ភ្នំពេញ៖ វាជារឿងដ៏ល្អអស្ចារ្យមួយ ដែលទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា នឹងអាចមានសាលាបង្ហាត់ កីឡាផ្នែកបាល់ទាត់ យ៉ាងពិសេសមួយ នាពេលអនាគត បន្ទាប់ពីទទួលបានការ ជួយឧបត្ថម្ភពីក្លឹបបាល់ទាត់យក្ស របស់អេស្ប៉ាញ Real Madrid។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មូលនិធិរបស់ក្លឹប Real Madrid បានធ្វើការចុះកិច្ចព្រមព្រៀង សហការថ្មីមួយ ជាមួយនឹងអង្គការ ក្រៅរដ្ឋាភិបាល Por la Sonrisa de un Nino ក្នុងបំណងបង្កើត នូវសាលាបង្ហាត់កីឡាបាល់ទាត់មួយ នៅក្នុងទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីចុះហត្ថលេខា នៃកិច្ចព្រមព្រៀងនេះដែរ ត្រូវបានធ្វើឡើង នៅឯប្រទេសអេស្ប៉ាញ ដោយមានការចូលរួម ចុះហត្ថលេខា ជាសក្ខីភាព ពីសំណាក់លោក Enrique Sanchez អនុប្រធានប្រតិបត្តិ នៃមូលនិធិក្លឹប Real Madrid រួមជាមួយនឹងអ្នកស្រី Marisa Caprile ប្រធានអង្គការ Por la Sonrisa de un Nino និងមានភ្ញៀវកិត្តិយស គឺលោក Emilio Butragueno ប្រធាននៃវិទ្យាស្ថានទំនាក់ទំនង ប្រចាំក្លឹប Real Madrid ព្រមទាំងលោក Fernando Alonso អ្នកនាំពាក្យឲ្យ ក្រុមប្រឹក្សានៃ គណៈគ្រប់គ្រងរបស់ Por la Sonrisa de un Nino ប្រចាំប្រទេស អេស្ប៉ាញ ផងដែរ។

ឆ្លៀតឱកាសនោះ លោក Emilio Butragueno ក៏បានលើកឡើងថា “ពួកយើងពិតជា រីករាយណាស់ចំពោះ កិច្ចសហការ ទាក់ទងទៅនឹងគម្រោង ដ៏គួរឲ្យរំភើបមួយនេះ។ ម្ចាស់មូលនិធិទាំងអស់ បានដឹងថា ក្មេងៗដែលរស់នៅ ក្បែរកន្លែងចាក់សំរាម មានការលំបាក ទាំងផ្លូវកាយ និងផ្លូវចិត្ត ពួកគេត្រូវការជាចាំបាច់នូវ អាហារ ព្រមទាំងការ អប់រំ និងការបង្ហាត់ប្រកបដោយជំនាញ ផងដែរ”។

លោកបានបន្តទៀតថា “សម្រាប់ក្លឹប Real Madrid គឺជាកិត្តិយសមួយ ដែលបានផ្តល់ជំនួយ ក៏ដូចជាបន្ថែមនូវ សកម្មភាព និងតម្រូវការទាំងនេះ តាមរយៈកីឡា ដែលជាកត្តាមួយ ដ៏មានអនុភាព និងសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ការអប់រំ ចំពោះកុមារ”។

គូសបញ្ជាក់ផងដែរថា សម្រាប់សាលាបង្ហាត់ផ្នែកកីឡា នៅក្នុងទីក្រុងភ្នំពេញ ដែលអាចនឹងចាប់ផ្តើម មាននៅក្នុងពេល ឆាប់ៗខាងមុខនេះ គឺជាជំនួយលើកទី២ហើយ សម្រាប់ក្លឹប Real Madrid ដែលមានចំពោះ ប្រទេសកម្ពុជា ដោយកាលលើកទី១ នោះគឺជាជំនួយ សាងសង់សាលារៀន សម្រាប់កុមារពិការ ដែលមានទីតាំង នៅឯខេត្តបាត់ដំបង៕


ពិធីចុះហត្ថលេខា សម្រាប់ការផ្តល់ជំនួយ សាងសង់សាលាបង្ហាត់កីឡា ក្នុងទីក្រុងភ្នំពេញ

ប្រភព៖ realmadrid.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]