ប៊ែលហ្សិក៖ បន្ទាប់ពីមានហេតុការណ៍ ដ៏សែនរន្ធត់នៃការវាយប្រហាររបស់ពួកភេរវករ មកលើប្រជាជនស្លូតត្រង់ ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា រួចមក ប្រទេសជាច្រើននៅលើពិភពលោកបានបង្ហាញ ពីការព្រួយបារម្ភចំពោះសុវត្ថិភាពយ៉ាងខ្លាំង ដោយកត្តានេះហើយ បានធ្វើឲ្យការប្រកួតបាល់ទាត់ លក្ខណៈមិត្តភាពរវាង ប៊ែលហ្សិក និងអេស្ប៉ាញ ត្រូវបានប្រកាសរំសាយចោល ដោយគ្មានការព្រៀងទុក។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា សហព័ន្ធ FA នៃប្រទេសប៊ែលហ្សិក បានចេញសេចក្តីសម្រេច ក្នុងការលុបចោលការប្រកួត បាល់ទាត់មិត្តភាព រវាងក្រុមជម្រើសជាតិ ប៊ែលហ្សិក និងក្រុមជម្រើសជាតិ អេស្ប៉ាញ ដែលនឹងត្រូវធ្វើឡើង នៅឯកីឡដ្ឋាន King Baudouin នៃទីក្រុង Brussels នាថ្ងៃអង្គារនេះ បន្ទាប់ពីរដ្ឋាភិបាល នៃប្រទេសនេះបានលើកឡើងអំពីការព្រួយបារម្ភ ចំពោះសុខសុវត្ថិភាពនៅក្នុងប្រទេសរបស់ខ្លួន ក្រោយអំពើភេរវកម្មដ៏សែនអាក្រក់បានកើតឡើង នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីពេលថ្មីៗកន្លងទៅនេះ។


កីឡាករក្រុមបាល់ទាត់ ជម្រើសជាតិនៃប្រទេស ប៊ែលហ្សិក

ជាមួយគ្នានេះដែរ សហព័ន្ធ FA របស់ប្រទេស ប៊ែលហ្សិក បានលើកឡើងថា “ព្រោះតែកាលៈទេសៈ មិនអំណោយផល ពួកយើងមិនអាចយក សុវត្ថិភាពរបស់កីឡាករ និងអ្នកគាំទ្រមកប្រថុយប្រថានបានឡើយ ទើបពួកយើងបាន ធ្វើការសម្រេចជាចុងក្រោយ ដោយកំណត់យកការរំសាយការប្រកួត ដូច្នេះហើយសូមឲ្យអ្នកគាំទ្រទាំងអស់យោគយល់ និងកុំមានការខកចិត្ត ជុំវិញការសំរេចចិត្តមួយនេះ”។

គូសបញ្ជាក់ផងដែរថា មូលហេតុដែលនាំឲ្យមានការកើនឡើង នូវក្តីបារម្ភចំពោះ សុខសុវត្ថិភាពរបស់ ប្រជាជនជាពិសេស អ្នកនៅក្នុងទីក្រុង Brussels ប្រទេសប៊ែលហ្សិក គឺបន្ទាប់ពីក្រុមប៉ូលីសជំនាញ របស់ប្រទេសបារាំង បានរកឃើញថា ក្រុមភេរវករ ដែលបានវាយប្រហារ មកលើទីក្រុងប៉ារីស គឺភាគច្រើនបាននាំយក សំភារៈ និងជួលឧបករណ៍ចេញពីប្រទេសប៊ែលហ្សិក ហើយជាពិសេសទៀតនោះ ជនសង្ស័យដ៏សំខាន់ម្នាក់ ដែលមានឈ្មោះថា Salah Abdeslam វ័យ២៦ឆ្នាំ ក៏នៅពុំទាន់ត្រូវបានចាប់ខ្លួនផងដែរ ទើបនាំឲ្យមានការប្រុងប្រយ័ត្ន និងការពារយ៉ាងតឹងតែង ដើម្បីកុំឲ្យមានការ វាយប្រហារណាមួយកើតឡើងបន្តទៀត៕


កីឡាករបាល់ទាត់ នៃក្រុមជម្រើសជាតិ អេស្ប៉ាញ

ប្រភព៖ BBC

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]