ភ្នំពេញ ៖ អាស្ទាវឈាមរាវ ៤ព្រួតគ្នាដេញកាប់ យុវជន៥នាក់ បណ្ដាលឱ្យម្នាក់រងរបួសធ្ងន់ធ្ងរ ដេកពេទ្យ និង៤នាក់ទៀត រត់គេចខ្លួនរួច ដោយសារតែជនរងគ្រោះ សួរនាំនារីម្នាក់ដែលជាមិត្ដភក្ដិចាស់ នៅស្រុកជាមួយគ្នា ប៉ះចំសង្សាគេ ប៉ុន្ដែក្នុងនោះនគរបាលឃាត់ខ្លួន ជនដៃដល់បាន៣នាក់ និងម្នាក់រត់គេចខ្លួន។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៩យប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ ស្ថិតនៅផ្លូវបត់ចូល សាលារៀនគោកបញ្ជាន់ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីនគរបាល បានឱ្យដឹងថា ជនដៃដល់មានគ្នា៤នាក់ ប៉ុន្ដែត្រូវឃាត់ខ្លួនបាន ៣នាក់ ទី១-ឈ្មោះ ហុង ហឿន ភេទប្រុស អាយុ ២៤ឆ្នាំ ទី២-ឈ្មោះ ហុង ឌុល ភេទប្រុស អាយុ ២០ឆ្នាំ និងទី៣- ឈ្មោះ ស៊ូ ភាពពិឆ័យ ភេទប្រុស អាយុជាង ២០ឆ្នាំ ជាអ្នកទាំង៣ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១០ ពាក់ស្លាកលេខកំពង់ស្ពឺ 1C-0164 ក្នុងនោះដកហូតបានវត្ថុតាង កំបិតប៉័ងតោ ចំនួន៣ ជាក់ស្ដែង។ ចំណែកឯជនរងគ្រោះម្នាក់ រងរបួសធ្ងន់មានឈ្មោះ ខាត់ ខ្នា ភេទប្រុស អាយុ ២១ឆ្នាំ ជាសិស្សរៀន ភាសាកូរ៉េ ស្នាក់នៅក្នុង ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិសុបិន្ដ ឃុំព្រៃអំពក ស្រុកគីរីវង្ស ខេត្ដតាកែវ រងរបួសដាច់ សរសៃកដៃខាងឆ្វេង បច្ចុប្បន្នកំពុង សម្រាកព្យាបាលបន្ដ និងមិត្ដភក្ដិរបស់គេ ៤នាក់ទៀត ពុំរងរបួសនោះទេ។

ប្រភពព័ត៌មានបានបន្ដទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ រួមនិងបក្ខពួកបានដើរទៅស៊ីផឹក នៅម្ដុំភូមិកើតហេតុ ពេលនោះជនរងគ្រោះស្គាល់នារីម្នាក់ ដែលជាមិត្ដរួមសាលាចាស់ នៅឯស្រុកកំណើត ក៏បានដើរទៅសួរនាំ និងនិយាយលេងជាមួយ ដោយសួរថា មកភ្នំពេញមានសង្សារហើយឬនៅ ពេលនោះក៏ឮទៅ ដល់សង្សានារីនោះ ក៏កើតការប្រច័ណ្ឌបានដើរមកនិយាយឌឺដងដាក់គ្នា ប៉ុន្ដែត្រូវបាន ម្ចាស់ផ្ទះជួលដេញចេញ លុះពេលជនរងគ្រោះ ត្រឡប់ទៅផ្ទះវិញ ស្រាប់តែ ជនដៃដល់ប្រមូលបក្ខពួក ដេញកាប់បណ្ដាលឱ្យរងរបួសធ្ងន់ តែម្ដងទៅ ។ ភ្លាមៗកម្លាំងនគរបាលចល័ត របស់លោក ប៊ន សំអាត អន្ដរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួន បានជាក់ស្ដែងភ្លាមៗចំនួន៣នាក់ និងម្នាក់ទៀតរត់គេចខ្លួន និងបានជួយបញ្ជូនជនរងគ្រោះទៅសង្គ្រោះ អាយុជីវិតជាបន្ទាន់។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕

ដោយ ៖ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]