ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​​ ​តាម​ប្រភព​ព័ត៌​មាន​​ពី​នគរ​​បាល​ស្រុក​ម៉ាឡៃ​ ឱ្យ​ដឹង​ថា ​កាល​ពីវេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃទី​៧ សីហា ប្រជា​ពល​រដ្ឋ​​ម្នាក់​ឈ្មោះ​​កែត ទាន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ នៅ​ភូមិ​អូរ​សំព័រ ឃុំ​អូរ​សំព័រ ស្រុក​ម៉ាឡៃ ​បាន​ប្រទះ​ឃើញ​​សព​​បុរស​​ចំណាស់​ម្នាក់​អាយុ​ប្រហែល​​៤០​​ឆ្នាំ ​នៅ​ក្នុង​ជង្រុក​​ស្រូវ​របស់​គាត់​ ខណៈ​គាត់​ទៅ​មើល​​ចម្ការ ។ ​

ជង្រុក​ស្រូវ​របស់​គាត់​នោះ ស្ថិត​នៅ​​ចំណុច​​ភ្នំ​កំពូល​បី ក្នុង​ឃុំ​អូរ​សំព័រ ស្រុក​ម៉ាឡៃ ​ហើយ​ពេល​​ប្រទះ​ឃើញ​ គឺ​​សព​​មាន​សភាព​​ហើម​ស្អុយ​រលួយ​ទៅ​ហើយ ។លោក​វរ​សេនីយ៍​ត្រី សៅ ប៊ុន អធិ​ការ​​នគរ​​បាល​ស្រុក​ម៉ា​ឡៃ ​ឱ្យ​ដឹង​​​ថា ក្រោយ​ពី​​​បាន​ទទួល​​ព័ត​៌​មាន​ភ្លាម លោក​​​ក៏ចាត់​​កម្លាំង​​នគរ​បាល​ប៉ុស្តិ៍​​រដ្ឋ​បាល​អូរ​សំព័រ​ឱ្យ​​​ចុះ​ទៅ​ពិនិត្យ​​​សព​បង្ហាញ​​ថា មិន​មាន​ស្លាក​​ស្នាម​អ្វី​ទាក់​ទង​ទៅ​នឹង​​ករណី​មនុស្ស​​ឃាត​នោះទេ ។ នៅ​​ជុំ​វិញ​​សពគេ​ឃើញ​​មាន​​អង្ករ​​ចំនួន​៥​គីឡូ​ក្រាម បារី៤​កញ្ចប់ ដែក​កេះ​១ កញ្ឆា​១​ដុំ​ប៉ុន​​មេ​ដៃ​ និង​ការុង​​ដាក់​សម្លៀក​បំពាក់​ប៉ុណ្ណោះ ។

លោក​អធិ​ការ​​បាន​បញ្ជាក់​ថា តាម​ការ​ត្រួត​ពិនិត្យ​​ និង​សន្និដ្ឋាន បុរស​​នេះ​​បាន​ស្លាប់​​រយៈ​ពេល​៤​​ថ្ងៃ​មក​ហើយ ដោយ​សារ​ខ្យល់​គរ ហើយ​ក៏​​ពុំ​មាន​​នរ​ណា​​​ស្គាល់​អត្ត​សញ្ញាណ​​​ដែរ ។ សព​បុរស​មិន​ស្គាល់​អត្តញ្ញាណ​​នេះ ត្រូវ​ធ្វើ​ពិធី​​បូជា​នៅ​ព្រឹក​ថ្ងៃទី​៨ សីហា ហើយ​យក​អដ្ឋិ​ធាតុ​ទៅ​រក្សា​ទុក​នៅវត្ត​ម៉ាឡៃ ក្រែង​មាន​បង​ប្អូន​សាច់​ញាតិ​​ទៅ​សួរ​រក​​​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]