ខេត្តត្បូងឃ្មុំ ៖ ក្នុងយុទ្ធនាការទប់ស្កាត់ អំពើរត់ពន្ធឈើប្រណីត ចេញទៅប្រទេសវៀតណាមនោះ គេសង្កេតឃើញមានឈើប្រណីតជាច្រើនពាន់ម៉ែត្រគូប មាននៅក្នុងឃ្លាំងជាច្រើនកន្លែង និងខ្លះទៀត ត្រូវបានក្រុមឈ្មួញភ័យស្លន់ស្លោយកទៅកប់នៅក្នុងដី ដើម្បីលាក់កំបាំងពីភ្នែករបស់ក្រុមសមត្ថកិច្ចចំរុះ ទោះជាបែបនេះក្តី នូវតែគេតាមដានស្រាវជ្រាវរកឃើញដដែល។ តួរយ៉ាងដូចជានៅក្នុងរណ្តៅដីមួយកន្លែង ខាងក្រោយឃ្លាំងដ៏ធំរបស់ឧកញ៉ាថៃ ចម្ងាយប្រហែល៨០០ម៉ែត្រ ក្នុងភូមិសុក្រំជ្រុំ ឃុំគង់ជ័យ ស្រុកអូររាំងឪ មានឈើប្រណីត រាប់សិបកំណាត់ត្រូវបានកប់នៅក្នុងដី ។
លោកហៀង សុភក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៧ កុម្ភៈ ២០១៦ ថា ដំបូងមានប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាទៅកាយដី ក្នុងរណ្តៅជីកយកអាចម៏ដីមួយកន្លែង មានទីតាំងនៅក្រោយឃ្លាំងរបស់ឧកញ៉ាថៃ បានឈើជាច្រើនកំណាត់ ដោយមានអ្នកខ្លះបានប្រមូលដឹកតាមរ៉ឺម៉កម៉ូតូយកទៅផ្ទះផងដែរ ។
លោកហៀង សុភក្ត្រ ព្រះរាជអាជ្ញាអមសាសាដំបូងខេត្តបន្តថា ដោយទទួលបាននូវសេចក្តីរាយការណ៍នេះភ្លាម រូបលោកបានចាត់ឲ្យកម្លាំងសមត្ថកិច្ច ចុះទៅកាន់ទីនោះជាបន្ទាន់ ដើម្បីយាមមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ បន្តដឹកឈើប្រណីតចេញទៅទៀតឡើយ ។ បន្ទាប់មករូបលោកបានចុះទៅពិនិត្យ ដោយផ្ទាល់តែម្តង និងមានសមត្ថកិច្ចយាមប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីចៀសវាងកុំឲ្យបាត់ឈើប្រណីតដែលមានដុំធំៗ កប់នៅក្នុងដី ចំពោះបរិមាណឈើមានចំនួនប៉ុន្មានម៉ែត្រគូបនោះ មិនទាន់ដឹងទេ លុះត្រាតែគាស់លើកមករាប់ ទើបដឹងពិតប្រាដក ។ លោកថា នៅដើមសប្តាហ៏ស្អែកថ្ងៃទី៨ កុម្ភៈ នឹងត្រៀមចុះទៅពិនិត្យម្តងទៀត ដោយមានការចូលរួមពីគ្រប់ជំនាញស្ថាប័ន ចាប់ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ខេត្ត នឹងធ្វើការគាស់មករាប់ឲ្យដឹងពីបរិមាណ ។
សូមបញ្ជាក់ថា ចាប់តាំងពីរសៀលថ្ងៃទី១៥ មករា រហូតមកដល់ថ្ងៃទី៧ កុម្ភៈ ២០១៦ កម្លាំងសមត្ថកិច្ចចំរុះដែលបានដឹកនាំដោយលោកព្រះរាជអាជ្ញាខេត្ត បានចុះឆែកឃ្លាំងស្តុកឈើប្រណីត ក្នុងនោះមាន ១-ឧកញ៉ា អុល ២-ឧកញ៉ាខ្មា ៣-ឧកញ៉ាថៃ សម្រាប់ទីតាំងចុងក្រោយគេ ត្រូវបានរកឃើញជាបន្ទាប់របស់ឧកញ៉ាថៃ តាំងពីឈើនៅក្នុងឃ្លាំង និងឈើកប់នៅក្នុងដីជាដើម ។
លោកព្រះរាជអាជ្ញាបានសង្កត់ធ្ងន់ថា សម្រាប់យុទ្ធនាការចុះទប់ស្កាត់ ការនាំឈើប្រណីតចេញទៅប្រទេសវៀតណាម មិនទាន់ត្រូវបញ្ជប់នោះទេ បើសិនជាដឹងពីទីតាំង កន្លែងណាផ្សេងទៀត នឹងបន្តចុះត្រួតពិនិត្យតាមការណែនាំរបស់អាជ្ញាធរខេត្ត ក៏ដូចជាថ្នាក់ជាតិ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]