ខេត្តព្រៃវែង​ ៖ ស្នូរ​គ្រាប់​កាំ​ភ្លើង​ខ្លី​​បាន​លាន់​ឡើង​ចំនួន​២គ្រាប់​​ផ្ទួន​ៗ​គ្នា​នៅ​ក្នុង​​ឱសថ​ស្ថានមួយ​ឈ្មោះ​​«​​​អង្គរ​វត្ត​» ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិលេខ​៣​​​ សង្កាត់​កំពង់​លាវ ​ក្រុង​ព្រៃវែង ​ដែល​ភ្លាម​ៗ​នោះ​​ត្រូវ​បាន​គេដឹង​ថា​ជាអំពើ​ឃាត​កម្ម​ ​បាញ់ប្រហារ​មួយ​ ដែល​មិនធ្លាប់​កើតមាន​កន្លង​មក​ ​។ ​ខ្មាន់​កាំ​ភ្លើង​ដែលបាញ់​ប្រហារ​មិន​ត្រូវ​បាន​​ស្គាល់​មុខ​នោះ​ទេ ​។

​ឧប្ប​ត្តិ​ហេតុ​បាញ់​ប្រហារ​នេះ​បា​ន​កើត​ឡើង​នៅ​វេលាម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ សីហា ​បណ្តាល​ឱ្យ​ស្ត្រី​ឈ្មោះ​លឹម​ ​នាង ​អាយុ​៥៧​ឆ្នាំ ​ជា​ម្ចាស់​​ឱសថ​​ស្ថាន​​ស្លាប់​ក្នុងថ្លុក​ឈាម ​។ ​ឃាត​កម្ម​បាញ់​​សម្លាប់​ស្ត្រី​រងគ្រោះ​​នេះ​ត្រូវ​​បាន​សមត្ថ​កិច្ច​ដាក់​ការសង្ស័យ​​ថាអាច​បណ្តាល​មកពី​រឿង​គំនុំ​ ​ព្រោះ​ឃាត​ករ​មិន​បាន​យក​វត្ថុ​មាន​តម្លៃណាមួយ​ទៅ​ទេ ​ក្រៅ​តែ​ពី​ការ​ពិឃាត​ជីវិត​ស្ត្រី​​រងគ្រោះ​ ​ប៉ុណ្ណោះ​​ ហើយ​​ជាមួយ​នេះ​ក៏​មាន​ការ​សន្និដ្ឋា​ន​ថា​​ជន​ដៃ​ដល់​អាច​ជា​​​ជន​ស៊ី​ឈ្មួល​​សម្លាប់​​មនុស្ស​​ផងដែរ​​ ដែល​ជួល​ដោយ​នរណាម្នាក់​នៅ​ពី​ក្រោយ​ខ្នង ​។

ស្ត្រី​រងគ្រោះ​មាន​ប្តី​ឈ្មោះហាស់ ​ថុល ហៅ​ប៉េ​ អាយុ​៥៩​ឆ្នាំ  ​និងមាន​កូន​៣​នាក់​ ស្រី​ទាំង​អស់​ ។ ​​ក្រៅ​ពី​មុខ​របរ​បើក​ឱសថ​ស្ថាន​​​ ក្រុម​គ្រួសារ​នេះ​ក៏​ជា​ម្ចាស់​សណ្ឋាគារ​អង្គរ​ធំផង​ដែរ ។ ​

តាម​ប្រភពព័ត៌​មាន​ថា​ នៅពេល​កើត​ហេតុ​បុរសជាប្តី​បា​​ន​ស្ថិត​នៅ​ជាន់​ទី​២ ​នៃ​ឱសថ​​ស្ថាន ​ដែល​ជា​ផ្ទះ​ស្នាក់​នៅ​ផងដែរនោះ​​ ​។ ​ថ្វីបើ​​មាន​ការ​ចាត់​ទុក​ថា​ជាការ​បាញ់​ប្រហារ​ដោយ​គំនុំ​ក្តី​ ​ក៏​មិន​ទាន់​មាន​ការសន្និដ្ឋាន​ណាមួយ​ឱ្យ​ច្បាស់នៅ​ឡើយ​​ថា​ តើ​ឃាត​ករ ​ពិតជា​មាន​បំណង​យក​ជីវិត​ប្រពន្ធ​ ឬបែបណា ​។ តាម​ការ​​ធ្វើ​កោសល្យ​​វិច័យ​​លើ​សព​​ស្ត្រី​រង​​​គ្រោះ​​ត្រូវ​បាន​​ប៉ូលិស​​ក្រុង​​ព្រៃ​វែង​​ឱ្យ​ដឹង​ថា ​ស្ត្រី​រង​គ្រោះ​​ត្រូវ​​ខ្មាន់​កាំ​ភ្លើង​​បាញ់​​​ពី​ចម្ងាយ​​១​គ្រាប់​​ចំ​កញ្ចឹង​ក​ពី​ក្រោយ​ធ្លាយ​​​មក​ថ្ងាស​ខាង​មុខ​​​ និង​១​គ្រាប់​ទៀត​​គឺ​បាញ់​​ជិត​ចំ​សៀត​ផ្កា​​ម្ខាង​​ធ្លាយ​ទៅ​​ម្ខាង ។​

