ភ្នំពេញ៖ រឿងរ៉ាវពាក់ព័ន្ធ ការផ្ទុះជម្លោះក្តៅគគុក រវាងម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន និង តារាសម្តែងបុរសសង្ហា លោក ប៉ែន ចំរ៉ុង កាន់តែរីករាលដាលធំឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពីឪពុករបស់តារាស្រីវ័យក្មេង កញ្ញា ភិន សុដាលីស បានចេញមុខ ធ្វើជារនាំងឃាត់ឃាំ មិនឲ្យកូនសាងស្នេហ៍ជាមួយ ចំរ៉ុង រួចមក មិនបានប៉ុន្មានផង កូនស្រីបណ្តូលចិត្ត របស់លោក ក៏បានសម្រេចចិត្ត ចុះចោលផ្ទះ ដោយសារតែឪពុកមិនយល់ចិត្ត និងដាក់សម្ពាធមកលើនាង ជាច្រើនទៀត ។ ទន្ទឹមនឹងការបាត់វត្តមានកូនស្រី ពីផ្ទះប្រមាណ៤ថ្ងៃនោះ ឪពុករបស់នាងបានប្រកាសក្តែងៗថា ខ្លួននឹងដាក់ពាក្យប្តឹងហើយមិនលើកលែង ដល់អ្នកជាប់ពាក់ព័ន្ធ ក្នុងរឿងកូនរបស់ខ្លួន បាត់ពីផ្ទះនេះឡើយ ។

ជាការពិតណាស់ សម្រាប់រឿងស្នេហា ដ៏ចម្រូងចម្រាស ដោយគ្រួសារខាងស្រី កញ្ញា ភិន សុដាលីស មិនពេញចិត្តភាគីខាងប្រុស លោក ប៉ែន ចំរ៉ុងនេះ មើលទៅហាក់បីដូច ជាសាច់រឿងសម្តែង ដោយគ្មានអ្នកណាម្នាក់បានដឹងទេថា នៅពីក្រោយខ្នង ស្នាមញញឹម របស់តារាមួយគូនេះ មានរឿងរ៉ាវជាច្រើនកើតឡើង ។ តួយ៉ាងកាលពីប៉ុន្មានថ្ងៃមុននេះ ម្ចាស់ផលិតកម្ម មហាហង្ស លោក អ៊ិន សុភិន បានចេញមុខលាតត្រដាង រឿងរ៉ាវស្នេហា របស់កូនស្រី និងតារាប្រុស លោក ប៉ែន ចំរ៉ុង ប្រាប់ដល់មហាជន និងបានដាក់បម្រាម ហាមកូនមិនឲ្យទាក់ទង ជាមួយ ចំរ៉ុង តទៅទៀតដោយលោកគិតតាម សុភាសិតបុរាណពោលថា «នំមិនធំជាងនាឡិ» ។

តែដឹងអី ក្រោយពីលោកធ្វើសន្និសីទកាសែតរួច មិនទាន់បានប៉ុន្មានថ្ងៃផង កូនស្រីរបស់លោក បានវេចបង្វេចចាកចេញពីផ្ទះទៅ ដោយមិនដឹងទៅណា អស់រយៈ៤ថ្ងៃមកហើយ ។ ទាក់ទងទៅនឹងរឿងនេះដែរ លោក សុភិន បានបង្ហោះឃ្លីបវីដេអូមួយ ប្រកាសក្តែងៗថា លោកនឹងដាក់ពាក្យប្តឹង ហើយអ្នកដែលជាប់ពាក់ព័ន្ធ រឿងកូនលោកបាត់ លោកមិនឲ្យរួចខ្លួនឡើយ ។

ជួបសម្ភាសន៍ជាមួយ គេហទំព័រ LookingTODAY តាមទូរស័ព្ទនារសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥នេះ បងប្រុសរបស់តារាសម្តែង និងជាពិធីករល្បីឈ្មោះ លោក ប៉ែន ចំរ៉ុង បានប្រាប់ឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះគាត់ (អ៊ិន សុភិន) បានប្តឹងប្អូនលោកម្តងហើយ ដោយមានសមត្ថកិច្ច និងអ្នកកាសែតចុះមកដល់ផ្ទះ ចំរ៉ុង ដោយលោកបានសួរថា មានរឿងអី មានពាក្យប្តឹងទេ សមត្ថកិច្ចបែរជាឆ្លើយថា លោក សុភិន ប្តឹងដោយមាត់ទទេ ដោយលោក សុភិន មានការសង្ស័យថា ចំរ៉ុង លាក់បំពួនកូនស្រីគាត់នៅក្នុងផ្ទះ។ តែអ្វីដែលលោក មានការងឿងឆ្ងល់នោះ គឺការចុះមកឆែកឆេរផ្ទះ មិនមានដីកា និងធ្វើតាមនីតិវិធីច្បាប់ ត្រឹមត្រូវនោះទេ តែលោក និងប្អូនប្រុសក៏មិនប្រកាន់ និងធ្វើឲ្យរឿងវែងឆ្ងាយដែរ ព្រោះសង្ឃឹមថា វានឹងបញ្ចប់ ។

