ខេត្ត​ពោធិ៍សាត់ ៖​​ ​រថយន្ត​​ស៊េរី​ទំនើប​​មួយ​គ្រឿង​ដែល​លួច​ដឹក​ឈើ​​ប្រណីត​ខុសច្បាប់​​​​ ត្រូវ​សមត្ថ​កិច្ច​ស្ទាក់​ចាប់​បាន​កាល​ពី​ថ្ងៃទី​៥ សីហា វេលា​​ម៉ោង​១១​យប់​​ត្រង់ចំណុច​ភូមិ​​ត្រពាំង​រំដេញ​ ឃុំ​ក្បាល​​ត្រាច​ ស្រុក​ក្រគរ ។ លោក​វរ​សេនីយ៍​ត្រី ខូយ កុសល នាយ​ការិ​យាល័យ​នគរ​បាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​​ខេត្ត​ឱ្យ​ដឹង​​ថា រថយន្ត​ដឹក​ឈើ​ប្រណីត​​ខុស​ច្បាប់​នេះ​ម៉ាកតូយ៉ូតា TUNDRA ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​​ ។

នៅយប់​នោះ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌​មាន​​ពី​ភ្នាក់​ ងារ​ភ្លាម​ កម្លាំង​នគរ​បាល​​ប្រឆាំង​បទ   ​ល្មើ​ស​សេដ្ឋ​កិច្ច​ក្រសួង​មហា​ផ្ទៃ​​ សហ​ការ​ជា​មួយ​កម្លាំង​នគរ​បាល​​ប្រឆាំង​បទ​ល្មើ​សសេដ្ឋ​កិច្ច​​ខេត្ត​ពោធិ៍ ​សាត់​ បាន​ស្ទាក់​ចាប់​រថយន្ត​ស៊េរី​​ទំនើប​​ខាង​លើ​នេះ​នៅ​ចំណុច​ភូមិ​ត្រពាំង​ រំដេញ​ ឃុំ​ក្បាល​​ត្រាច ស្រុក​ក្រគរ ខណៈ​កំពុង​ធ្វើ​ដំណើរ​​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត ។ នៅ​ពេល​​សមត្ថ​កិច្ច​ស្ទាក់​​ភ្លាម​អ្នក​បើក​បរ​មិន​​ស្គាល់​អត្ត​សញ្ញាណ​​ បាន​ឈប់​រថយន្ត​ហើយ​រត់​គេច​ខ្លួន​បាត់​នៅ​សល់​អ្នក​រួម​ដំណើរ​ម្នាក់​​ក៏​​ ត្រូវ​បាន​ចាប់​​វាយ​ខ្នោះ​យក​ទាំង​រថយន្ត​ និង​មនុស្ស​មក​​កាន់​ស្នង​ការ​ដ្ឋាន​​នគរ​បាល​ខេត្ត​ពោធិ៍​សាត់ ។

អ្នក​រួម​ដំណើរ​​​ដែល​​ឃាត់​ខ្លួន​នោះ​បាន​ប្រាប់​ថា ខ្លួន​​ឈ្មោះ​យុន ស៊ីម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទី​លំ​នៅ​ឃុំ​រកា​កោង ស្រុក​​មុខ​កំពូល ខេត្ត​កណ្តាល ។ ខ្លួន​ទើប​តែ​ស្គាល់​អ្នក​បើក​បរ​រថយន្ត​៣​ថ្ងៃ​ប៉ុណ្ណោះ តែ​មិន​ស្គាល់​ឈ្មោះ​​ទេ ។ នៅ​​ថ្ងៃទី​៥ ​សីហា ជន​នោះ​បានបបួល​ខ្លួ​ន​ឱ្យ​ជិះ​រថយន្ត​មក​​ជាមួយ​ចាំ​គេ​​ឱ្យ​លុយ​១០​ទៅ​២០​ ម៉ឺនរៀល​ ចាយ​ ។ ដោយ​សារ​ខ្លួន​ទំនេរ​ ក៏​យល់​ព្រម​ជិះ​​រថយន្ត​មក​ជា​មួយ​ពី​ស្រុក​​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ លុះ​​មក​ដល់​ខេត្ត​ពោធិ៍​សាត់​ ក៏​ត្រូវ​សមត្ថ​កិច្ច​​ចាប់​ឃាត់​តែ​ម្តង ។

នៅ​ព្រឹក​ថ្ងៃទី​៦ សីហា សមត្ថក​ិច្ច​បាន​​ទម្លាក់​ឈើ​រាប់​ចំនួន​សរុប​មាន​ចំនួន​៤៣​កំណាត់​​ស្មើ​ នឹង​១,៧៤៤​ម៉ែត្រ​គូប ជា​​ប្រភេទ​ឈើ​គ្រញូង ហើយ​បាន​ធ្វើ​ពិធី​​ប្រគល់​ទៅ​​ឱ្យ​ខាង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​​ក្នុង​ឱ​ កាស​​នោះ​ដើម្បី​ទុក​ជា​សម្បត្តិ​​​រដ្ឋ ។ ចំណែក​អ្នក​រួម​ដំណើរ​ដែល​​ឃាត់​ខ្លួន​ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ សាលា​ដំបូ​ង​ខេត្ត​​ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់ ។ សូម​បញ្ជាក់​ថា រថយន្ត​ស៊េរី​ទំនើប​ម៉ាក​តូយ៉ូ​តា TUNDRA នោះ​មិន​មែន​ទើប​តែ​​ដឹក​ម្តង ឬ​ពីរ​ដង​នោះ​ទេ គឺ​រាប់​មិន​អស់​ទៅ​ហើយ ព្រោះ​ខាង​ក្នុង​គេ​បាន​កែ​ច្នៃ​​សម្រាប់​ដឹក​ឈើ​តែ​ម្តង ។

សព្វ​ថ្ងៃ​នេះ​គេ​មិន​សូវ​ប្រើ​រថយន្ត​​កាមរី​តូច​ៗ​ ដឹក​ឈើ​ប្រណីត​​ដូច​មុន​ទេ គឺ​គេ​ប្រើ​រថយន្ត​​ស៊េរី​ទំនើប​មាន​តម្លៃ​ថ្លៃ​​ដើម្បី​បន្លំ​​ភ្នែក​សមត្ថ ​កិច្ច​​ ហើយ​គេ​មិន​សូវ​ចាប់​អារម្មណ៍​ផង ​ជាក់​ស្តែង​​រថយន្ត TUNDRA នេះ​បើ​គ្មាន​​ភ្នាក់​ងារ​​រាយ​ការណ៍​ច្បាស់​ទេ ក៏​ចាប់​មិន​បាន​ដែរ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]