ភ្នំពេញ៖ នៅព្រឹកនេះ មានការចែកចាយព័ត៌មានមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវបានប្រភពព័ត៌មានអះអាងថា តារាចម្រៀង អាន គុណកូឡា បានបើករថយន្តម៉ាកឡិចស៊ីស RX330 ជ្រុលទៅពន្លះខឿនផ្លូវក្រោមស្ពានអាកាស ដាច់ក្រឡេកង់ទៅមុខលែងរួច។

ប្រភពព័ត៌មាននៅលើហ្វេសប៊ុក បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅវេលាយប់ម៉ោង ១១ និង២០នាទី ថ្ងៃទី២២ ខែធ្នូ ២០១៥ ស្ថិតនៅចំនុចផ្លូវក្រោមស្ពានអាកាសតិចណូ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។ ប្រភពដដែលបានបញ្ជាក់ឲ្យដឹង អមជាមួយវីដេអូឃ្លីបនៅកន្លែងកើតហេតុទៀតថា រថយន្តបង្កហេតុ បើកដោយតារាចម្រៀង អាន គុណកូឡា ប្រចាំផលិតកម្មសាន់ដេ រួមដំណើរ ជាមួយបុរសម្នាក់ទៀត តាមបណ្តោយផ្លូវលេខ ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង ចូលផ្លូវក្រោមស្ពានអាកាសក្នុងល្បឿនលឿន បួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកនឹងខឿនផ្លូវក្រោមដីនោះពេញទំហឹងតែម្តង។

ប្រភពបន្តថា ក្រោយពេលកើតហេតុ អ្នកបើកបានពាក់ម៉ាស ចុះពីរថយន្ត និងក្រោយមកគេចចេញពីកន្លែងកើតហេតុបាត់តែម្តង ដោយខ្លាចមានអ្នកកាសែតមកថត។ ចំណែករថយន្តបង្ក ត្រូវបានសមត្ថកិច្ចរក្សាទុកនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់។

ទោះយ៉ាងណា គេមិនទាន់ដឹងច្បាស់នៅឡើយទេ ថាអ្នកបើកបររូបនោះ ពិតជាតារាចម្រៀង អាន គុណកូឡា មែនឬក៏មិនមែន ព្រោះការរៀបរាប់ខាងលើ គ្រាន់តែជាព័ត៌មានជំហានដំបូង ដែលប្រភពព័ត៌មានបានអះអាងប៉ុណ្ណោះ។

Khmerload នឹងរង់ចាំការបកស្រាយ ពីលោក អាន គុណកូឡា ដោយក្តីរីករាយ ចំពោះព័ត៌មានដែលបានរៀបរាប់ខាងលើ៕

ប្រភព៖ Facebook

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អាន គុណកូឡា