កីឡា៖ ប្រិយមិត្តអ្នកស្នេហា វិស័យកីឡាបាល់ទាត់ និងជាអ្នកគាំទ្រ របស់ក្រុមគោព្រៃកម្ពុជា ឬអ្នកចម្បាំងក្រុងអង្គរ ច្បាស់ជាបានដឹងហើយថា នៅម៉ោង ៥ និង ២៥នាទី ល្ងាចនេះ​ ក្រុមជម្រើសជាតិកម្ពុជា របស់យើង នឹងត្រូវធ្វើការប្រកួត ជាមួយក្រុមជម្រើសជាតិជប៉ុន សម្រាប់វគ្គជម្រុះ World Cup តែក្នុងនោះ ក៏មានការបញ្ជាក់ អំពីស្ថានភាព របស់កីឡាករសំខាន់ៗ មួយចំនួន ដែលហាក់ដូចជា មិនសូវជាមានផលល្អ មកខាងកម្ពុជា ប៉ុន្មានឡើយ។

បើយោងទៅតាមការបញ្ជាក់ នៅលើទំព័រហ្វេសប៊ុក របស់កីឡាករ កែវ សុខផេង បានឲ្យដឹងថា សម្រាប់ជំនួបគ្នា រវាង កម្ពុជា និង ជប៉ុន នាល្ងាចនេះ ក្រុមបាល់ទាត់ របស់យើង អាចនឹងត្រូវ ជួបវិបត្តិកីឡាករ ព្រោះតែមាន កីឡាករសំខាន់ៗ មួយចំនួន ត្រូវបានអវត្តមាន និងមិនទាន់ ជាសះស្បើយ ពីរបួស១០០% ដែលក្នុងនោះ ប្រាក់ មុន្នីឧត្តម និង សារី ម៉ាត់ណូរ៉ូទីន ត្រូវអវត្តមាន ព្រោះតែ ឧត្តម មានរបួសត្រង់ក្រលៀន រីឯ រ៉ូទីន កើតមាន ជំងឺគ្រុនឈាម។


រូបថតដែលត្រូវបានបង្ហោះ នៅលើទំព័រហ្វេសប៊ុក របស់កីឡាករ កែវ សុខផេង

លើសពីនេះទៀត កីឡាករសំណព្វ របស់អ្នកគាំទ្រកម្ពុជា ជាច្រើននោះគឺ ចាន់ វឌ្ឍនាកា ក៏មានបញ្ហា របួសជើង ព្រមទាំងកីឡាករ កែវ សុខផេង នេះផ្ទាល់ មានបញ្ហារបួស ត្រង់ចង្កេះ ជាហេតុនាំឲ្យពួកគេ មិនអាចលេងបាន ១០០% ដូចជាការប្រកួត មុនៗនោះឡើយ។ ដូច្នេះហើយ នេះអាចបញ្ជាក់បានថា កម្ពុជា កំពុងតែខ្វះខាត កីឡាករល្អៗ និងតួនាទីសំខាន់ៗ សម្រាប់ជួយក្រុម នៅល្ងាចនេះ។

ទោះជាយ៉ាងណាក៏ដោយ កម្ពុជា នៅមានកីឡាករល្អៗ ជាច្រើនផ្សេងទៀត ហើយពួកគេទាំងនោះ សុទ្ធតែបានប្តេជ្ញា ថានឹងប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ដើម្បីប្រកួតជាមួយ នឹងក្រុមសាមូរ៉ៃជប៉ុន ដែលជាក្រុម ដ៏ខ្លាំងមួយ ប្រចាំតំបន់អាស៊ីនេះ។ ម្យ៉ាងវិញទៀត អ្នកគាំទ្រទាំងអស់ ក៏នឹងសង្ឃឹមថា បានឃើញនូវទម្រង់លេង ដ៏ល្អ របស់ក្រុមជម្រើសជាតិកម្ពុជា ឈុតធំ នាល្ងាចនេះដែរ។


ក្រុមកីឡាករបាល់ទាត់ ជម្រើសជាតិរបស់ កម្ពុជា

គួរបញ្ជាក់ផងដែរថា នាម៉ោង៥ និង២៥នាទី ល្ងាចនេះ ជប៉ុន នឹងបើកទ្វារកីឡដ្ឋាន Saitama Stadium 2002 ទទួលស្វាគមន៍ ក្រុមគោព្រៃកម្ពុជា សម្រាប់ការប្រកួត វគ្គជម្រុះ World Cup នៅប្រទេសរុស្ស៊ី នាឆ្នាំ២០១៨ ដែលក្នុងនោះ ប្រិយមិត្ត អ្នកគាំទ្រ ក៏អាចទស្សនា ការផ្សាយបន្តផ្ទាល់ តាមរយៈកញ្ចក់ទូរទស្សន៍ BTV News ផងដែរ៕


រូបភាពពី ៖ Hot Football News

ប្រភព៖ ហ្វេសប៊ុក

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ វឌ្ឍនាកា