ខេត្ត​រតន​គិរី ៖​​ ​ដោយ​សារ​ជម្លោះ​រឿង​ជិះ​ម៉ូតូ​​កាត់​មុខ​បណ្តាល​ឱ្យ​២​នាក់​ម្តាយ-​កូន រង​របួស​​ដោយ​​ការ​ចាក់​នឹង​កាំ​បិត​​ធ្លាយ​ពោះ​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១២ និង​​២០​នាទី​រំលង​អធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៦ សីហា ​​​នៅ​​ភូមិ​១ សង្កាត់​ឡា​បាន​សៀក ​ក្រុង​បាន​លុង ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ ម្តាយ​ឈ្មោះ​​សន សុភាព អាយុ​៤៩​ឆ្នាំ ​​រង​របួស​​ពោះ​មួយ​កូន​កាំ​បិត​លិច​ជម្រៅ​ប្រមាណ​៣​ហ៊ុន ចំណែក​កូន​ឈ្មោះ​ស៊ុន វិចិត្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ​​រង​របួស​មួយ​​កូន​កាំ​បិត​ធ្លាយ​ពោះ​ចេញ​ពោះ​វៀន ​បច្ចុប្បន្ន​កំពុង​​សម្រាក​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ។ ជន​រង​គ្រោះទាំង​​២​នាក់​ម្តាយ​-កូន​​​ នេះ​​មាន​​​មុខ​របរ​លក់​ក្រូច​ និង​នំ ក្នុង​ផ្សារ​​បាន​លុង​ (ហៅ​ផ្សា​រ​ល្ងាច) ចំណែក​ជន​ដៃ​ដល់​ឈ្មោះ​ប្រុស មាន​មុខ​របរ​លក់​ងាវ ពង​ក្រួច នៅ​ផ្សារ​ល្ងាច​ដូច​គ្នា រស់​​នៅក្នុង​ភូមិ​​ សង្កាត់​ជា​មួយ​គ្នា​​ និង​ជួល​បន្ទប់​ស្នាក់​នៅ​ជាប់​គ្នា​​ទៀត ហើយ​​​​ក្រោយ​​ពី​បង្ក​របួស​ស្នាម​​​ជន​ដៃ​ដល់​បាន​រត់​គេច​ខ្លួន​​​បាត់ ។

តាម​​​ស្ត្រី​រង​គ្រោះ​រៀប​រាប់​​ថា នៅ​មុន​ពេល​កើត​ហេតុ​​ គាត់​​បាន​ទៅ​ប្រាប់​​ជន​ដៃ​ដល់​ឈ្មោះ​ប្រុស​ កុំ​ឱ្យ​ជិះ​ម៉ូតូ​កាត់​មុខ​បន្ទប់​​គាត់​ចូល​មក​ដល់​ជ្រៅ​ពេក​ ព្រោះ​ខែ​នេះ​មាន​ភ្លៀង​ធ្លាក់​​​​កង់​ម៉ូតូ​ជាប់​ភក់​ ធ្វើ​ឱ្យ​ប្រឡាក់​​ ។ ក្រោយពី​​ប្រាប់​​ល្ងាច​នោះ​ ស្រាប់​តែ​​នៅ​វេលា​​យប់​​ឈ្មោះ​ប្រុស​​បាន​មក​រក​រឿង​គាត់​ដល់​មុខ​បន្ទប់​​​​ ដោយ​មាន​​​កាន់​កាំ​បិត​ចុង​ស្រួច​​​ពណ៌​ស មាន​ដង​​ពណ៌​លឿង​​ប្រវែង​មួយ​​ចំអាម​ផង​ ។ ខណៈ​នោះ​ក៏​មាន​ការ​​បង្ក​​ការ​ប្រទូស្ត​រ៉ាយ​​​គ្នា​​​ ហើយ​ជន​ដៃ​ដល​់​ឈ្មោះ​ប្រុស បាន​ចាក់​មក​លើ​គាត់​ និង​កូន​ប្រុស​បណ្តាល​ឱ្យ​ដួល​សន្លប់​​នៅ​នឹង​កន្លែង​កើត​ហេតុ ។

ក្នុង​ហេតុ​ការណ៍​​នេះ រូប​គាត់​​ជា​មួយ​កូន​ប្រុស​​ត្រូវ​បាន​អ្នក​ជិត​ខាង​​​​យក​មក​​មន្ទីរ​ពេទ្យ​​បង្អែក​​ខេត្ត​ទាំង​យប់ ​ចំណែក​​ជន​ដៃ​ដល់​រត់​គេច​ខ្លួន​​២​នាក់​ប្តី​ប្រពន្ធ​បាត់​ស្រមោល​​ដោយ​ទុក​កូន​​ប្រុស​តូច​ៗ​២​នាក់​ចោល​ក្នុង​បន្ទប់​ ។ទាក់​ទិន​​នឹង​រឿង​ហេតុ​​​ខាង​លើ​ ត្រូវ​បាន​លោក​ឯម វន អធិ​​ការ​នគរ​បាល​​ក្រុង​បាន​លុង​ ​​ឱ្យ​ដឹង​ថា សមត្ថ​កិច្ច​​កំពុង​​ស្រាវ​ជ្រាវ​តាម​ចាប់​ខ្លួន​ជន​ដៃ​ដល់​ឱ្យ​ខាង​តែ​បាន​ ព្រោះ​ស្គាល់​អត្ត​សញ្ញាណ​​​ហើយ ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]