រាជធានីភ្នំពេញ ៖ នាង​ស្វែង​ សុជា​តា ដែល​ល្បី​ខាង​​សម្តែង​​ជា​តួ​​កាច​ឆ្នាស​ បាន​បញ្ចេញ​ភាព​កាច​​ឆ្នាស​ពិត​ក្រៅ​ឆាក​ដោយ​ទះ​កំផ្លៀង​តា​រា​សម្តែង​​ ប្រុស​ម្នាក់​ទាំង​កំហឹង ។ ​តើ​ហេតុការណ៍​ដែល​​កើត​ឡើង​​កាល​ពី​ពេលថ្មី​ៗ​នេះ​មក​ពី​ហេតុ​អ្វី ក្នុង​ពិធី​អ្វី ?
​បុរស​ជា​អ្នក​ដឹក​នាំ​រឿង​​មួយ​រូប​ឱ្យ​ដឹង​​ថា រឿង​ហេតុ​កើត​ឡើង​​នៅ​ពេល​នាង​ស្វែង​ សុជា​តា​ និង​តា​រា​ប្រុស​​​នោះ​ចូល​រួម​សម្តែង​​ក្នុង​ខ្សែ​​ភាព​យន្ត​​​រឿង «​សង្សារ​អាប» ​ជា​មួយ​គ្នា​​នៅ​ទី​តាំង​មួយ​នៃ​រាជ​ធានីភ្នំពេញ ។

​ចំណែក​តា​រា​សម្តែង​​ឆ្នើម​ខាង​​កាច​ឆ្នាស​ស្វែង សុជាតា បាន​ទទួល​ស្គាល់​ថា​រឿង​នោះ​ជា​ការ​ពិត ហើយ​ថា​មក​ពី​ការ​និយាយ​មួល​បង្កាច់​​នាង ​​​​​​។ នាង​និយាយ​ថា «​វា​ជា​រឿង​ពិត​​ព្រោះ​តា​រា​រូប​នោះ​នៅ​​ក្មេង​សោះ​ចេះ​អេច​អូច​​​និយាយ​ មួល​បង្កាច់​នាង​ខ្ញុំ ។ រឿង​នេះ​​នាង​ខ្ញុំ​គ្រាន់​តែ​ព្រមាន​ខ្លះ​ៗ​ប៉ុណ្ណោះ​ កុំ​ឱ្យ​ឈ្លើយ​ពេក ​ប្រុស​អី​ចេះ​​ដឹង​រឿង​គេ​ ។ បើ​មិន​រាង​ចាល​ទេ លើ​ក​ក្រោយ​​ប្រហែល​ជា​​១០​កំផ្លៀង​​ក៏​មិន​ដឹង​» ។

​ក្រោយ​ហេតុការណ៍​នោះ​កើត​ឡើង​​នាង​ស្វែង​ សុជា​តា ​បញ្ជាក់​ថា តា​រា​ដែល​រង​នឹង​កម្លាំង​បាត​ដៃ​​នាង​លើ​ផ្ទៃ​មុខ​​នោះ បាន​​ទូរស័ព្ទ​មក​សូម​​ទោស​នាង​ តែ​នាង​មិន​អនុគ្រោះ​ឱ្យ​ទេ​ ព្រោះ​ស្អប់​​គេ​ជា​មនុស្ស​ប្រុស​មាន​ចរិត​និយាយ​​ដើម​គេ​​​ពី​មួយ​ទៅ​មួយ ។ សុជា​តា និយាយ​ថា «​ជន​នោះ​និយាយ​បំផ្លើស​ពី​ខ្ញុំ​​គ្មាន​ព្រំ​ដែន» ។

អ្នក​ដឹក​នាំ​រឿង​​ «​សង្សារ​អាប» ដដែល​​និយាយ​ថា ពេល​ទំនាស់​រវាង​នាងស្វែង​ សុជាតា​ ​និង​តា​រា​ប្រុសដែល​សម្តែង​​ជា​តួ​រាយ​រង​​នោះ​​កើ​តឡើង​​ លោក​មិន​បាន​ឃើញ​ផ្ទាល់​ភ្នែក​ទេ តែ​ឮ​​តា​រា​ប្រុស​នោះ​និយាយ។ តាម​លោក​ដឹង​នាង​ស្វែង សុជាតា​ ទះ​កំផ្លៀង​​តា​រា​​ប្រុស​នោះ​ពីរ-​បី​ដៃ ធ្វើ​ឱ្យ​គេ​រត់​ចោល​ឆាក​ជា​ច្រើន​ម៉ោង​ទើប​ត្រឡប់​ទៅ​ថត​វិញ។

ប្រភព​ដដែល​​បញ្ជាក់​ថា​ តា​រា​ប្រុស​វ័យ​ក្មេង​​នោះ​ មាត់​អេច​អូច​​​ណាស់ តា​រា​រួ​ម​អាជីព​ណា​ក៏​ដឹង​ដែរ ។ ​គេ​មិន​ត្រឹម​តែ​និយាយ​បំផ្លើស​​នាង​ស្វែង​ សុជា​តា ទេ គឺ​ចូល​ចិត្ត​និយាយ​​ដើម​តា​រា​​ជា​ច្រើន​នាក់​ទៀត​ ។នាង​ស្វែង សុជា​តា ​ជោគ​ជ័យ​​ក្នុង​អាជីព តែ​បរា​ជ័យ​​រឿង​ស្នេ​ហា​ ដោយ​បែក​បាក់​ពី​ស្វា​មី​ខណៈ​នាង​មាន​កូន​ពីរ​​នាក់​ទៅ​ហើយ ។ ទំនង​ដោយ​​សារ​រឿង​​នេះ​ហើយ​ទើប​នាង​ចាត់​ទុក​ខ្លួន​ឯង​ជា «តា​រា​អាប់​រស្មី» ដោយ​​នាង​បញ្ចេញ​វា​ចា​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា «ខ្ញុំ​បាន​ចូល​ប្រឡូក​​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈ​ពេល​១២​ឆ្នាំ​ហើយ ។ ​

