ភ្នំពេញ៖ កញ្ញា ឯក សុជាតា ហៅសាសា នៅក្នុងឆ្នាំនេះគេសង្កេតឃើញថា នាងជាតារាស្រីមួយរូប ដែលមានភាពលេចធ្លោខ្លាំងជាងគេ ដោយនាងពើបប្រទះទៅនឹង រឿងរ៉ាវអាស្រូវបន្តបន្ទាប់ផ្ទួនៗគ្នា ដែលជាដើមហេតុ ធ្វើឲ្យនាងហាក់ឃ្លាតឆ្ងាយ ពីសង្វៀនសិល្បៈលែង បង្ហាញវត្តមានចូលរួមកម្មវិធី អ្នកសិល្បៈរួមអាជីព ដូចពេលមុនៗទៀត។ ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជន នឹកស្មានមិនដល់នោះ គឺថ្មីៗនេះនាងបែរជាទៅសម្ងំ បើកមុខជំនួញថ្មី​ ធ្វើជាថៅកែស្រី Relax Restaurant and Pub ដែលមានទីតាំង នៅខេត្តសៀមរាបធ្វើរំភើយ។

ទស្សនិកជននៅចាំបានថា កាលពីអំឡុងពាក់កណ្តាល ឆ្នាំ២០១៥នេះ កញ្ញា សាសា ត្រូវបាន លោក សុខ ប៊ុន ដែលមានងារជាឧកញ៉ា បានប្រើហឹង្សាវាយតប់នាង រងរបួសជាដំណំត្រូវសម្ងំព្យាបាលជំងឺ អស់ពេលជាច្រើនខែ ហើយ ក្រោយជួបរឿងហេតុអាក្រក់នេះ នាងក៏ប្រាថ្នាចង់ចាកចេញ ទៅរស់នៅក្រៅប្រទេស ព្រោះចង់បំភ្លេចរឿងអាក្រក់ៗ បន្ទាប់មករឿងចាស់មិនទាន់ស្ងប់ផង នាងក៏បានធ្វើឲ្យទស្សនិកជន ភ្ញាក់ផ្អើលជាថ្មី គឺនាងបានបង្កគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តបាត់ដំបងទៀត ។ តែទីបំផុតអ្វីគ្រប់យ៉ាងបាន ស្ងប់ស្ងាត់ទៅវិញ ដូចពាក្យចាស់ថា «ក្រោយភ្លៀងមេឃស្រឡះ» ក្រោយមានគ្រោះផ្ទួនៗ នាងបានងាកមកបោះទុន រាប់ម៉ឺនដុល្លារ ធ្វើជាថៅកែស្រីនៅភោជនីយដ្ឋាន Relax Restaurant and Pub ដែលមានទីតាំងនៅតំបន់ទេសចរណ៍អង្គរ នាខេត្តសៀមរាប ដោយមិនខ្វល់ពីអ្វីទៀតទេ ។

រូបថតជាច្រើនសន្លឹកត្រូវបាន អតីតពិធីការិនីក្នុងកម្មវិធី «រាត្រីកម្សាន្ត» កញ្ញា សាសា បង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួនបង្ហាញឲ្យឃើញ ពីមុខជំនួញថ្មីរបស់នាង ដែលបោះទុនរាប់ម៉ឺនដុល្លារ ដែលសរបញ្ជាក់ឲ្យឃើញថា គម្រោងដែលនាងចេញទៅ រស់នៅក្រៅប្រទេសនោះ ទំនងជាត្រូវលុបចោលវិញ ដោយសារតែនាងពេលនេះ មានមុខជំនួញ ត្រូវមើលការខុសត្រូវមិនអាចចេញ ទៅរស់នៅបរទេស ដូចការរំពឹងទុកមុនឡើយ ។

នៅភោជនីយដ្ឋាន Relax Restaurant and Pub របស់កញ្ញា សាសា មានបើកទទួលភ្ញៀវទាំងជាតិ និងអន្តរជាតិ និងមានទទួលរៀបចំកម្មវិធី ជប់លៀងផ្សេងៗតម្រូវ តាមចិត្តអតិថិជនគ្រប់ស្រទាប់ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]