ខេត្ត​កំពត ៖ យុវសិស្ស​​២នាក់​ ​បាន​ជិះ​ម៉ូតូ​​​សេ​១២៥ ​ពណ៌​ខ្មៅ​ ១គ្រឿង​ ​​​បោះ​ពួយ​យ៉ាង​លឿន​​​​បុក​​រថយន្ត​​ម៉ាកកាមរី​គូទ​ស្វិត​ ​ពណ៌​ប្រផេះ​ មួយគ្រឿង ​​បណ្តាល​ឱ្យ​​​ដួល​​​​​​​សន្លប់​​ស្តូក​​ កាល​ពី​វេលា​ម៉ោង​​​៧​ព្រឹក​ ​ថ្ងៃទី​៣១ កក្កដា ​​​នៅ​លើ​​ដង​​​​ផ្លូវ​ជាតិ​លេខ​៣១ ​ត្រង់​​ចំណុច​​ភូមិ​ទូក​មាស​ ឃុំ​ទូក​មា​ស​ខាង​លិច ស្រុក​​បន្ទាយ​មាស ។

​លោក​ ​មិន​ ញេប ​ជា​មន្ត្រី​​នគរបាល​​​ទទួល​​បន្ទុក​​ផ្នែក​​​ចរាចរណ៍​​ស្រុក​​​បាន​ឱ្យ​ដឹង​ថា ​​​យុវ​សិស្ស​​​​ពីរនាក់​​​បាន​​ជិះ​ម៉ូតូ​​សេ​​១២៥ ​ពណ៌​ខ្មៅ​ ​​​ស៊េរី​​​​២០០៥​ ​មួយ​គ្រឿង​​ឌុបគ្នា​​តាម​ផ្លូវ​​ជាតិ​​លេខ​​​៣១​ ក្នុង​ទិស​ដៅ​​ពី​ជើង​​ទៅ​ត្បូង​ ​​ឆ្ពោះ​ទៅ​វិទ្យា​ល័យ​​ទូក​មាស​​​ បានបើក​វ៉ា​រថយន្ត​​មួយគ្រឿង​​នៅ​ពីមុខ​​​​ក្នុង​ល្បឿន​លឿន​​​ ហើយ​​​ទៅ​បុក​រថយន្តកាមរីគូទ​ស្វិត​​​មួយ​គ្រឿង​ ដែល​ដឹក​​​​អ្នក​​ជំងឺ​ ​​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​​​ បណ្តាល​ឱ្យ​​យុវ​សិស្ស​​ទាំង​ពីរនាក់​​រង​របួស​​ធ្ងន់​​រហូត​​​សន្លប់​ ។ យុវសិស្ស​​​​​​រងគ្រោះ​​ម្នាក់​ឈ្មោះ ​​ឌិន ​លីហួរ ​អាយុ​​១៨​ឆ្នាំ​ ​នៅ​ភូមិ​​​ទូក​មាស​ ឃុំ​​ទូក​មាស​​ខាង​លិច ​ស្រុក​បន្ទាយ​​មាស​ ​​​​​និង​ម្នាក់​​​ទៀត​​​ឈ្មោះ ​​​ឆេង ​សុភា​រ៉ា ​អាយុ​១៩​ឆ្នាំ  ​នៅ​ភូមិ​​ត្រពាំង​​មន្ត្រី​​​ ឃុំ​សំរោង​​​ក្រោម ​ស្រុក​បន្ទាយ​​​មាស ។

ចំណែក​​​​អ្ន​ក​បើក​រថយន្ត​​​ឈ្មោះ ​​យិន ​ឆាយ៉ា អាយុ​​៣២​ឆ្នាំ​ រស់នៅ​​​ភូមិ​ត្រពាំង​​ធំ​ សង្កាត់​​ក្រាំង​​អំពិល ​ក្រុង​កំពត​ ​​​​​បាន​និយាយថា ​​​​រថយន្ត​​​របស់​គាត់​បាន​​ដឹក​​​អ្នក​ជំងឺ​​ទៅ​​​ព្យា​បាល​​​នៅ​មន្ទីរ​ពេទ្យ​​ខេត្ត​តាកែវ ​តែ​​​នៅ​ពេល​កំពុង​បើក​​ប្រកាន់​​​ស្តាំ​សុខៗស្រាប់​តែ​​​​យុវ​សិស្ស​​២នាក់​​ជិះ​ម៉ូតូ​​​បោះ​ពួយ​វ៉ា​រថយន្ត​មួយ​គ្រឿង​​ហៀរ​ចូល​ចំណែក​ផ្លូវ​​មក​បុក​កាមរី​របស់​គាត់​​​​​ពេញ​ទំហឹង​​ បណ្តាល​​ឱ្យ​​យុវ​សិស្ស​​ទាំង​ពីរនាក់​​​នោះ​​ដួល​បោក​​សន្លប់​​ស្តូក​​​​ ។

លោក​មិន​​​​ ញេប ​​បាន​ប្រាប់​​​​ថា យុវសិស្ស​វិទ្យាល័យ​ទូកមាស​ ពិត​ជា​​​បាន​បើក​ម៉ូតូ​​​ទៅ​បុក​​រថយន្ត​​​គេ​​ប្រាកដ​មែន ​រី​ឯ​លោក កៅ​ ជា ​មន្ត្រី​​​នគរបាល​​​​ចរាចរ​​​ប្រចាំ​ការ​​​បាន​និយាយ​ស្រដៀង​​គ្នា​​នេះ​ដែរ​ថា  ករណី​​នេះ​​អាច​បង្ក​មក​ពី​​កំ​ហុស​​ខាង​យុវសិស្ស​​​​ខាង​លើ​​​នោះ​​​ ព្រោះ​ជិះ​​ម៉ូតូ​​មិន​បាន​​ប្រុង​ប្រយ័ត្ន​​ ​ហៀរ​ចូល​​ចំណែក​​ផ្លូវ​​​ទៅបុក​​​រថយន្ត​​គេ​​ទាំង​កំរោល ។​

ទោះ​​​ជា​​បែបណា​​ ម៉ូតូ​និង​រថយន្ត​​​ត្រូវ​​នគរ​បាល​យក​ទៅ​​រក្សា​ទុក​​នៅ​​​អធិការ​ដ្ឋាន​​នគរបាល​​ស្រុក​​​​​ រង់​ចាំ​​​ដោះ​ស្រាយ​ជាក្រោយ ​រី​ឯ​​​អ្នក​​រង​របួស​​​​ត្រូវ​បាន​​​​​ក្រុម​គ្រួសារ​ដឹក​​យកទៅ​​​​​ព្យា​បាល​នៅ​​​គ្លីនិក​ឯក​ជន​​​​​ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]