ភ្នំពេញ៖ លោកយាយម៉ែម៉ឺន ជាវិរៈសិល្បករជើងចាស់ ដ៏ល្បីល្បាញ កាលពីសម័យសង្គមរាស្ត្រនិយម ហើយកេរ្តិ៍ឈ្មោះ របស់លោកយាយ មិនបានសាបសូន្យតាម រូបរាងកាយឡើយ ព្រោះលោកយាយ មានសមត្ថភាព សម្ដែងដ៏អស្ចារ្យ ធ្វើឲ្យក្មេងៗជំនាន់ក្រោយ ចងចាំលោកយាយទុកក្នុងចិត្តថា ជាសិល្បការិនីគំរូ ។ ក្រោយពីលោកយាយ ទទួល មរណភាពទៅ សមត្ថភាពកេរ្តិ៍ឈ្មោះ លោកយាយពុំមានកូនចៅណា ស្នងតំណែងឡើយ ធ្វើឲ្យមហាជនទូទៅ មានការ សោកស្ដាយយ៉ាងខ្លាំង ព្រោះលោកយាយ គួរតែមានសាច់ឈាម បន្តមរតកដ៏អស្ចារ្យនេះ ។
 
កាលពីប៉ុន្មានឆ្នាំមុន ត្រូវបានគេដឹងថា កញ្ញា ប្រាថាត់ ចាន់ដាលីន ដែលត្រូវជាចៅលោកយាយបង្កើត បានប្រឡូក សិល្បៈ ។ តែក្រោយនាងចូលសម្ដែងបានបន្តិច ក៏អួតប្រាប់មហាជនថា នាងជាចៅលោកយាយ ធ្វើឲ្យក្រុមអ្នកដឹកនាំ ហៅនាងទៅថតសម្ដែង ជាដើម។ ប្រាថាត់ ចាន់ដាលីន នេះ ក្រោយមកក៏បាត់សូន្យពីសិល្បៈ ដែលប្រភពជិតដិតនាង បាននិយាយ នាងឈប់លេងសិល្បៈ ព្រោះមានអ្នកផ្គត់ផ្គង់ឲ្យនាង រស់នៅស្រួលដោយមិនចាំបាច់ មកប្រមូលលុយ កាក់ល្អិត ពីសិល្បៈដូចមុនឡើយ ។

ក្រៅពីបាត់មុខពីសិល្បៈ ប្រាថាត់ ចាន់ដាលីន ក៏ល្បីល្បាញរឿងជំពាក់លុយគេជាង ២ម៉ឺន ដុល្លារ ផងដែរ ។ ទើបជា ហេតុផល ធ្វើឲ្យដំណក់ឈាម លោកយាយមួយនេះ លាលែងពីសង្វៀនសិល្បៈ ហើយគេក៏លែងឮឈ្មោះ ប្រាថាត់ ចាន់ដាលីន នេះបន្តទៀតដែរ ។

ក្រោយមកទៀត ក៏លេចតារាសម្ដែងប្រុសម្នាក់ ឈ្មោះ គង់ បញ្ញាសិទ្ធ ដែលបានប្រាប់អ្នកកាសែតក្ដែងៗថា ខ្លួនជាចៅ លោកយាយម៉ែម៉ឺន តែគេសង្កេតឃើញថា ចៅប្រុសលោកយាយម្នាក់នេះ មានសម្រស់មិនសូវទាក់ទាញ ឯការសម្ដែង ក៏មានកំរិត។ ចំណែកឯការច្រៀង ហាក់ស្ទើរស្ទាក់ ហើយបានល្បីល្បាញត្រង់ជាឈ្មោះចៅលោកយាយ ម៉ែម៉ឺនទៅវិញ ។
 
មហាជនដែលធ្លាប់បានទស្សនាស្នាដៃសម្ដែង លោកយាយ និងធ្លាប់តាមដានប្រវត្តិគ្រួសារគាត់ បាននិយាយថា ចៅលោកយាយ ហាក់កំពុងស៊ីកេរ្តិ៍យាយខ្លួន ឲ្យអាស្រូវអស់ ព្រោះខ្លួនមិនមានអ្វីជាដុំកំភួន ហើយយកឈ្មោះ លោកយាយ មកលាយលំឲ្យខូចកិត្តិយសដ៏ល្បីល្បាញ របស់លោកយាយទៀតផង ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]