រថយន្ត ក្រុមហ៊ុន អានកូ បានបុករថយន្ត កាម៉ារី រត់តាក់ស៊ី នៅតាមបណ្តោយ ផ្លូវជាតិ លេខ៥ ទល់មុខក្រុមហ៊ុន ស្រាបៀរភ្នំពេញ ក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង១០៖៤៥ នាទី ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ បានបណ្តាល ឲ្យ ស្លាប់ម្នាក់របួសធ្ងន់ស្រាល៤នាក់ ក្នុងនោះរបួសធ្ងន់ម្នាក់ ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះ មានឈ្មោះ ប៊ន ស្រ៊ន ភេទស្រី អាយុ៤៥ ឆ្នាំ មានស្រុកកំណើត នៅភូមិសំរៀងសែន ឃុំសំរោងសែន ស្រុកកំពង់លែង រីឯជនរងគ្រោះ៤នាក់ ផ្សេងទៀតនោះ មិនទាន់ត្រូវបាន ស្គាល់អត្តសញ្ញាណនោះឡើយ ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ រថយន្តរបស់ក្រុមហ៊ុន អានកូ ពាក់ស្លាកលេខ ស្វាយរៀង3A-0384 ធ្វើដំណើរពីភ្នំពេញ ទៅកំពង់ឆ្នាំង លុះដល់ចំណុចកើតហេតុ ស្រាប់តែបុករថយន្តកាម៉ារី រត់តាក់ស៊ី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2C-5833 បណ្តាលឲ្យស្លាប់ស្រ្តីម្នាក់ និងរងរបួសធ្ងន់ស្រ្តីម្នាក់ និងស្រាល៣នាក់ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់រថយន្តបង្កហេតុ របស់ក្រុមហ៊ុន អានកូ យកទៅដោះស្រាយ។ សមត្ថកិច្ចបានស្តីបន្ទោសថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពី រថយន្តរបស់ក្រុមហ៊ុន អានកូ៕

ដោយ៖ ចាន់ ធី

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]