កណ្ដាល ៖ ដោយអស់សង្ឃឹម ក្នុងការ រស់នៅតទៅទៀតជាមួយប្រពន្ធកូន ដោយ សារតែខ្លួនមានជំងឺប្រចាំកាយ ព្យាបាលមិន ជានោះ បានបង្ខំឱ្យបុរសម្នាក់ ដាច់ចិត្ដចងក ផ្ដាច់ជីវិតនៅកន្លែងចង្ក្រានបាយ ក្រោយផ្ទះ របស់ខ្លួន ខណៈដែលប្រពន្ធកំពុងដេកលក់ នៅខាងមុខ ។

ហេតុការណ៍ភ្ញាក់ផ្អើលនៅពេលឃើញ សពបុរសរូបនេះ ចងកផ្ដាច់ជីវិតដោយគ្មាន ក្ដីអាលោះអាល័យ ចំពោះប្រពន្ធកូនយ៉ាង ដូច្នេះ បានកើតឡើង កាលព្រឹកទាបភ្លឺ ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១២ ស្ថិតនៅក្នុងផ្ទះជន រងគ្រោះតែម្ដង ក្នុងភូមិព្រែកតានុប ឃុំកំពង់ ស្វាយ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។
យោងតាមប្រភពព័ត៌មានពីសាច់ញាតិ ជនរងគ្រោះ បានរៀបរាប់ឱ្យដឹងថា បុរសរង គ្រោះរូបនេះ មានឈ្មោះខាត់ ខឿន អាយុ ៥៨ឆ្នាំ មានជំងឺសសៃប្រសាទ ប្រចាំកាយ ដោយព្យាបាលមិនជា ។

ប្រភពព័ត៌មានបានបន្ដថា នៅមុនពេល កើតហេតុ វេលាម៉ោង៧យប់ថ្ងៃទី១៤ ខែ សីហា ជនរងគ្រោះចង់ផ្ដាច់ជីវិតម្ដងរួចហើយ តាមរយៈការប៉ុនប៉ង លេបថ្នាំ សម្លាប់សត្វល្អិត ប៉ុន្ដែត្រូវបានប្រពន្ធនិងកូនជួយទាន់ពេល វេលា ។

ក្រោយពីមានហេតុការណ៍នេះកើតឡើង កូនរបស់ជនរងគ្រោះ បានត្រឡប់ទៅផ្ទះ របស់ខ្លួនវិញ ដោយនៅសល់តែជនរងគ្រោះ និងប្រពន្ធរបស់ខ្លួននៅលើផ្ទះ ។ ពេលនោះ ស្ដ្រីជាប្រពន្ធបានចូលដេក ហើយជនរងគ្រោះ ជាប្ដីបានដើរមកចង្ក្រានបាយ ដើម្បីបិទភ្លើង។

ប្រភពព័ត៌មានបានបន្ដទៀតថា ខណៈ ដែលស្ដ្រីជាប្រពន្ធដេកលក់មួយភាំងមិនបាន ចាប់អារម្មណ៍ថា ប្ដីរបស់ខ្លួនធ្វើអត្ដឃាត តាមរយៈចងកម្ដងទៀតនោះ ប៉ុន្ដែនៅពេល ភ្ញាក់ពីដេកវិញ នៅវេលាជិតទាបភ្លឺមិនឃើញ ប្ដីនៅក្បែរ ក៏តាមហៅកូនឱ្យជួយដើររក មើល ដោយមិននឹកស្មានថា ប្ដីរបស់ខ្លួនទៅ ចងធ្វើអត្ដឃាតនៅចង្ក្រានបាយនោះឡើយ។បន្ទាប់ពីស្ដ្រីជាប្រពន្ធបានរៀបរាប់ដំណើរ រឿងប្រាប់កូន ក៏នាំគ្នាដើរទៅមើលចង្ក្រាន បាយ ក៏ឃើញជនរង គ្រោះយកក្រមាចងក ទៅនឹងធ្នឹមផ្ទះរបស់ខ្លួន បណ្ដាលឱ្យដាច់ខ្យល់ ស្លាប់តែម្ដង ។

ក្រោយពីមានហេតុការណ៍នេះកើតឡើង ក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ហើយពេលនោះ នាយប៉ុស្ដិ៍នគរបាលកំពង់ ស្វាយ លោកអនុសេនីយ៍ទោ ព្រំ សំណាង បានដឹកនាំមន្ដ្រីនគរបាលរបស់លោក មកចុះ ត្រួតពិនិត្យនៅកន្លែងកើតហេតុ និងធ្វើកោ សល្យវិច័យ ទៅលើសពជនរងគ្រោះ ។

នាយនគរបាលប៉ុស្ដិ៍រូបនេះបាននិយាយថា ក្រោយពីធ្វើកោសល្យវិច័យរួចមក លោក បានអះអាងថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចងកធ្វើអត្ដឃាតមែន មិនមែន ជាអំពើឃាតកម្មនោះឡើយ ។

ក្រោយការពិនិត្យកោសល្យវិច័យរួចមក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ប្រគល់ជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕

ដោយ ៖ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]