ជាមួយវត្ថុបំណងដើម្បីផ្ដល់ការស្វែង​យល់​អំពី​របៀប​ធ្វើ​អាជីវកម្ម និង​បម្លាស់ប្តូរ​គំនិតគ្នា​ទៅ​ វិញ​ទៅ​មក ក្នុង​ការ​ដំណើ​ការ​ អាជីវកម្ម​មួយ​ប្រកប ដោយ​ជោគជ័យ​ វគ្គផ្សព្វផ្សាយកម្មវិធីការ ចាប់ផ្ដើមអាជីវកម្មជុំទីបី នឹងត្រូវរៀបចំធ្វើឡើងនៅសាកលវិទ្យាល័យ បាត់ដំបងពីថ្ងៃទី20-22 ខែវិច្ឆិកានេះ។

គំនិតផ្ដួចផ្ដើមនេះធ្វើឡើងក្រោយពីកម្មវិធីសហគ្រិនភាពចំនួនពីរទៀតទទួលបានជោគជ័យ កន្លងមក ក្នុងឆ្នាំនេះ។ ក្នុងគោលបំណង បំផុសការយល់ដឹង និងលើកទឹកចិត្តដល់ សហគ្រិនភាពសង្គម ជាពិសេសពលរដ្ឋខ្មែរ វគ្គសិក្ខាសាលាស្តីពីចំណាប់ផ្ដើម សហគ្រិនភាពសង្គម ត្រូវបានរៀបចំផ្ដល់ ជូនបទបង្ហាញជា ភាសាខ្មែរដើម្បីផ្សព្វផ្សាយ និងផ្ដល់នូវអត្ថប្រយោជន៍ ជាចម្បងដល់សិក្ខាកាម ខ្មែរទាំងអស់។

គំនិតផ្ដួចផ្ដើមនេះផ្ដល់នូវទិដ្ឋភាពទូទៅនៃសហគ្រិនភាពសង្គមក្នុងដំណាក់កាលអន្តរកម្ម និងប្រតិបត្តិ ទាំងប្រាំបួនជំហាន។ សិក្ខាសាលានេះជា កិច្ចពិភាក្សាជំរុញទឹកចិត្ត និងការណែនាំពី សហគ្រិនខ្មែរដែលទទួល ជោគជ័យលើអាជីវកម្ម ដើម្បីចែករំលែកបទ ពិសោធល្អៗរបស់ខ្លួនដល់សិក្ខាកាម យកទៅអនុវត្តក្នុងអាជីវកម្មរបស់ខ្លួន។

ក្នុងអំឡុងកិច្ចពិភាក្សាយ៉ាងផុសផុលរយៈពេល56ម៉ោង ក្រុមសហគ្រាសសង្គម នឹងមានការ ជួយសម្របសម្រួលពីវាគ្មិនដែល មានបទពិសោធ បង្ហាញករណីសិក្សា ជាក់លាក់អំពីបញ្ហា អាជីវកម្មនៅកម្ពុជា និងស្ដាប់យោបល់ល្អៗពីសហគ្រិនខ្មែរ មួយចំនួន។

សិក្ខាកាម​នឹង​បាន​សិក្សា​ពី​របៀប​កំណត់ និង​ដោះស្រាយ​បញ្ហា​សង្គម ឬ​បរិស្ថាន​ ដែល​ប៉ះពាល់​ ដល់​សហគមន៍​របស់​ពួក​គេ សិក្សា​ពី​របៀប​ បង្កើត​នូវ​ដំណោះស្រាយ​ ប្រកបដោយ​ប្រសិទ្ធភាព អភិវឌ្ឍ​កែ​លម្អ​សំណើ​គម្រោង និង គំរូ​អាជីវកម្ម​មួយ​រឹង​មាំ ប្រកបដោយ​លក្ខណៈ​ច្នៃប្រឌិត កសាង​ផែនការ​ហិរញ្ញវត្ថុ ​ប្រកបដោយ​និរន្តរភាព បង្កើត​ចក្ខុវិស័យ​បំផុសគំនិត និង​បេសកកម្ម ធានា​បាន​នូវ​ភាពវិជ្ជមាន ផល​ប៉ះពាល់​ដែល​អាច​កើនឡើង ហើយ​ជា​ចុង​ក្រោយ​ក្រុម​ពិភាក្សា​នឹង​ធ្វើ​បណ្តាក់ ទុន​ដេញថ្លៃ​គម្រោង​ ដើម្បី​ក្លាយជា​អ្នក​វិនិយោគ និង​សហគ្រិន​ ពិតប្រាកដ​មួយ​។

គំនិត​ផ្តួចផ្តើម​ជុំ​ទី​មួយ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខេត្តសៀមរាបកាលពីខែកក្កដា បន្ទាប់មកនៅ ខេត្តព្រះសីហនុក្នុងខែតុលា។ សម្រាប់ជុំទីពីរ ក្រុម Camasian បានឈ្នះដោយកិត្តិយសបំផុតសម្រាប់គំនិតច្នៃប្រឌិតក្នុងផែនការបើកមជ្ឈមណ្ឌល សេវាអប់រំ និងថែទាំកុមារតូច ក្នុងបំណងជួយ បង្ហាត់បង្រៀន និងមើលថែ ទាំកុមារតូចៗដែលឪពុកម្ដាយជាប់រវល់ មមាញឹកក្នុងការងារផ្សេងៗ។

“យើងចង់ជួយមើលថែក្មេងតូចៗដែលឪពុកម្ដាយពួកគេរវល់ខ្លាំងក្នុងការងារផ្សេងៗ។” នេះបើយោង តាមសម្ដីរបស់ ផៃ វ៉ាន់យ៉ា សមាជិកក្រុម Camasian។ សមាជិកក្រុមរូបនេះក៏ បានបញ្ជាក់បន្ថែមទៀតថា “ក្នុងវគ្គបណ្ដុះបណ្ដាល សហគ្រិនភាពសង្គមនេះ យើងបានយល់ដឹង កាន់តែច្បាស់អំពី របៀបរៀបចំ និងគ្រប់គ្រងថវិកា ក្នុងដំណើរការអាជីវកម្មនេះ ដោយជោគជ័យ។”

សម្រាប់ព័ត៌មានបន្ថែមអំពីវគ្គបណ្ដុះបណ្ដាលសហគ្រិនសង្គម និងព្រឹត្តិការណ៍បន្តបន្ទាប់ សូមចូលទៅកាន់ phnompenh.impacthub.net

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]