រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ឆៃ​លី ដា​ឡែ​ន ត្រូវ​គេ​ទាក់ទង​ឱ្យទៅ​សម្តែង​នៅ​អា​មេ​រិ​ក​នា​ពេល​ខាង​មុខ តែ​ដោយសារ​មានបទពិសោធន៍​ធ្លាប់​រង​ការ​រិះគន់​ស្ទើរតែ​ដាច់​អាជីព​កន្លង​មក ធ្វើ​ឱ្យ​នាង​បារម្ភ​ខ្លាច​មានរឿង​មិនល្អ​កើតឡើង​ទៀត ។

គម្រោង​ចេញ​ទៅ​អា​មេ​រិ​ក​ទឹកដី​សម្បូរ​ដុល្លារ​ជាទី​ដែល​សិល្បករ​ខ្មែរ​តែងតែ​ចង់ទៅ​កើប​ប្រាក់ មិនមែន​ជា​រឿង​ធ្វើ​ឱ្យ​តារា​និយម​តែងខ្លួន យេ​ៗ ឆៃ​លី ដា​ឡែ​ន សប្បាយចិត្ត​ប៉ុន្មាន​ទេ ដ្បិត​នាង​ហាក់​បាក់​ស្ប៉ា​ត​ដោយសារ​គ្រា​កន្លង​ទៅ​នាង​សម្តែង​នៅ​ទីនោះ​តុបតែង​ខ្លួន​សិច​ស៊ី​ជ្រុល​ហួសហេតុ ធ្វើ​ឱ្យ​មហាជន​រិះគន់​ខ្លាំង ។ ដោយសារ​រឿង​នោះ​ដា​ឡែ​ន​ត្រូវ​អាក់ខាន​បង្ហាញមុខ​ក្នុង​ពិភព​សិល្បៈ​ប្រមាណ​ជិត​៣​ឆ្នាំ ។ ដូច្នេះ​ហើយ​ដា​ឡែ​ន​ខិតខំ​ស្រវា​រក​គេឯង​ជួយ ព្រមទាំង​ចេញ​មុខ​សុំ​ទោស​មហាជន​ទាំង​ទឹកភ្នែក​ម្តង​ហើយ​ម្តងទៀត ដើម្បី​បាន​ឱកាស​សម្តែង​តាម​ទូរទស្សន៍​វិញ ។

ក្នុង​ជំនួប​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ឆៃ​លី ដា​ឡែ​ន​ដែល​កំពុង​ត្រៀមខ្លួន​ថត​ភាពយន្ត​ថ្មី​មាន​ចំណងជើង​ថា «​វិស្សមកាល​មរណៈ​»​ជូន​ផលិតកម្ម​ចក្កវាឡ​ពេជ្រ​រៀបរាប់​ឲ្យ​ដឹង​ថា នាង​មាន​គម្រោង​ចេញ​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក​សា​ជា​ថ្មី​នា​ប៉ុន្មាន​ខែ​ខាង​មុខ ដោយ​អ្នក​ឧបត្ថម្ភ​កំពុង​រត់ការ​ដាក់​លិខិត​ស្នាម ផ្សេង​ៗ ។ ដំណើរ​ទៅ​អា​មេ​រិ​ក​លើក​នេះ​មាន​រយៈពេល​៣​ខែ​ដោយ​គ្រោង​ចេញ​នៅ​ដើមឆ្នាំ​២០១៦ ។