តាម​ប្រភព​​ពី​លោក​វរ​សេនីយ៍​​ឯក​ សេង សុភក្តិ​​​ ស្នង​ការ​រង​ និង​ជា​ប្រធាន​​ការិ​​យា​ល័យ​កណ្តាល​​នគរ​បាល​​យុត្តិ​ធម៌​​បាន​​ឱ្យដ​ឹង​​ថា​ មុន​ពេល​កើត​​ហេតុ ​អ្នក​ស្រី​​លឹម នាង​​​​ ជា​ជន​រង​គ្រោះ​​​និង​​ស្ត្រី​​បម្រើ​ក្នុង​ផ្ទះ​​ឈ្មោះ​ម៉េ អាន ​អាយុ​​៥១​ឆ្នាំ ​និង​កូន​ស្រី​ឈ្មោះ​​បាន​ សំអាត ​អាយុ​​១១​ឆ្នាំ ​​កំពុង​អង្គុយ​​​មើល​ទូរ​ទស្សន៍​​ក្នុង​​​ឱសថ​ស្ថាន​​របស់ខ្លួន​ ។ ​ពេល​អ្នក​ទាំង​​​​៣​កំពុង​អង្គុយ​​មើល​ទូរទស្សន៍​​នោះ​ ស្រាប់តែ​​មាន​​បុរស​​ម្នាក់​​មាឌ​ធំ​ ​រាង​ខ្ពស់​ ​ពាក់​​មួក​សុវត្ថិភាព​​ពណ៌​ខៀវឆ្នូត​ស ​​​ពាក់​អាវ​​យឺត​​ធំ ​ស្ព័រ ពណ៌​​ទឹក​ប៊ិ​ច​ ខោ​ខ្មៅ​​ជើង​វែង ​ស្បែក​ជើង​​ឃ្លុប​ខ្មៅ ​បាន​ដើរ​​ចូល​មកក្នុង​​​​ផ្ទះ​លក់​ថ្នាំ​​​ពេទ្យ​នេះ ។ ​តាម​ប្រភពថា ​ពេល​នោះ​​អ្នក​ស្រី​លឹម ​នាង ក៏​​បាន​ដើរ​​​មក​​កាន់​ទូ​ថ្នាំ​​ ព្រោះ​តែ​​យល់​ថា​​បុរស​​រូបនេះ​មក​​រក​ទិញ​​ថ្នាំ​ពេទ្យ​​ តែផ្ទុយ​ទៅ​វិញ​ជន​នេះ​​បាន​ដក​​កាំ​ភ្លើង​​ខ្លី​ពី​ចង្កេះ​​ដោយ​ដៃ​ឆ្វេងអត់​​និយាយ​​អ្វី​មួយ​​ម៉ាត់​​សោះ​​​​​​ រួច​ភ្ជង់​​ចំ​ក្បាល​​អ្នក​ស្រី​លឹម នាង​ ​បាញ់​ពី​ចំហៀង​​មួយ​​​គ្រាប់ ​បណ្តាល​​ឱ្យដួល​ទៅលើ​​កំរាល​​ឥដ្ឋ​​ ហើយ​បាញ់​​មួយ​គ្រាប់​ទៀត​​ចំ​​ក្បាល​​ដែរ បណ្តាល​​ឱ្យ​​​ស្ត្រី​រង​គ្រោះ​​ស្លាប់​ភ្លាម​ក្នុង​ថ្លុក​ឈាម​ ។ បន្ទាប់​​មក​​​ឃាត​ករ​​រូប​នេះ​​ដើរ​ចេញ​ទៅ​​វិញ​ ​ដោយ​​​សៀត​កាំ​ភ្លើង​​​លាក់​​ក្នុង​ចង្កេះ​​​ឡើង​ជិះ​ម៉ូតូ​​ដែល​​បញ្ឈ​រ​​នៅ​ចិញ្ចើម​​​ផ្លូវមុខ​ផ្ទះចេញ​ទៅ​​បាត់​​ស្រមោល​​​ភ្លាម​ដែរ ។ ​

​លោក​ស្នង​ការ​​រង​បាន​បន្ត​​​ថា ​សមត្ថ​កិច្ច​​យើ​ង​បាន​​ចុះ​ទៅ​ដល់​កន្លែង​​កើត​ហេតុ​​​នោះ​​ ជន​ល្មើស​​បាន​​គេច​ខ្លួន​​បាត់​ទៅ​ហើយ​​​ ។​ មានការ​វិ​ភាគ​​ថា ឃាត​ករ​​ដែល​​បាញ់​​សម្លាប់​នេះ​គឺ​មាន​​​ចេត​នា​បាញ់​​ឱ្យ​ស្លាប់​​​ស្ត្រី​​ម្ចាស់​​​ឱសថ​​​ស្ថាន​នេះ​តែ​ម្តង គឺ​បាញ់​​ក្បាល​​១​គ្រាប់​ ​ហើយ​​បាញ់​​ថែម​​១​គ្រាប់​​​ទៀត​ ដោយ​​ភាពមិន​ស្លន់​​ស្លោ​​​ ពេល​ខ្លួន​​​​ផ្ទុះ​អាវុធ​ បង្ក​ឱ្យ​​​​មាន​​ការ​ភ្ញាក់​​ផ្អើល​នោះ ដែល​អាច​​សន្និ​ដ្ឋាន​​ថា​ជា​​មនុស្ស​​ជំនាញ​​ខាង​បាញ់​ ៕​

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]