ថ្វី​ដ្បិត​តែ​ខ្ញុំ​ជា​សិល្ប​ការិនី​ម្នាក់​ដែល​​ ទទួលជោគ​ជ័យ​​ផ្នែក​សម្តែង ​​ព្រោះ​តែ​មាន​ទស្សនិក​ជន​គាំ​ទ្រ​ខ្ញុំ ទើប​ខ្ញុំ​មាន​កម្លាំង​​ចិត្ត​បង្ហាញ​នូវ​ទេព​កោសល្យ​​របស់​ខ្ញុំ​ដោយ​គ្មាន ​​ការ​នឿយ​ហត់ ទោះ​បី​ភ្លៀង​ផ្គរ​ អត់​ងងុយ​ថត​ទល់​ភ្លឺ ឬ​​ក៏​ត្រូវ​ចុះ​ភក់​ ដេក​ផ្ទាល់​ដី​ក៏​ខ្ញុំ​ឥត​ប្រកែក ឬ​ក៏​ខ្ពើម​រអើម​ ព្រោះ​ខ្ញុំ​ពេញ​ចិត្ត​​នឹង​​បម្រើ​ចំពោះ​​វិស័យ​នេះ ជា​ពិសេស​​ទស្សនិកជន​​របស់​ខ្ញុំ ។ ខ្ញុំ​មាន​មោទន​ភាព​​ណាស់​នៅ​​ពេល​ដែល​ខ្ញុំ​​ដើរ​ទៅ​មាន​ប្រជា​ពលរដ្ឋ​​ ស្គាល់​ខ្ញុំ​​ថា​ជា​អ្នក​ណា ។ ​​អ្វី​ដែល​ខ្ញុំ​សប្បាយ​ចិត្ត​​បំផុត​គឺ​មាន​ទស្សនិកជន​សុំ​ថើប​ខ្ញុំ ។ ជីវិត​​ថត​ជា​ខ្សែ​ភាព​យន្ត​របស់​ខ្ញុំ​​បាន​៧៨​​រឿង​មក​ហើយ ប៉ុន្តែ​ការ​សម្តែង​​របស់​ខ្ញុំ​​ទោះ​បី​​ជា​ល្អ​ឥត​ខ្ចោះ​គ្រប់​តួ​អង្គ មិន​ថា​ស្លូត​ កាច ឬ​យ៉ាង​​ណា​ ភាគ​ច្រើន​​អ្នក​ដឹក​នាំតំរូវ​ឱ្យ​ខ្ញុំ​សម្តែង​តែ​តួ​កាច​​ ឬ​ជា​អ្នក​មាន​ ជា​មេ​ឃុំ ជា​មេ​ដឹក​នាំ​ក្រុមហ៊ុន​អ្វី​មួយ ។

ជីវិត​​តួ​អង្គ​ក្នុង​ខ្សែ​ភាព​យន្ត​​វា​ពិត​ជា​ធ្វើ​ ឱ្យ​ខ្ញុំ​មើល​ទៅ​អស្ចារ្យ​មាន​​អ្វីៗ​ទាំង​អស់​​ និង​មនុស្ស​​ម្នាក់​អាត្មា​និយម​គួរ​ឱ្យ​ស្អប់​​ ប៉ុន្តែ​លោក​អ្នក​ដឹង​ទេ​ជីវិត​​តា​រា​មួយ​ដួង​នេះ​ វា​មិន​ដូច​ជា​តា​រា​ដទៃ​​ទៀត​ទេ​ ដែល​រះ​​ភ្លឺ​បង្អួត​រាង​គ្រប់​​ចក្ខុ​មហាជន ។  ខ្ញុំ​គ្រាន់​តែ​​ជា​តា​រា​អាប់​រស្មី» ។នាង​ស្វែង​ សុជា​តា ​ចាប់​អាជីព​ជា​តា​រា​សម្តែង​​តាំង​ពី​ឆ្នាំ​២០០០​មក​ ហើយ​លេច​ធ្លោ​​ដំបូង​ក្នុង​រឿង​ «តេ​ជោ​តំឌិន» ​។ តាំង​ពី​ពេល​នោះ​រហូត​​ដល់​បច្ចុប្បន្ន​ ខ្សែ​ជីវិត​នាង​ផ្សារ​ភ្ជាប់​វិស័យ​សិល្បៈ​ភាព​យន្ត​ជា​និច្ច» ។ការ​បែក​បាក់​ពី​ស្វាមី ធ្វើ​ឱ្យ​បេះ​ដូង​មាន​របួស គេ​និយាយ​មួល​បង្កាច់​ធ្វើ​ឱ្យ​មាន​កំហឹង​ តែបុរស​ម្នាក់​ក្នុង​បេះ​ដូង​​​ពេល​នេះ​ទំនង​ជា​ឱសថ​​ព្យាបាល​​វិបត្តិ​​ ជីវិត​​នាង​ស្វែង សុជាតា ឱ្យ​ជា​សះ​ស្បើយ ៕ 

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]