ថៃ៖ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែក នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ដែលបានបង្កឲ្យ មនុស្សបាត់បង់ជីវិត និងរងរបួស ជាច្រើននាក់ ហើយថែមទាំងធ្វើឲ្យ ពិភពលោកភ្ញាក់ផ្អើល រួចមក ពេលនេះក្រុមប៉ូលីស បាននិងកំពុង ប្រឹងប្រែង យ៉ាងសស្រាក់សស្រាំ ដើម្បីតាមប្រមាញ់ និងចាប់ជនបង្ក ខណៈមានការសង្ស័យថា ជនសង្ស័យ បំផ្ទុះគ្រាប់បែក ចំនួន ២នាក់ អាចនឹងកំពុង សំងំលាក់ខ្លួន នៅក្នុងប្រទេសកម្ពុជា។

បើផ្អែកលើការដកស្រង់ ពីប្រភពព័ត៌មាន បាងកកប៉ុស្ត៍ បានឲ្យដឹងថា ពេលនេះកម្លាំងប៉ូលីសថៃ បានស្នើសុំឲ្យ ក្រុមអាជ្ញាធរ របស់ប្រទេសកម្ពុជា ជួយតាមដាន និងចាប់ខ្លួន ជនសង្ស័យ ទាំង២នាក់នោះ បន្ទាប់ពីការិយាល័យ អន្តោប្រវេសន៍ របស់ប្រទេសថៃ បានរកឃើញថា ជនសង្ស័យទាំង២ បានចូលមក ទីប្រជុំជន ក្នុងទីក្រុងប៉ោយប៉ែត តាមច្រកព្រំដែន អារញ្ញ។

យោងតាមប្រភពព័ត៌មាន ដែលបានដកស្រង់សម្តី របស់លោក ប្រាវុធ ថាវនស៊ីរី អ្នកនាំពាក្យ កងកម្លាំងនគរបាលជាតិ របស់ប្រទេសថៃ បាននិយាយថា «បន្ទាប់ពីកងកម្លាំង របស់យើងរុករក ក្នុងផ្ទះល្វែងមួយកន្លែង ដែលស្ថិតនៅឯ ជាយក្រុង ម៉ីនបូរី រួចមក ពួកយើងបានរកឃើញ នូវសារជាតិសម្រាប់ ផលិតគ្រាប់បែក ជាច្រើន រួមទាំងវត្ថុផ្សេងទៀត ដើម្បីធ្វើការបំផ្ទុះគ្រាប់បែក ដូចជានាឡិកាដៃ វិទ្យុ និងប្រដាប់បញ្ជា ជាដើម។ ពួកយើងក៏អាចកំណត់ មុខសញ្ញាជនសង្ស័យសំខាន់ បាន២នាក់ ដែលក្នុងនោះ គឺមានបុរសម្នាក់ និងស្រ្តីម្នាក់»។

លោក ប្រាវុធ បានបន្តទៀតថា «ជាមួយគ្នានេះដែរ ដីកាតាមចាប់ខ្លួន ស្ត្រីជាជនសង្ស័យ ដែលមានឈ្មោះថា Wanna Suansan និងមានឈ្មោះមូស្លីម ហៅថា Misaloh ក៏បានចេញ រួចរាល់ហើយដែរ រីឯរូបភាពរបស់នាង ក៏ត្រូវបានយកចេញ តាមរូបថតអត្តសញ្ញាណប័ណ្ណ ដើម្បីបង្ហាញជាសាធារណៈ អមជាមួយនឹង គំនូរព្រាង របស់បុរសជនសង្ស័យម្នាក់ទៀត»។


រូបភាពរបស់ជនសង្ស័យសំខាន់ ២នាក់ ដែលប៉ូលីសថៃកំពុង តាមចាប់ខ្លួន

តែយ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុននេះ ស្ត្រីដែលអះអាងថា ខ្លួនគឺជានាង Wanna បានទូរស័ព្ទទៅកាន់ សារព័ត៌មាន AFP និងបានបញ្ជាក់ប្រាប់ថា ខ្លួននាងពេលនេះ កំពុងរស់នៅក្នុង ប្រទេសទួរគី ជាមួយប្តីរបស់នាង ដោយបានចាកចេញ ពីប្រទេសថៃ តាំងពី ៣ខែមុនមកម្ល៉េះ។

នាងបាននិយាយថា «ខ្ញុំខានទៅផ្ទះល្វែងមួយនោះ ជិតមួយឆ្នាំហើយ ម្យ៉ាងខ្ញុំក៏បានជួលផ្ទះនោះបន្ត ទៅឲ្យមិត្តភក្តិ ខាងប្តីរបស់ខ្ញុំទៀត។ ខ្ញុំពិតជារន្ធត់ណាស់ ពេលដែលឮដំណឹងបែបនេះ តែយ៉ាងណា ខ្ញុំក៏រីករាយ នឹងសហការណ៍ គ្រប់បែបយ៉ាង ជាមួយនឹង ប៉ូលីសថៃ ជុំវិញករណីមួយនេះ»។

ទោះយ៉ាងណាក៏ដោយ កម្លាំងប៉ូលីស របស់ប្រទេសថៃ ក៏មិនបានបញ្ចេញ ប្រតិកម្មណាមួយ ជុំវិញការបកស្រាយ មួយនេះដែរ ដោយគ្រាន់តែ លើកឡើងថា មានសាក្សីជាច្រើន ធ្លាប់បានរាយការណ៍ ប្រាប់ប៉ូលីសថា ពួកគេបានឃើញ នាង Wanna រួមជាមួយនឹង បុរសម្នាក់ នៅក្នុងផ្ទះល្វែងនោះ ក្នុងចន្លោះពី ថ្ងៃទី១០ ដល់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥នេះ ខណៈការបំផ្ទុះគ្រាប់បែក នៅឯទីសក្ការៈ Erawan បានកើតឡើង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥។ ដូច្នេះការតាមដាន និងរុករក នៅតែបន្ត។

គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ មិនទាន់មានក្រុមណាមួយ អះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ ដោយការបំផ្ទុះគ្រាប់បែក ក្នុងទីក្រុងបាងកក នោះនៅឡើយទេ តែកាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ ប៉ូលីសទើបតែបាន ធ្វើការឃាត់ខ្លួន បុរសជនជាតិទួរគី ម្នាក់ ដែលរូបគេ ត្រូវជាប់សង្ស័យ ថាបានចូលរួម ក្នុងសកម្មភាពមួយនេះ។

ម្យ៉ាងវិញទៀត នៅថ្ងៃច័ន្ទ ម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី របស់ប្រទេសថៃ បានលើកឡើងថា ការវាយប្រហារ បំផ្ទុះគ្រាប់បែក ក្នុងទីក្រុងបាងកកនេះ អាចជាបណ្តាញមួយ ដែលជាប់ពាក់ព័ន្ធ ទៅនឹង ក្រុមជួញដូរមនុស្ស ជាពិសេស គឺអ្នកជួញដូរ ជនជាតិអ៊ីហ្គ័រ (Uighur) តែម្តង៕


ប៉ូលីសថៃ ធ្វើការបង្ហាញមុខ ជនសង្ស័យជាសាធារណៈ

ប្រភព៖ បាងកកខូខូណាត់ | បាងកកប៉ុស្ត៍

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]