ភ្នំពេញ៖ កាលពីព្រឹកថ្ងៃពុធ ទី៩ ខែកញ្ញា ម្សិលមិញនេះ នៅស្ទូឌីយ៉ូផលិតកម្មរ៉ក់ ស្ថិតនៅចាក់អង្រែក្រោម មានរៀបចំពិធី សែនក្រុងពាលី ដើម្បីរៀបចំចាប់ផ្តើម ថតខ្សែភាពយន្តថ្មី រឿង សិស្សប្អូន សំណព្វចិត្ត ឬ My Junior My Crush។

នៅក្នុងពិធីនោះដែរមានវត្តមាន អ្នកនិពន្ធ អ្នកដឹកនាំរឿង តារាសម្តែងល្បីៗ និងក្រុមការងារថត ជាច្រើននាក់ ក្រោមបរិយាកាសសប្បាយ រីករាយក្រៃលែង។ រឿង សិស្សប្អូន សំណព្វចិត្ត គឺជាសាច់រឿងដែលរៀបរាប់ ពីកំណើតស្នេហានៅក្នុង គ្រឹះស្ថានសិក្សា រវាងគូស្នេហ៍មួយគូ ដែលសិស្សប្អូនជាតួប្រុស សំដែងដោយលោក យឹម ណារ៉ា មានចិត្តលួច ស្រលាញ់ទៅលើសិស្សច្បង ដែលជាតួស្រី សំដែងដោយ អ្នកនាង សុខ សោម៉ាវត្តី។


អ្នកនិពន្ធ អ្នកដឹកនាំរឿង តារាសំដែង និងក្រុមការងារថតរឿង សិស្សប្អូន សំណព្វចិត្ត

ក្រោយចប់ពិធីក្រុងពាលី ក្នុងកិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ទាំងលោក យឹម ណារ៉ា និងកញ្ញា សុខ សោម៉ាវត្តី បានបង្ហាញពី ចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា រឿងថ្មីនេះនឹងនាំមក ជូនទស្សនិកជន នូវចំណីអារម្មណ៍ថ្មីប្លែក មិនធ្លាប់មានពីមុនមក ហើយពួកគាត់ទាំងពីរ ដែលសុទ្ធតែជាអតីត Freshie Boy & Girl នឹងខិតខំធ្វើយ៉ាងណា ចាប់ដៃគ្នា​សំដែងឲ្យអស់ ពីសមត្ថភាព ដើម្បីផ្តល់នូវអ្វី ដ៏ថ្មីបំផុត ជូនទស្សនិកជន ដែលនិយម និងគាំទ្រវិស័យសិល្បៈខ្មែរ។

ខ្សែភាពយន្តថ្មី រឿង សិស្សប្អូន សំណព្វ នឹងចាប់ផ្តើមសំដែងនាពេលដែលខ្លីខាងមុខនេះ ដែលរឿងថ្មីនេះ ជាស្នាដៃនិពន្ធរបស់ កញ្ញា ស៊ា រស្មី និងដឹកនាំរឿងដោយ លោក សុខ លក្ខណា។ ក្នុងនោះរួមមានការ សំដែងពីតារាល្បីៗរួមមាន លោក យឹម ណារ៉ា អ្នកនាង សុខ សោម៉ាវត្តី នាយគ្រឿង ឌីជេ BIG នាយ ចឺម នាយចាបចៀន បងស្រីកាតុ លោក ឆេកគី អ្នកនាង ឆៃលី ដាឡែន លោក ព្រំ ម៉ាញ លោក វីតាមីនសេ យាយ យ៉យ ព្រមទាំងតារា កិត្តិយសប្រុសស្រី ជាច្រើនរូបទៀត៕





ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