ប្រេស៊ីល៖ ករណីទារកដែលកើតមក មានក្បាលតូចនៅបន្ដ កើតមានឡើងដដែល នៅក្នុងប្រទេសប្រេស៊ីល ដែលជាកន្លែង អ្នកវិទ្យាសាស្ដ្រ និយាយថា ពួកគេបានរកឃើញភស្ដុតាងថ្មី ដែលជាប់ពាក់ព័ន្ធនឹង ការកើនឡើងនៃវីរុស ឈ្មោះថា Zika។

Microcephaly គឺជាជំងឺប្រព័ន្ធប្រសាទ ដែលទារកទើបតែនឹងកើតមក មានលលាដ៍ក្បាល និងខួរក្បាលតូច ហើយត្រូវបានគេជឿជាក់ថា វាបង្កឡើងដោយមេរោគមូស និងត្រូវបានគេប្រទះឃើញមាន តាំងពីឆ្នាំ ១៩៤៧ ក្នុងអាហ្វ្រិក។ យ៉ាងណាមិញ ករណីដំបូងនៃវីរុសនេះ ត្រូវបានគេរកឃើញ កាលពីឆ្នាំមុន ក្នុងប្រទេសប្រេស៊ីល ដែលជាហេតុនាំឲ្យ ក្រសួងដែលជាប់ពាកព័ន្ធ បានធ្វើការប្រកាស និងព្រមានទៅដល់ស្ដ្រីមានផ្ទៃពោះ ទាំងឡាយ ត្រូវជៀសវាងកុំឲ្យ មូសខាំ។ 

នេះបើតាមការរាយការណ៍ចេញពីក្រសួងសុខាភិបាលប្រទេសប្រេស៊ីល បានឲ្យដឹងថា ករណីដែលមានជំងឺ Microcephaly ត្រូវបានគេសង្ស័យថា បានកើនឡើងពី ៣,៥៣០ ដល់ ៣,៨៩៣ ករណី គិតត្រឹមថ្ងៃទី ១៦ ខែមករានេះ។ ក៏ដូចជា កាលពីថ្ងៃអង្គារមុននេះ អ្នកវិទ្យាសាស្ដ្រប្រេស៊ីល បានស្វែងរកឃើញភស្ដុតាងថ្មីមួយទៀត ដែលអាចបញ្ជាក់ថា វីរុស Zika នេះគឺ ជាអ្នកបង្កឲ្យមានជំងឺ Microcephaly ។​ នៅក្នុងនោះ ពួកគេបានប្រទះឃើញ វីរុស  Zika នេះ នៅក្នុងសុករបស់ស្ដ្រី ដែលបានរលូតកូន ដែលបញ្ជាក់ថា វីរុសនេះ អាចឆ្លងចូលទៅក្នុងទារក នៅក្នុងផ្ទៃ។ គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ អ្នកវិទ្យាសាស្ដ្របានរកឃើញ វីរុស Zika នៅក្នុងទឹកភ្លោះរបស់ ស្ដ្រីមានផ្ទៃពោះពីររូប។

មួយវិញទៀត កាលពីសប្ដាហ៍មុន ខាងអជ្ញាធរសុខភាពរបស់អាមេរិក បានបញ្ជាក់ថា មានទារកម្នាក់ កើតមក មានជំងឺ Microcephaly នេះ នៅក្នុងហាវ៉ៃ គឺដោយសារតែម្ដាយ បានឆ្លងវីរុស  Zika នេះ នៅពេលដែលធ្វើដំណើរទៅលេង ប្រទេសប្រេស៊ីល កាលពីឆ្នាំមុន។

អ្វីទៅជា វីរុសZika ?

  • វីរុស Zika បានរីករាលដាល ឆ្លងទៅមនុស្សតាមរយៈ មូសខាំ។
  • ជាទូទៅអាការៈ នៃវីរុសនេះ គឺក្ដៅខ្លួន រមាស់ ឈឺសន្លាក់ និងភ្នែកឡើងក្រហម។
  • អ្នកដែលឆ្លងមេរោគនេះ នឹងធ្លាក់ខ្លួនឈឺ ប្រហែលជា ២ឬ៣ថ្ងៃ ទៅមួយអាទិត្យ។ 
  • នេះបើតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺរបស់អាមេរិក បានឲ្យដឹងថា នាពេលថ្មីៗនេះ មានការរាយការណ៍ថា ចំនួនទារកដែលកើតមក ជាមួយនឹង ជំងឺ microcephaly ឬមានក្បាលតូចនេះ  មានការកើនឡើង ជាងការរំពឹងទុក នៅក្នុងប្រទេសប្រេសស៊ីល។
  • នៅក្នុងនោះ ក្រសួងសុខាភិបាល ប្រេស៊ីល មានការព្រួយបារម្ភ ពីការផ្សាភ្ជាប់គ្នារវាងវីរុស  Zika និង ចំនួនកើនឡើងនៃទារក ដែលមានជំងឺ microcephaly ឬមានក្បាលតូចនេះ។
  • នាពេលនេះ គ្មានវ៉ាក់សាំងចាក់ការពារ ឬថ្នាំ សម្រាប់ព្យាបាលវីរុស  Zika នេះនោះទេ។
  • មនុស្សគ្រប់គ្នា គួរតែចេះការពារដោយខ្លួនឯង ដែលធ្វើយ៉ាងណា កុំឲ្យមូសខាំ។

មួយវិញទៀត មានការហាមឃាត់ ស្ដ្រីដែលមានផ្ទៃពោះ មិនឲ្យធ្វើដំណើរទៅកាន់ ១៤ប្រទេស និងតំបន់ នៅ Caribbean និងអាមេរិកឡាទីនដែលកំពុងតែឆ្លងជំងឺនេះ ដូចជា ប្រេស៊ីល កូឡុំប៊ី អែលសាល់វ៉ាឌ័រ French Guiana ក្វាតេម៉ាឡា ហៃទី ហុងឌូរ៉ាស Martinique មិចស៊ិក ប៉ាណាម៉ា ប៉ារ៉ាហ្គាយ សួរីណាម វ៉េណេស៊ុយអេឡា និង ព័រតូរីកូ៕





នេះជារូបភាព នាង Angelica Pereira ដែលបានដាក់ទឹកអប់ទៅលើកូនស្រីខ្លួន ឈ្មោះ  Luiza ដែលនាងមានជំងឺ Microcephaly ក្នុងប្រទេសប្រេស៊ីល

ស្ដ្រីនៅក្នុងប្រទេសប្រេស៊ីល ត្រូវបានហាមមិនឲ្យមានផ្ទៃពោះ ក្រោយពីវីរុសនេះ បានផ្ទុះឡើង

ប្រភពពី បរទេស| CDC

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]