អតីត​សមាជិក​ក្រុម​ចម្រៀង​រៃ​មាស​រូប​នេះ​និយាយ​ថា «​អារម្មណ៍​ចេញ​ទៅ​អា​មេ​រិ​ក​លើក​នេះ​ពិតជា​ធ្វើ​ឲ្យ​នាង​ខ្ញុំ​គិតគូរ​ណាស់ ដើម្បី​បញ្ជៀ​ស​បញ្ហា​ដែល​កើតឡើង ផ្សេង​ៗ​ដូច​ពេល​ដែល​នាង​ខ្ញុំ​បាន​ជួប​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ដោយ​ជា​រឿង​ជូរ​ចត់ ទឹកភ្នែក​រាល់ថ្ងៃ ទម្រាំ​បាន អ្វី​ៗ​មក​វិញ​ដូច​ពេល​នេះ ។ រឿង​ដែល​នាង​ខ្ញុំ​គិតពិចារណា​ពេល​ទៅ​ទីនោះ​មាន​ច្រើន​បែប ក្នុង​នោះ​មានការ​ស្លៀកពាក់ គឺ​ត្រូវ​តែ​ទៅ​តាម​បែបបទ​ចម្រៀង​របស់​ខ្មែរ​យើង ។ ដូច​ដឹង​ហើយ​មិន​ថា​ប្រជាជន​ខ្មែរ​យើង​នៅ​ទី​នេះ​ទេ នៅ​អា​មេ​រិ​ក​ក៏​កាន់តែ​ជឿនលឿន​ដោយ​មាន​ប្រព័ន្ធ​ទូរស័ព្ទ ទំនើប​ៗ ប្រសិនបើ​យើង​មិន​ប្រយ័ត្ន​នោះ​ពិតជា​ពេល​សម្តែង​គេ​ថត​បង្ហោះ​ជាក់​ជា​មិន​ខាន ។ ករណី​ដូច​ជា​នាង​ខ្ញុំ​កំពុង​តែ​សម្តែង​លើ​ឆាក​ស្រាប់តែ​មាន​ទស្សនិកជន​មិន​ថា​ស្រី ឬ​ប្រុស ឡើង​មក​សុំ​ថតរូប មាន​ខ្លះ​ឱប​ព្រោះតែ​ចង់​ស្និទ្ធស្នាល ស្រាប់តែ​មាន​អ្នក​ថត​បង្ហោះ នោះ​ក៏​ជា​រឿង​មួយ​ត្រូវ​គិត​ដែរ ។ ប្រសិនបើ​នាង​ខ្ញុំ​មិន​អើពើ​ប្រកាន់ខ្លួន​នោះ គេ​ថា​យើង​ឆ្មើងឆ្មៃ តារា​លេងឫក ។

ម្យ៉ាងទៀត​នាង​ខ្ញុំ​ក៏​មិនមែន​ដូច​មុន​ដែរ ព្រោះ​ជា​ស្ត្រី​ម្នាក់​មាន​ស្វាមី​អាច​ថា​កាន់តែ​មាន​អំពើ​ណាមួយ​ហ្មត់ចត់ គិតដល់​ស្វាមី​ផង​ដែរ បើ​ទោះជា​គាត់​មាន​ទឹកចិត្ត​ទូលាយ​យល់​ពី​សិល្បៈ​ក៏​ដោយ ។

បើ​ទោះជា​ពេល​នេះ​នាង​ខ្ញុំ​ដេក​ភ័យ​ទុក​មុន​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ចិត្ត​ថា​នឹង​ទទួល​បាន​ភាព​ជោគជ័យ ហើយ​សប្បាយចិត្ត​ដែល​បានឃើញ​កិច្ចការ​សិល្បៈ​របស់​នាង​ខ្ញុំ​នៅ​តែ​រីក​ចម្រើន​មាន​បងប្អូន​ទាំង​ក្នុង និង​ក្រៅប្រទេស​ពេញចិត្ត ។ នាង​ខ្ញុំ​នឹង​មិន​ឲ្យ​រូបភាព​ចាស់​កើតឡើង​បិទ​បាំង​អាជីព​ឲ្យ​ខ្មៅ​ដូច​មុន​ទេ ។ អ្វី​ៗ នា​ពេល​នេះ​នាង​ខ្ញុំ​នឹង​ខំ​រក្សា​កេរ្តិ៍ឈ្មោះ​ឲ្យ​បាន​ស្ថិត​ស្ថិរ​យូរ​ទៅ​មុខ​ទៀត ដោយ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។ អ្នកខ្លះ​សួរ​ខ្ញុំ​ថា​ធ្វើ​បែប​ណា​បាន​ល្បី ហើយ​ខ្ញុំ​ថា​អាស្រ័យ​លើ​សមត្ថភាព អត្ត​ចរិត  ការ​ព្យាយាម និង​ទេព​កោសល្យ និង​ការ​គោរព​វិន័យ ។ ជួប​ជាមួយ​តារា​រៀមច្បង​កុំ​ពើងទ្រូង នោះ​អាច​ជា​ការ​ជួយ​ឲ្យ​ល្បី​បាន​» ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]