រាជធានីភ្នំពេញ ៖ ទី​បំផុត​គម្រោង​វេច​បង្វិច​ឡើង​យន្ត​ហោះ​ឆ្លង​សមុទ្រ​​ទៅ​កាន់​ប្រទេស​កាណាដា​ជា​លើក​ដំបូង​របស់​តារា​​ចម្រៀង​​ស្រី​លំដាប់​កំពូល​នាង ឱក សុគន្ធ​កញ្ញា ត្រូវ​បាន​​ពន្យា​រពេល​ ដោយ​សារ​តែ​​តារា​ចម្រៀង​រូប​នេះ​កំពុង​តែ​​មមា​ញឹក​ដូច​ទឹក​បាក់​ទំនប់​​ក្នុង​ការ​កើប​លុយ​​នៅ​ក្នុង​ស្រុក ។

​តាម​ពិត​គម្រោង​ចេញ​ទៅ​ប្រទេស​កាណាដា​​ជា​លើក​ដំបូង​របស់​តារា​ចម្រៀង​ស្រី​ដ៏​ល្បី​ល្បាញ​ក្នុង​ផលិត​កម្ម​រស្មី​ហង្ស​មាស​រូប​នេះ គឺ​​មាន​ជា​យូរ​មក​ហើយ ប៉ុន្តែ​ដោយ​សារ​តែ​ការ​ងារ​សិល្បៈ​ក្នុង​ស្រុក​របស់​នាង​ដែល​ស្ទើរ​ដក​ដៃ​មិន​រួច​នោះ​ទើប​ឱក សុគន្ធ​កញ្ញា សម្រេច​ពន្យា​រការ​​ចេញ​ទៅ​សម្តែង​ក្នុង​ប្រទេស​ដ៏​ស៊ីវិល័យ​​​មួយ​នេះ​វិញ ។

​ទាក់​​​ទិន​នឹង​ការ​ចេញ​​ទៅ​សម្តែង​​នៅ​ប្រទេស​កាណាដា ​របស់​ឱក សុគន្ធ​កញ្ញា ​ពេល​នេះ​ត្រូវ​បាន​​ក្រុម​​គ្រួសារ​របស់​នាង​អះអាងថា ​កញ្ញា​ពិត​ជា​មាន​គម្រោង​​ចេញទៅ​សម្តែង​​នៅ​ឯ​​បរទេស​ប្រាកដ​​មែន តែ​មិន​​ដឹង​ច្បាស់​​ថា កញ្ញា​ទៅ​​ពេល​ណា​ឱ្យ​ប្រាកដ​នោះ​ទេ ដោយ​សារ​តែ​បច្ចុ​ប្បន្ន​​ការងារ​ដែល​ត្រូវចេញ​នោះ​កំពុង​ស្ថិត​ក្នុង​ការ​រត់​ឯក​សារ​នៅឡើយ ។

​ផ្ទុយ​ពី​ការ​បក​ស្រាយ​ខាងលើ​នេះ ​គូស្នេហ៍​ចាស់​​វស្សា​របស់​​ឱក សុគន្ធ​កញ្ញា លោក​រ៉េត​ធី ដូណា ​បាន​អះអាង​ប្រាប់​កោះ​សន្តិ​ភាព​នៅ​ថ្ងៃ​ទី​៩ សីហា ២០១២ នេះ​ថា តាម​ពិត​គម្រោង​​ចេញ​ទៅ​ប្រទេស​កាណាដារបស់​ឱក សុគន្ធ​កញ្ញា គឺ​ត្រូវ​ចេញ​ទៅ​យូរ​ហើយ​តែ​ដោយ​សារ​​ការ​​ងារ​ក្នុងស្រុក​របស់​នាង​មិន​ទាន់​អាច​ដក​ឃ្លា​បាន​នោះ  ទើប​នាង​សម្រេច​លើក​ពេល​វិញ ។ ទោះ​បីជា​យ៉ាង​ណា​​តន្ត្រី​ករ​វ័យ​ក្មេង​រូប​នេះ​នៅ​មិន​ទាន់​ដឹង​ថា គូ​ស្នេហ៍​របស់​​ខ្លួន​នឹង​ត្រូវ​ចេញ​ទៅ​​នៅ​ពេល​ណា​មួយ​ឱ្យ​ប្រាកដ​នៅឡើយ​ទេ ។ លោក​បញ្ជាក់​​បន្ថែម​ថា ​ប្រសិន​បើ​ឱក សុគន្ធ​កញ្ញា ចេញ​ទៅ​​សម្តែង​នៅ​ប្រទេស​កាណាដា​នោះ​គឺ​អាច​ប្រើ​រយៈ​ពេល​ប្រហែល​ជា​២​ខែ​ទើប​វិល​មក​កាន់​​ទឹក​ដី​កំណើត​វិញ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]