បរទេស៖ វាពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមែនទែន បន្ទាប់ពីកំពូលកីឡាករប្រដាល់ម្នាក់ ត្រូវបានស្ថាប័នសម្រេច ដកហូតយកវិញនូវ ខ្សែក្រវ៉ាត់ដែលរូបគេ ទើបនឹងដណ្តើមបាន មិនយូរប៉ុន្មានផងនោះ ក្រោយពីកីឡាកររូបនេះ សម្រេចចុះហត្ថលេខា ប្រកួតជាមួយនឹង ដៃគូខុស។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា កីឡាករប្រដាល់ Tyson Fury ត្រូវបានស្ថាប័ន​ IBF សម្រេចដកហូតខ្សែក្រវ៉ាត់ ពីរូបគេត្រឡប់មកវិញ បន្ទាប់ពីកីឡាករវ័យ២៧ឆ្នាំរូបនេះ ទើបនឹងដណ្តើមបានពី កីឡាករ Wladimir Klitschko កាលពី២សប្តាហ៍មុននេះ។

មូលហេតុដែលនាំឲ្យ មានការសម្រេចដកហូត ខ្សែក្រវ៉ាត់ប្រភេទ IBF ពីកីឡាករ Fury មកវិញ បន្ទាប់ពីកីឡាកររូបនេះ សម្រេចចុះហត្ថលេខាជាមួយ ដៃគូប្រកួតបន្ទាប់ខុស ក៏ព្រោះតែរូបគេនឹង ត្រូវឡើងប្រកួតបន្ទាប់ទៀត ជាមួយនឹងកីឡាករ Vyacheslav Glazkov តែផ្ទុយទៅវិញ Fury បែរជាយល់ព្រម ចុះហត្ថលេខាប្រកួត សារឡើងវិញ ជាមួយនឹងកីឡាករ Klitschko ក្នុងទំហំទឹកប្រាក់ ដ៏ច្រើនទៅវិញ។ ម្យ៉ាងវិញទៀត នេះក៏ជាមូលហេតុដែល បង្កឲ្យមានភាពចម្រូងចម្រាស នេះឡើងមកដែរ។


កីឡាករ Tyson Fury ជាមួយនឹងខ្សែក្រវ៉ាត់ទាំងអស់ របស់គេ

លោក Lindsey Tucker ប្រធានស្ថាប័ន IBF បាននិយាយថា “វាជាការពិតដែល Tyson Fury ត្រូវបានដកហួត ខ្សែក្រវ៉ាត់ប្រភេទ IBF ព្រោះថាដៃគូបន្ទាប់របស់គេ នោះគឺកីឡាករ Vyacheslav Glazkov ប៉ុន្តែគេបែរទៅជា ចុះហត្ថលេខាប្រកួត សារឡើងវិញជាមួយកីឡាករ Wladimir Klitschko ទៅវិញ ហើយនេះក៏ជាទង្វើ បំពានកិច្ចសន្យាដ៏ធំមួយ ផងដែរ”។

ក៏គូសបញ្ជាក់ផងដែរថា បើទោះជា Tyson Fury ត្រូវគេដកហូតយកខ្សែក្រវ៉ាត IBF យ៉ាងណាក្តី ក៏កំពូលកីឡាករប្រដាល់រូបនេះ នៅតែមានខ្សែក្រវ៉ាត់ប្រភេទ WBO, WBA, និង IBO នៅក្នុងដៃផងដែរ៕


ទិដ្ឋភាពពេលដែល Fury កំពុងប្រកួតជាមួយនឹង Klitschko

ប្រភព៖ Metro

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]