លោក ប៉ែន រស់ បងប្រុសរបស់ លោក ចំរ៉ុង បានប្រាប់ឲ្យដឹងថា «ខ្ញុំចង់បញ្ជាក់ថា ខ្ញុំនិងប្អូនប្រុស មិនខ្វល់ មិនប្រកែក មិននិយាយពីរឿង បាត់កូនស្រីរបស់លោក អ៊ិន សុភិន ទេ ព្រោះថា គាត់បានប្រកាសច្បាស់ហើយថា គាត់នឹង ចាត់វិធានការទៅលើអ្នក ពាក់ព័ន្ធរឿងបាត់កូន តែបើយើងមិនពាក់ព័ន្ធ យើងកុំខ្វល់ ឬបរិយាយច្រើន ។ម្យ៉ាងបើយើងនិយាយ បញ្ចេញប្រតិកម្មមានន័យថា យើងជាប់ពាក់ព័ន្ធ..! ត្រូវអត់…? ហើយខ្ញុំក៏មិនខ្វល់ នឹងការដាក់ពាក្យប្តឹងអ្វីដែរ គាត់ប្តឹង ជាសិទ្ធិរបស់គាត់..»។

លោកបានប្រាប់ទៀតថា «ខ្ញុំមិនយល់កូនរបស់គាត់ បាត់ចេញពីផ្ទះ គាត់ជាឪពុកមិនដឹងកូន ទៅណាផង ចុះទម្រាំតែពួកខ្ញុំ ធ្វើម៉េចដឹងទៅ ? ឲ្យពួកខ្ញុំទៅរកនៅទីណា បើកូននោះបាត់ពីផ្ទះខ្ញុំ នោះខ្ញុំទទួលខុសត្រូវ ហើយតួយ៉ាងកាលពីពេលថ្មីៗនេះ កូនស្រីគាត់បានបង្ហោះវីដេអូ និយាយរឿងគ្រប់យ៉ាងអស់ហើយ ចុះហេតុអីគាត់នៅធ្វើបែបនេះ ?ខ្ញុំទទួលស្គាល់ថា គាត់មានសិទ្ធិសង្ស័យ តែខ្ញុំក៏ចង់និយាយថាច្រើនដងហើយ ដែលគាត់ បរិហារកេរ្តិ៍ប្អូនខ្ញុំ ពីម្តងទៅម្តង ពេលខ្លះពួកខ្ញុំក៏ពិបាក នឹងទ្រាំដែរ..! » ។

ជាមួយគ្នានោះ លោក ប៉ែន រស់ ដែលជាបងប្រុសបង្កើតរបស់ លោក ប៉ែន ចំរ៉ុង បាននិយាយទៀតថា នាពេលកន្លងមក លោក សុភិន បានវាយប្រហារ ប្រមាថប្អូនលោក គ្រប់ទិសទី បោះពាក្យទៅតាមវាយប្អូនលោកដល់កន្លែងថត និងពាក្យជាច្រើនទៀត ដែលលោកគិតថា ទស្សនិកជន និងអ្នកសារព័ត៌មាន ប្រាកដជាបានឮហើយ ទាំងអស់នេះលោក និងប្អូនមិនខ្វល់ ឬក៏គិតចង់ តបតដាក់ពាក្យប្តឹងអីទេ តែលោកគិតថា អ្នកច្បាប់នៅក្នុងស្រុកយើង នឹងដឹងហើយថា ទង្វើដែលគាត់ (អ៊ិន សុភិន) ធ្វើនោះ ត្រូវឬយ៉ាងណា ហើយពួកលោក ក៏គ្មានពេលទៅធ្វើការ ប្តឹងអីដែរ ពួកលោកមួយថ្ងៃៗ មានការរវល់រកលុយ រកមួយថ្ងៃរស់មួយថ្ងៃ មិនចង់មានបញ្ហាអ្វីទាំងអស់ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង