ភ្នំពេញ៖ តាមការគ្រោងទុក ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រីចៅក្រម ស៊ លីនណា នឹងបានប្រកាស សាលក្រមសំណុំរឿង លោក សុខ ប៊ុន ពាក់ព័ន្ធនិងករណីបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ពាក់ព័ន្ធការប្រើអំពើហិង្សាលើ កញ្ញាឯក សុជាតា ហៅសាសា។

គួរបញ្ជាក់ផងដែរថា ក្រោយពីបញ្ចប់សវនាការ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ លោក ពុធ ធាវី មេធាវីតំណាងកញ្ញាឯក សុជាតា ហៅសាសា បានបញ្ជាក់ថា លោក សុខ ប៊ុន ពុំអាចរួចខ្លួនបានទេ បើទោះបីជាបានសងសំណង  ដែលលោកបដិសេធមិនប្រាប់ចំនួន ជាថ្នូរនឹងការ ដកពាក្យបណ្ដឹងក៏ដោយ។  លោកមេធាវី សង្កត់ធ្ងន់ថា ភស្តុតាងជាវីដេអូឃ្លីបបង្ហាញយ៉ាងច្បាស់ថា លោក សុខ ប៊ុន និងអង្គរក្ស ពិតជាមានចេតនា ប្រើអំពើហិង្សាលើកូនក្តី ប្រាកដមែន។

លោក សុខ ប៊ុន អតីតមានងារជា ឧកញ៉ា និងជាអតីតប្រធានក្រុមអ្នកវាយតម្លៃអចលនទ្រព្យនៅកម្ពុជា ជាប់ចោទពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ហាក់មានបំណងគេចវេះមិនចូលរួមសវនាការ នាព្រឹកថ្ងៃទី២៦ ខែមករា។  បើតាមការ បញ្ជាក់របស់មន្ត្រីអនុរក្សពន្ធនាគារព្រៃស បានឲ្យដឹងថា ក្នុងថ្ងៃសវនាការ លោក សុខ ប៊ុន បានសម្រាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតឬពេទ្យរុស្ស៊ី ដោយសារសម្ពាធឈាមឡើងខ្ពស់។

លោកមេធាវី ពុធ ធាវី បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅមុខអគារតុលាការថា កូនក្តីលោកបានសម្រេច ដកពាក្យតាំងពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ មកម្ល៉េះ  ទោះបីយ៉ាងណាលោកមេធាវី បានបដិសេធ មិនប្រាប់ចំនួនប្រាក់នៃទឹកប្រាក់ជាថ្នូរនៃការដកពាក្យបណ្ដឹងនោះទេ ។   លោកថា បើទោះបីជា កូនក្តីបានដកពាក្យបណ្ដឹងក៏ដោយ តែលោក សុខ ប៊ុន ពុំអាចរួចខ្លួនបានទេ ព្រោះភស្តុតាង ជាវីដេអូឃ្លីប បង្ហាញយ៉ាងច្បាស់ថា លោកសុខ ប៊ុន និង អង្គរក្ស ពិតជាមានចេតនា ប្រើអំពើហិង្សាលើកូនក្តី ប្រាកដមែន។  ប៉ុន្ដែការសម្រេចយ៉ាងណានោះ វាជាឆន្ទានុសិទ្ធិរបស់ លោកស្រី ចៅក្រម សូ លីនណា ជាអ្នកសម្រេច។

មេធាវីការពារលោក សុខ ប៊ុន បានទទួលស្គាល់ថា លោក សុខ ប៊ុន ពិតជាបានប្រព្រឹត្តអំពើហិង្សា លើកញ្ញាសាសា ប្រាកដមែន ប៉ុន្ដែ ការប្រើអំពើ ហិង្សានេះ គឺកើតចេញពីកំហុស អចេតនាប៉ុណ្ណោះ ព្រោះតែលោក សុខ ប៊ុន ស្រវឹង។  លោកមេធាវី ស្នើឲ្យតុលាការ ជួយបន្ធូរបន្ថយទោសដល់ កូនក្តីផង។ ទោះបីយ៉ាងណា លោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការ នៅតែស្នើឲ្យតុលាការ រក្សាបទចោទប្រកាន់នេះទុកជាបានការដដែល។

លោក សុខ ប៊ុន អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខ១០៩ ផ្លូវលេខ៩៩ កែងផ្លូវលេខ៤៩៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន បានត្រូវកញ្ញាសាសា ដាក់ពាក្យបណ្តឹង នៅក្រសួងមហាផ្ទៃ ដោយចោទប្រកាន់ពីបទ ប្រើអំពើហិង្សា ដោយភ្ជាប់យកហេតុការណ៍ ដែលកើតឡើងកាលពី រំលងអាធ្រាត ឈានចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចក្លឹបកំសាន្ត ឡាហ្គេនបា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាដើមចម ដាក់បន្ទុកក្នុងការ ចោទប្រកាន់នេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]