់​គេ​គឺជា​មនុស្ស​ល្អ​ទើប​នាង​សម្រេចចិត្ត​ទទួលយក និង​ថែម​ទាំង​មាន​ភាព​កក់ក្ដៅ​ក្រោយ​ពី​សម្រេច​ចិត្ត​ស្រឡាញ់​លោក​ចាន់ វឌ្ឍនាកា ។ អ្នក​ទាំង​ពីរ​ទៅ​ណា​មក​ណា​មិន​ខុស​ពី​គូស្នេហ៍​នោះ​ទេ ដោយ​ភាព​ស្និទ្ធស្នាល​ក៏​បាន​លេច​ឡើងជា​សាធារណៈ​ផង​ដែរ គ្រប់ពេល​ដែល​អ្នក​​ទាំង​ពីរ​បង្ហាញមុខ​រួម​គ្នា ។ ក្នុង​នោះ​ពួក​គេ​ក៏​ត្រូវ​គេ​ឮ​ហៅ​គ្នា​អូន​បង​ៗ និង​ពេល​ខ្លះ​និយាយ​ស្ដី​បែប​ស៊ី​អារម្មណ៍​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​ភាព​ល្អូកល្អិន​របស់​ពួក​គេ​នោះ​ផង ។ 

 មួយគូ​នេះ មានការ​ប៉ាន់​ប្រមាណ​ថាបើ​ថ្ងៃ​ភ្ជាប់ពាក្យ ឬ​គម្រោង​រៀប​ការ​ចូល​មក​ដល់ គឺ ពិតជា​មានការ​ចាប់អារម្មណ៍​ច្រើន​ជាង​គូ​ស្នេហា​តារា​សិល្បៈ​នោះ​ទៅ​ទៀត ដោយ​សារ​តែ​អ្នក​ទាំង​ពីរ​គឺជា​កីឡាករ​-​កីឡាការិនី​លំដាប់​ប្រទេស ហើយ​មាន​អ្នក​ស្រឡាញ់​ពេញចិត្ត​ភាគច្រើន ដោយ​មិន​សល់​សូ​ម្បី​តែ​ថា្ន​ក់​ដឹកនាំ​ជាតិ ។ អី​ុ​ចឹ​ង​ហើយ ទើប​គេ​នៅ​តែ​ឆ្ងល់​ថា​ហេតុ​អ្វី​អ្នក​ទាំង​ពីរ​មិន​ដាក់​គម្រោង​រៀប​ការ​ឲ្យ​បាន​ឆាប់ ក្នុង​ពេល​កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយភាព​របស់​ខ្លួន​ស្ថិត​នៅ​ក្នុង​ចំណាប់អារម្មណ៍​របស់​ជនរួមជាតិ​ភាគ​ច្រើន​នោះ ។ យ៉ាងណា​ក៏​ដោយ ចាន់ វឌ្ឍនាកា ធ្លាប់​បាន​ឆ្លើយ​ជំនួស​ហែម​ថុ​ន វិ​ទិ​នី​ហើយ​ថា លោក​នឹង​ចូល​ចែចូវ និង​រៀប​ការ​តាម​ប្រពៃណី​ជាមួយនឹង​ម្ចាស់​ស្នេហ៍​រូប​នេះ នៅ​ពេល​ការ​ប្រកួត​បាល់ទាត់​របស់​លោក​ធូរស្បើយ​ពី​ភាព​មមាញឹក​ដូច​រាល់ថ្ងៃ​នោះ​បន្តិច ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ វឌ្ឍនាកា