ភ្នំពេញ៖ អូនរំដួល រំដួលលិចទឹក … ប្រិយមិត្តមួយចំនួន ច្បាស់ជាធ្លាប់លឺ ឬស្គាល់ហើយ អំពីរហ័សនាមរបស់អ្នកជំនាញខាងច្នៃម៉ូតស្លៀកពាក់ប្លែកៗ និងតុបតែងចម្លែកៗ ដែលមើលទៅទាក់ទាញភ្នែក ប្រកបដោយការច្នៃប្រឌិត បូករួមនឹងបែបកំប្លែង គួរឲ្យអស់សំណើចផងនោះ។ បើនិយាយពីស្នាដៃផាត់មុខ របស់ «រំដួលលិចទឹក» វិញ ក៏មិនធម្មតានោះដែរ ព្រោះមានព័ត៌មានលេចលឺថា រូបគាត់ជាអ្នកផាត់មុខអាជីពមួយរូប ឲ្យតារាចម្រៀងល្បីឈ្មោះ កញ្ញា មាស សុខសោភា ផងដែរ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ នៅលើទំព័រហ្វេសប៊ុកមួយ ខ្មែរឡូតបានប្រទះឃើញ នូវការបង្ហោះរូបថតចំនួន ៦សន្លឹក យ៉ាងគួរឲ្យភ្ញាក់ផ្អើលតែម្តង ដែលក្នុងនោះគឺជាអ្នកនាង ស្វែង សុជាតា ជាមួយ រំដួលលិចទឹក ខណ:ដែលយើងក្រឡេកមើលរូបថតទាំងនោះមួយភ្លែត ច្បាស់ជាមិនអាចចំណាំបានទេ ថាពួកគេទាំងពីរនាក់ជានរណា។ ទោះជាយ៉ាងណា យើងអាចមើលឃើញពីស្នាមញញឹម របស់អ្នកទាំងពីរ ពិតជាគួរឲ្យស្រលាញ់ ដោយសូម្បីតែអ្នកគាំទ្រនៅលើហ្វេសប៊ុកមួយចំនួន បានបញ្ចេញមតិសរសើរមិនតិចនោះដែរ ទៅលើស្នាដៃផាត់មុខអាជីពរបស់ រំដូលលិចទឹក និងរូបថត Selfie របស់អ្នកទាំងពីរ។

សំរាប់រំដួលលិចទឹកវិញ រូបគេបានបញ្ចេញនូវអារម្មណ៍ដ៏រំភើប និងមានចិត្តសប្បាយរីករាយ នៅពេលបានផាត់មុខឲ្យអ្នកនាង ស្វែង សុជាតា ដែលជាតារាក្នុងដួងចិត្តរបស់ខ្លួន។ រំដូលលិចទឹកបានសរសេរថា៖ «ថ្ងៃនេះរីករាយណាស់ បានផាត់មុខ និងធ្វើសក់ សំរាប់កំពូលតារាក្នុងដួងចិត្តខ្ញុំ ស្រលាញ់គាត់ខ្លាំងណាស់»។

គួររំលឹកថា អ្នកនាង ស្វែង សុជាតា សព្វថ្ងៃស្នាក់នៅបន្ទប់ជួលតូចមួយ ជិតតំបន់រោងចក្រ ក្រុងតាខ្មៅ ខេត្តកណ្តាល គឺជាតារាសម្តែងមួយរូប ដែលជួបនូវរឿងអភ័ព្វបំផុត ដោយជីវិតបានប្រែប្រួលយ៉ាងខ្លាំង ត្រូវបាត់បង់មនុស្សជុំវិញខ្លួន ពិសេសស្វាមី និងកូន ហើយត្រូវមក ធ្លាក់ខ្លួនឈឺធ្ងន់យ៉ាងលំបាកតោកយ៉ាក បែបនេះថែមទៅទៀត។ ទោះជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ នាងបានបង្ហាញជំហរឹងមាំឡើងវិញបានខ្លះហើយ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ និងលើកទឹកចិត្ត ពីមិត្តសិល្ប:និងសប្បុរសជនមានចិត្តធម៌ មួយចំនួនរួចមក។ នាងបានថ្លែងឲ្យដឹងថា ដរាបណានាងនៅមានជីវិត គឺនៅតែមានក្តីសង្ឃឹម។ នាងនឹងខិតខំប្រឹងប្រែងមិនឲ្យអ្នកគាំទ្រអស់សង្ឃឹមនោះទេ។ នាងក៏បង្ហាញជំហថា នឹងចូលរួមថតខ្សែភាពយន្តថ្មីៗមួយចំនួន នៅពេលដ៏ខ្លីខាងមុខនេះផងដែរ៕

សូមប្រិយមិត្ត ទស្សនាបណ្តុំរូបភាពខាងក្រោម៖






រូបភាពខ្លះៗរបស់រំដួលលិចទឹក៖


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា